Wednesday, August 29, 2012

លោក​ស៊ូ​ភិរិន្ទ​ចុះ​ត្រួតពិនិត្យ​ការ​បោះ​បង្គោល​ព្រំដី​រវាង​ប្រជាជន​និង​ក្រុមហ៊ុន​ខេន​លីមិតធីត​នៅ​ស្រុក​ជីក្រែង​និង​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​

សៀមរាប ​៖ ​នៅរសៀល​ថ្ងៃ​ទី​២៨​ខែ​សីហា​ឆ្នាំ​២០១២​លោក​ស៊ូ​ភិរិន្ទ​អភិបាល​ខេត្ត​សៀមរាប​អម​ដំណើរ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម​សុរិយោ​ដី​និង​សំណង់​ខេត្ត​រួម​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ​ក្រុម​ទី​១៣៦​ផង​នោះ​បាន​ចុះ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំ​ដី​រវាង​ប្រជាជន​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ជីក្រែង​និង​ស្រុក​ស្វាយ​លើ​ជាមួយ​ក្រុមហ៊ុន​ខេន​លីមិត​ធី​ត​។
ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ក្នុងភូមិ​គោកធ្លក​លើ​ភូមិ​ពង្រ​លើ​និង​ភូមិ​ខ្វាវ​ស្រុក​ជីក្រែង​និង​ភូមិ​បេង​មាលា​ស្ថិត​ក្នុង​ស្រុក​ស្វាយ​លើ​បាន​ស្ថិត​ក្នុង​ភាព​មិនច្បាស់លាស់​រវាង​ព្រំដី​ជាមួយនឹង​ក្រុមហ៊ុន​ខេន​លី​មិ​ត​ធីត​។ ​ក្រោយពី​ទទួលបាន​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១២​ពី​ប្រមុខ​រាជរដ្ឋាភិបាល​មក​ក្រុម​ជំនាញ​បច្ចេកទេស​វាស់វែង​ដីធ្លី​ដោយ​បាន​ការចូល​រួម​សហការ​យ៉ាងសកម្ម​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ក្រោម​ការដឹកនាំ​បញ្ជា​ពី​លោក​ស៊ូ​ភិរិន្ទ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ក្រុមការងារ​បាន​ចុះ​អនុវត្ត​ជាប្រចាំ​ដោយ​ចាប់ផ្តើម​ពី​ការកំណត់​ព្រំ​និង​បោះបង្គោល​តាម​ភូមិសាស្ត្រ​ដែល​ជួប​ផលប៉ះពាល់​ជាមួយ​ដី​ក្រុមហ៊ុន​និង​ដី​ប្រជាពលរដ្ឋ​។​ នៅ​ថ្ង​ទី​២៨​ខែសីហា​ឆ្នាំ​២០១២​ក្រុមការងារ​ចុះ​បោះបង្គោល​និង​កំណត់​ព្រំ​បាន​៣១​ចំណុច​។​យោង​តាម​កំណត់ហេតុ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១២​របស់​ក្រុមការងារ​ចុះ​វាស់វែង​បែងចែក​ដី​ជួប​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ដែលមានលោក ​ម៉ៅ​វុ​ឌ្ឍី​ជា​ប្រធាន​ក្រុមការងារ​បា​នឲ្យដឹងថា​៖​ក្រុមហ៊ុន​ខេន​លី​មិ​ត​ធី​ត​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ទំហំ​ដី​៤៥៣៥​ហិកតា​ពី​រាជរដ្ឋាភិបាល​ក្រោយពី​កាត់ចេញ​ផ្ទៃដី​៥១៥​ហិកតា​ក្រុមហ៊ុន​នៅសល់​ដី​ជាក់​ស្តែង​៤០២០​ហិកតា​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ឈូសឆាយ​ដាំ​កៅស៊ូ​ក្នុង​ទំហំ​ផ្ទៃដី​២០០០​ហិកតា​ស្មើនឹង​៥០​ភាគរយ​នៃ​ផ្ទៃដី​។ ​ក្រុមហ៊ុន​បាន​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​២៧០​គ្រួសារ​។​ ចំពោះ​ផ្ទៃដី​ប្រជាពលរដ្ឋ​៩​គ្រួសារ​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​និង​ដាំ​កៅស៊ូ​ក្រុមហ៊ុន​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ​ចំណែក​៣១​គ្រួសារ​ទៀត​ក្រុមហ៊ុន​មិនទាន់បាន​ឈូសឆាយ​និង​ដាំ​កៅស៊ូ​ទេ​ដោយ​រក្សា​ទុកឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើនផល​និង​រង់ចាំ​ក្រុមការងារ​ចុះបញ្ជី​ដីកាត់​ឆ្វៀល​តាម​ការ​កាន់កាប់​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ​។​ នេះ​ជា​សេចក្តីរាយការណ៍​របស់​តំណាង​ក្រុមហ៊ុន​ជូន​ក្រុមការងារ​។​ ក្នុង​កំណត់ហេតុ​បាន​ឲ្យ​ដឹងទៀតថា​៖​ក្រុមការងារ​បាន​ឯកភាព​កំណត់​លើ​គោលការណ៍​ដូច​ខាងក្រោមៈ​១.​ក្រុមហ៊ុន​ត្រូវ​បោះបង្គោល​ព្រំដី​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​និង​ដាំ​កៅស៊ូ​រួច​,២.​ផ្ទៃដី​ដែល​នៅសល់​២០០០​ហិក​តា​ទៀត​ដែល​ក្រុមហ៊ុន​ពុំទាន់​បាន​ឈូសឆាយ​ក្រុមហ៊ុន​ត្រូវគោរព​តាម​គោលការណ៍​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ហើយ​នៅសល់​ប៉ុន្មាន​ក្រុមហ៊ុន​ត្រូវ​ទទួល​យកតាម​ការជាក់ស្តែង​,៣.​ក្នុងករណី​មាន​ប្រជាពលរដ្ឋ​កាន់កាប់​ជាក់ស្តែង​ក្នុង​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ឈូសឆាយ​និង​ដាំ​កៅស៊ូ​រួច​ក្រុមហ៊ុន​ត្រូវ​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​,៤.​ក្រុមការងារ​បច្ចេកទេស​និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ស្រុក​ទាំងពីរ​ត្រូវ​ចុះ​ពិនិត្យ​ការបោះបង្គោល​ព្រំដី​និង​កំណត់​និយាម​កា​។​ ខណៈដែល​លោក​ស៊ុ​ភិរិន្ទ​ចុះទៅ​ដល់​គោលដៅ​នោះ​ប្រជាពលរដ្ឋ​បាន​សំដែង​នូវ​ភាព​រីករាយ​ត្រេកអរ​ចំពោះ​ការបោះបង្គោល​កំណត់​ព្រំដី​នេះ​។​ លោកបាន​មានប្រសាសន៍​ជំរាបជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា​៖​ការ​បោះបង្គោល​ព្រំដី​រវាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​បាន​ព្រមព្រៀង​និង​សហការ​គ្នា​បានល្អ​។​ ការបោះបង្គោល​ព្រំ​គឺ​ធ្វើ​ទៅតាម​ព្រំ​ចាស់​របស់​បងប្អូន​តាម​ភូមិសាស្ត្រ​ដីស្រែ​ដែល​មាន​ស្រាប់​ជាក់ស្តែង​តែ​នេះ​ជាការ​កំណត់​ព្រំ​សិន​មិនទាន់​ត្រូវ​តាម​និយាម​កា​រដ្ឋបាល​សុរិយោដី​ទេ​រង់ចាំ​ក្រុម​ជំនាញ​បច្ចេកទេស​វាស់វែង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ទំហំ​ជាក់លាក់​ដោយ​ត្រូវ​កំណត់ឲ្យ​បាន​ច្បាស់​ព្រំដី​ក្នុងភូមិ​សាស្ត្រ​និ​មួយៗ​។​ឯ​.​ឧ​បាន​ជម្រាប​ដល់​ប្រជាពលរដ្ឋ​ក៍​ដូចជា​ក្រុមការងារ​ពាក់​ព​ន្ឋ័​ក្នុងការ​អនុវត្ត​ភារកិច្ច​នៅ​ទីនោះ​ថា​៖​យើងទាំងអស់គ្នា​ឈរ​ខាង​ប្រជាពលរដ្ឋ​ធ្វើ​កិច្ចការ​នេះ​ដើម្បី​ប្រជាពលរដ្ឋ​មិន​បំរើ​ផលប្រយោជន៍​អោយ​បុគ្គល​ណា​ឫ​ក្រុមហ៊ុន​ណា​ទេ​បើ​ក្រុមហ៊ុន​ណា​ឫ​បុគ្គល​ណា​ធ្វើ​ការរំខាន​រារាំង​ដល់​ក្រុមការងារ​និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​ក៏​ដូចជា​មក​រំខាន​ការងារ​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​លើដី​ដែល​បានកំណត់​បោះបង្គោល​ព្រំ​ហើយនឹង​ត្រូវ​ដកចេញ​បងប្អូន​អាចធ្វើ​ស្រែ​អាស្រ័យ​ផល​លើដី​របស់​បាន​ដោយ​មិន​ភ័យខ្លាច​នរណ​ឫ​ក្រុម​ណា​មករា​រាំង​ហាមឃាត់​ទៀត​ទេ​។​
​ ​នៅតាម​ផ្លូវ​ចូល​ទៅ​កាន់​ក្រុមហ៊ុន​ខេន​លី​មិ​ត​ធីត​គេ​ឃើញ​មាន​ដាក់​កុងត្រូល​ត្រួតពិនិត្យ​ប្រមាណ​ជា​បី​កន្លែង​ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មានការ​ថ្នាំងថ្នាក់​ផង​ដែរ​។​តាម​ប្រភព​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យដឹងថា​កន្លង​អ្នក​ចាំ​កុងត្រូល​តែងតែ​យកលុយ​ពី​ពួកគាត់​៥០០០​រៀល​ឫ​លើសពីនេះ​ពេល​ពួកគាត់​ដឹក​កសិផល​ចេញ​ម្តងៗ​។​តែ​ទោះជា​យ៉ាងណា​ត្រូវបាន​លោក​អភិបាលខេត្ត​បញ្ជាឲ្យ​រើ​ចោល​ចេញ​ជាបន្ទាន់​ផងដែរ​ខណៈដែល​ឯ​.​ឧ​ចុះ​ត្រួតពិនិត្យ​ការបោះបង្គោល​នាពេលនេះ៕
គឿន​វេត​