Wednesday, August 29, 2012

កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី​ចុះ​កិច្ចព្រមព្រៀង​នាំ​ចេញ​អង្ករ​​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

ដោយ​ ៖ សាគុណ
​ខេត្តសៀមរាប​ ៖ ក្នុង​អំឡុង​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៤៤​ នៅ​ក្រុង​សៀមរាប​ កម្ពុជា​និង​ឥណ្ឌូ​នេ​ស៊ី​បាន​ព្រមព្រៀង​គ្នា​ចុះហត្ថលេខា​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ជា​លើក​ដំបូង​ ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ច​ហត្ថលេខា​ដោយ​លោក​ទេស​ រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  និង​លោក​ Gita​ Irawan​ Wirijawan​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូ​នេ​ស៊ី​ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​ក្រុង​សៀមរាប​ ។​
​ក្នុង​ឱកាស​ចុះហត្ថលេខា​នោះ​ លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បាន​ថ្លែង​ថា​ ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នេះ​ គឺ​ក្រុមហ៊ុន​ Green​ Trade​ ជា​ក្រុមហ៊ុន​របស់​រដ្ឋ​កម្ពុជា​ ជា​អ្នក​ផ្គត់ផ្គង់​អង្ករ​ដល់​ក្រុមហ៊ុន​ DULOG​ ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​តាម​កិច្ច​ព្រម​ ព្រៀង​ដែល​ចុះហត្ថលេខា​នា​ពេល​នេះ​ ។​ លោក​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​ ១​ហើយ​ដែល​កម្ពុជា​ បាន​ព្រមព្រៀង​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​បរិមាណ​ ១​សែន​តោន​ក្នុង​១​ឆ្នាំ​ ហើយ​ប្រសិនបើ​ដំណើរការ​ទៅ​ដោយ​រលូន​ យើង​នឹង​អាច​នាំ​ចេញ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត​ ។​
​លោក​រដ្ឋមន្ត្រី​ Gita​ Irawan​ Wirijawan​ បាន​ថ្លែង​ថា​ កិច្ចព្រមព្រៀង​នេះ​ នឹង​ជម្រុញ​ទំ​ នាក់​ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ ឥណ្ឌូ​នេ​ស៊ី​-​កម្ពុជា​ ។​ លោក​រដ្ឋ​ មន្ត្រី​ថ្លែង​បន្ត​ថា​ ជា​ការ​ពិត​ណាស់​ នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ប្រទេស​ទាំង​ពីរ​ ខ្ញុំ​គិត​ថា​ កិច្ចព្រមព្រៀង​នេះ​ គឺជា​ការ​ចាប់ផ្តើម​ដំបូង​ ហើយនឹង​មាន​ជា​បន្តបន្ទាប់​ទៀត​ទៅ​ថ្ងៃ​អនាគត​ លោក​សង្ឃឹមថា​យើង​នឹង​ពង្រឹង​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ៕​