Monday, September 29, 2014

រដ្ឋាភិបាល​​អូស្ត្រា​លី ជា​អ្នក​​ទទួល​​បន្ទុក​​ឧបត្ថម្ភ​​ចំ​ណាយ​​លើ​ការ​​រស់​​នៅ​ប្រចាំ​​ថ្ងៃ​​របស់​​ជន​​ភៀស​ខ្លួន​​រយៈ​ពេល​​១២ខែ​ និង​​ពិនិត្យ​​សុខភាព​​រយៈ​ពេល​៥ឆ្នាំ

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ ឆ្នាំ​២០១៤នេះ ក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួង​មហាផ្ទៃ​ ​ ឯកឧត្តម​ ឡុង វិសាលោ រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ បាន​បញ្ជាក់​ថា រដ្ឋាភិ​បាល​​អូស្ត្រាលី​ គឺជា​អ្នក​ចំ​ណាយ​លើការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ជន​ភៀសខ្លួន​រយៈពេល​១២ខែ និង​ការ​ពិនិត្យ​សុខភាព​លើជន​ភៀសខ្លួន​មក​ពី​ប្រទេស​អូស្ត្រា​លី​ទាំង​អស់​រយៈពេល​៥ឆ្នាំ​ ហើយ​ថា ជន​ភៀសខ្លួន​ទាំង​នោះ​នឹង​មានអត្តៈសញ្ញាណ​ប័ណ្ណ​គ្រប់​ៗ​គ្នា​ដូចខ្មែរផង​ដែរ។

ឯកឧត្តម​ ឡុង វិសាលោ បាន​ឲ្យ​ដឹង​ថា មុន​នឹង​ទទួល​យក​ជន​ភៀសខ្លួន​ពី​អូស្ត្រា​លី​មក​រស់​នៅ​កម្ពុជា គឺ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​សម្ភាសន៍​ និងផ្តល់​ឋានៈជា​ជន​ភៀសខ្លួន​រួចហើយ ស្រប​តាម​អនុសញ្ញាឆ្នាំ​១៩៥១ ស្តី​ពី​ជន​ភៀសខ្លួន​។ ឯកឧត្តម​ បាន​ឲ្យ​ដឹង​ថា ​ កម្ពុជា​ត្រូវ​តែ​​ពិនិត្យ​សព្វ​គ្រប់​បែ​បយ៉ាង​ទាំង​អស់ និង​ផ្អែក​តាម​​ច្បាប់​ជា​មូល​ដ្ឋាន​​  ។ ក្រៅ​ពី​នេះ គឺ​ត្រូវ​​មាន​ការ​តាម​ដាន​ សិក្សាអំ​ពី​បញ្ហា​សុខភាព  និង​ស្រាវ​ជ្រាវ​ច្បាស់​លាស់​ពី​បញ្ហា​ពាក់​ព័ន្ធ​នានា ជា​ពិសេសមិន​អនុញ្ញាតិនោះ​ទេ បើ​ពាក់ព័ន្ធ​នឹង​ក្រុម​​​ភេរវកម្ម ហើយ​ថា ការ​ទទួល​យក​ជន​ភៀសខ្លួន​ទាំង​នេះ គឺ​ឈរលើ​គោល​ការណ៍​ស្មគ្រ័​ចិត្ត​ និង​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ឡើយ​។

ដូច្នេះ​ ​ជា​ដំ​បូង​ ជន​ភៀស​ខ្លួន​ទាំង​នោះអនុញ្ញាតិ​ឲ្យ​រស់​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ហើយ​ក្រោយ​ពី​ការ​រៀប​ចំ​រួច​​រាល់​ហើយ​ នឹង​បញ្ជូន​ទៅ​រស់​នៅ​ក្រៅ​រាជ​ធានី​ភ្នំ​ពេញ​ ។ ក្នុង​ន័យ​ថា ត្រូវ​មាន​ការ​រៀប​ចំ​ជា​ដំ​ណាក់​កាលៗក្នុង​កម្ម​វិធី​តម្រង់​ទិស​ជា​មុន និង​រស់​នៅ​ជា​បណ្តោះ​អាសន្ន​សិន​​។ ក្រៅ​ពី​នេះ ជន​ភៀស​ខ្លួន​ទាំង​នោះ​ ត្រូវ​បាន​បង្រៀន​ភាសាខ្មែរ ដើម្បី​ងាយ​ស្រួល​ទំ​នាក់​ទំ​នង​គ្នា​ជា​មួយ​ប្រជា​ពល​រដ្ឋខ្មែរ មុន​នឹង​បញ្ជូន​ទៅ​រស់​នៅ​ក្រៅ​រាជ​ធានី​ភ្នំ​ពេញ​។      ការ​រស់​នៅ​ក្នុង​ដំ​ណាក់​កាល​បណ្តោះ​អាសន្ន​ គឺ​ជា​ចំ​ណាយ​​របស់​អូស្ត្រា​លី​ ដូចជា​ការ​បណ្តុះ​បណ្តាល​មុខវិជ្ជា​ជី​វៈ ការ​បង្រៀន​ភាសា ការ​ពិនិត្យ​តាម​ដាន​សុខភាព មុន​នឹង​ទៅ​រស់​នៅ​កន្លែង​អចិន្ត្រៃយ៍។

ឯកឧត្តម ឡុង វិសាលោ បាន​បញ្ជាក់​ថា ការ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជន​ភៀសខ្លួន​ទាំង​នោះ ត្រូវ​តែ​​​គោរព​ច្បាប់​របស់​កម្ពុជា​  ត្រូវ​អនុវត្ត​តាម​អនុសញ្ញា​ស្តី​ពី​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១  អនុក្រិត្យ​លេខ​២២៤ ប៉ុន្តែ ជន​ភៀស​ខ្លួន​ទាំង​នោះ​ មាន​សិទ្ធិមិ​ន​ត្រូវ​គេបណ្តេញ​ចេញ​ឡើយ​ ហើយថាបើ​គេមិន​ចង់​រស់​នៅ​ទី​នេះបន្ត គឺ​អូស្ត្រា​លី ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​ទាំង​នោះ​ ដើម្បី​ទៅ​រស់​នៅ​កន្លែង​ថ្មី​។

ឯកឧត្តម​  ឡុង វិសាលោ បន្ថែម​​ថា កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា‑ អូស្ត្រា​លី (​MOU)ក្នុង​រយៈពេល​៤ឆ្នាំ​នេះ  គឺ​ខាង​កម្ពុជាក៏​គ្មាន​សិទ្ធិ​លុប​ចោល​អនុស្សារណៈនោះ​ទេ​ គឺ​ថា បើ​មាន​បញ្ហា​កើត​ឡើង​ណា​មួយ​ ភាគី​ទាំង​ពីរត្រូវ​ពិភាក្សា​គ្នា​ និង​បន្ត​ធ្វើ​វិសោធនកម្ម​​បន្ថែម​ទៀត មុន​នឹង​ឈាន​ដល់​ការ​​លុប​ចោល​ (MOU)​។

ឯកឧត្តម​ បាន​បន្ថែម​ថា សិទ្ធិ​ទទួល​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា​ មិន​មែន​ជា​រឿង​ថ្មី​របស់​កម្ពុជា​នោះ​ទេ​ កន្លង​មក​ កម្ពុជា​ក៏​ធ្លាប់​បាន​អនុវត្ត​ជា​ហូរ​ហែរ ដូច​ជា​ ក្នុង​រឿង​ ជន​ភៀសខ្លួន​ម៉ុង​តាញ៉ា ជា​ដើម​ ហើយ​ថា សកម្ម​ភាព​នេះ គឺ​ជា​កាយ​វិការ​ប្រកប​ដោយ​​មនុស្ស​ធម៌​ ដែល​ពី​មុន​កម្ពុជា​ក៏​ធ្លាប់​មាន​ការ​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​ និង​ធ្លាប់​ពឹង​ពាក់​ប្រទេស​ដទៃ​ដែរ។

ឯកឧត្តម​ ឡុង វិសាលោ ក៏​បាន​ជម្រាប​អំ​ពី​អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួល​យក​ជន​ភៀសខ្លួននេះ​ផង​ដែរថា នេះ​គឺជា​កាតព្វ​កិច្ច​អន្តរជាតិ​ ដែល​កម្ពុជា​ក៏​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា ស្តី​ពី​ជន​ភៀស​ខ្លួន​ ​ជា​មុខ​មាត់​ និងក៏​​ជា​កិត្យា​នុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ នូវ​កាយ​វិការមនុស្ស​ធម៌​នេះ តាម​រយៈការ​បង្ហាញ​នូវ​លទ្ធ​ភាព​របស់​កម្ពុជាក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន អូស្ត្រា​លី​ មក​រស់​នៅ​កម្ពុជា​នេះ​។ ឯកឧត្តម រដ្ឋលេខាធិការ បាន​បន្ថែម​ថា ជន​ភៀសខ្លួន​អូស្ត្រាលី​ នឹង​ចាប់​ផ្តើម​បញ្ជូន​មក​ប្រទេស​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០១៤នេះ ហើយ​បើ​យូរអាច​នឹង​ពន្យាពេល​ដល់​ដើម​ឆ្នាំ​២០១៥ ប៉ុន្តែ​ ការ​បញ្ជូន​មក​លើក​ដំ​បូង​ នឹង​មាន​ចំ​នួន​តែក្រោម​១០​នាក់​ប៉ុណ្ណោះ​។​


ជា​មួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​បញ្ជាក់​អំពី​ការ​ដែល​កម្ពុជា​ទទួល​ថវិកា ពី​អូស្ត្រា​លី នោះ គឺ​ថវិកាទាំង​អស់​នោះ​ ជា​ផ្នែក​មួយ​សម្រាប់​ទ្រទ្រង់​ជំ​នួយ​អភិវឌ្ឍ​ន៍​កម្ពុជា​តែប៉ុណ្ណោះ​ គឺ​មិន​មែន​យក​មក​ជួយ​ដល់​ជន​ភៀស​ខ្លួន​ ឬ​ក៏​ទៅ​ធ្វើ​អ្វី​ក្រៅ​ពី​គម្រោង​អភិវឌ្ឍ​ន៍​នោះ​ឡើយ​។