Wednesday, August 29, 2012

លោក​សុរិន្ទ​ ពិត​សូ​វណ្ណ​ ៖​ សមាហរណកម្ម​អាស៊ាន​ពិតជា​ត្រូវការ​សហគ្រាស​ធុន​តូច​និង​មធ្យម

ដោយ​ ៖ សាគុណ
​ខេត្តសៀមរាប ​៖ លោក​ សុរិន្ទ​ ពិត​សូ​វណ្ណ​ អគ្គលេខាធិការ​អាស៊ាន​បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​ថា​ ដើម្បី​ធ្វើ​សមាហរណកម្ម​អាស៊ាន​ ពិតជា​ត្រូវការ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ធ្វើ​ស្ពាន​ចម្លង​សម្រាប់​ការ​វិនិយោគ​ជាមួយ​គ្នា​ យើង​បានដឹង​ហើយ​ថា​ក្នុង​ចំណោម​ពាណិជ្ជកម្ម​ អាស៊ាន​ទាំង​១០​ មាន​តែ​២៥%​ នៃ​ពាណិជ្ជកម្ម​សរុប​ប៉ុណ្ណោះ​ ។​ ដូច្នេះ​សហគ្រាស​ធន​តូច​ និង​មធ្យម​ពិតជា​អាច​បង្កើន​នូវ​តម្លៃបន្ថែម​ទៀត​ ។​ យើង​គួរ​ជ្រើសរើស​ទីកន្លែង​ណា​ ហើយ​អ្នក​ណាខ្លះ​អាច​ចូលរួម​ ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ពី​សហគមន៍​ សេដ្ឋកិច្ច​អាស៊ាន​ ដែល​ជា​បញ្ហា​ដ៏​សំខាន់​ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ ។​
​លោក​ សុរិន្ទ​ ពិត​សូ​វណ្ណ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ នៅ​ក្រោយ​កិច្ចប្រជុំ​ ពេញអង្គ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី​៤៤​ ដែល​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ជាង​ ៣​ម៉ោង​ កាលពី​ ព្រឹក​ថ្ងៃ​ទី​២៨​ សីហា​ ឆ្នាំ​២០១២​ នៅ​សណ្ឋាគារ​អ​ប្សា​រា​អង្គរ​រី​ស្សត​ ក្រុង​សៀមរាប​ ក្រោម​ ការ​ដឹកនាំ​លោក​ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​ជា​ប្រធាន​កិច្ច​ប្រ​ជុំ​នេះ​ ។​
​លោក​អគ្គលេខាធិការ​មាន​ប្រសាសន៍​ថា​ ពិតប្រាកដ​ណាស់​ វា​មាន​បញ្ហា​ជា​ច្រើន​ ដែល​យើង​ត្រូវ​ទាមទារ​យល់​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​តួនាទី​របស់​អាស៊ាន​ និង​បរិយាកាស​ជា​ សកល​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ បទ​ពិសោធន៍​នៅ​ក្នុង​តំបន់​ យើង​មានការ​លំបាក​ជា​ច្រើន​ និង​ឧបសគ្គ​ខ្លះៗ​ ជាមួយ​សហរដ្ឋអាមេរិក​ ដែល​យើង​ត្រូវ​បង្កើន​សមត្ថភាព​ខ្លួន​យើង​ក្នុង​ នាម​ជា​អាស៊ាន​ និង​ភ្ជាប់​ទៅ​ដល់​សាធារណជន​ទាំងអស់​ ហើយ​យើង​ជឿជាក់​ថា​ តាម​រយៈ​ ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ ជា​ពិសេស​ជាមួយ​និង​ដៃគូ​សន្ទនា​ ដែល​ជា​គំនិត​មួយ​យ៉ាង​ សំខាន់​សម្រាប់​ដាក់​ជា​ប្រធានបទ​ក្នុង​តំបន់​ ។​ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ថ្មីៗ​នេះ​យើង​នឹង​ អាច​កាត់​បន្ថយ​នូវ​បញ្ហា​ផ្សេងៗ​ ដោយ​មានការ​សហការ​ជាមួយ​ដៃគូ​សន្ទនា​របស់​យើង​ ពិសេស​ជាមួយ​ជប៉ុន​ និង​ឥណ្ឌា​ នៅ​ក្នុង​សេវាកម្ម​វិនិយោគ​ ។​ យើង​ពេញចិត្ត​នឹង​ធ្វើការ​ ចរចារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ ដូចនេះ​ពួក​យើង​ពិតជា​អាច​ធ្វើ​ដំណើរ​ ទៅ​រក​ជោគជ័យ​ក្នុង​តំបន់​ ដែល​ជា​ទស្សន​ផ្ទាល់ខ្លួន​របស់​យើង​នៅ​ក្នុងឆ្នាំនេះ​ ជាមួយនឹង​ អ្វីៗ​ដែល​គ្មាន​មន្ទិល​ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ ។​ យើង​និង​ខិតខំ​បញ្ចប់​នូវ​បញ្ហា​ ដែល​នៅ​សេសសល់​ពិសេស​ជាមួយ​ដៃគូ​សន្ទនា​របស់​យើង​ គឺ​ជប៉ុន​ និង​ឥណ្ឌា​ ។​ យើង​ក៏​ ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ពី​ទ្រព្យសម្បត្តិ​ជាតិ​ បញ្ហា​បរិស្ថាន​ និង​អាកាសធាតុ​ ដែល​ពួក​យើង​ត្រូវ​ថែរក្សា​ ការពារ​ និង​ការ​ផ្លាស់​ប្តូរ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ ពីព្រោះ​ថា​វា​មានការ​ ហិន​ហោចទៅៗ​ ហើយ​បញ្ហា​ទាំង​អស់នេះ​ ត្រូវ​បាន​ដាក់​ជា​ទ្រព្យសម្បត្តិ​ជាតិ​ទាំងមូល​ ។​ ថ្មីៗ​នេះ​ផង​ដែរ​ យើង​ក៏​បាន​ធ្វើការ​ប្រកួតប្រជែង​ក្ឋុ​ង​តំបន់​ ដើម្បី​បង្កើន​ ក៏​ដូច​ជា​លើកទឹកចិត្ត​ ដល់​កិច្ច​ពិភាក្សា​ជាមួយ​និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ ដែល​ជា​ការ​សំខាន់​ផង​ដែរ​ នោះ​ ។​ យើង​ក៏​បាន​ធ្វើការ​ជាមួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដោយ​ពិភាក្សា​ជាមួយ​ក្រុម​ ប្រឹក្សា​ ចំនួន​៣​ ព្រោះ​សហគ្រាស​ធន​តូច​ និង​មធ្យម​ បាន​ផ្តល់​៩៩%​ នៃ​សកម្មភាព​សេដ្ឋ​ កិច្ច​របស់​យើង​ ។​ វា​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ ដែល​រួម​បញ្ចូល​ជាមួយ​ផលិតផល​ក្នុងស្រុក​សរុប​ ដោយសារ​តែ​២០%​ យើង​បាន​ពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ។​
​ពិត​ណាស់​អ្វី​ដែល​សំខាន់​ គឺ​យើង​ត្រូវការ​ជំនួយ​បន្ថែម​ទៀត​ ខ្ញុំ​គិត​ថា​យើង​នៅ​ខ្សោយ​នៅឡើយ​ យើង​សម្រេច​បាន​តែ​៧២%​ ទៅ​៧៣%​ នៃ​ឯកសារ​សំខាន់ៗ​ដែល​យើង​ បាន​បញ្ជាក់​ច្បាស់​ ដើម្បី​ក្លាយជា​សហ​គម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥​ យើង​នៅ​ខ្វះ​២៧%​ ទៅ​២៨%​ ទៀត​ ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​។​ ហើយ​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​ មើល​ខ្លួនឯង​ឲ្យ​ច្បាស់​ និង​ត្រូវ​សម្របសម្រួល​ក្នុង​ចំណោម​ប្រទេស​នីមួយៗ​ត្រូវ​យល់​ពី​គ្នា​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​អ្វី​ដែល​យើង​ព្រមព្រៀង​គ្នា​ ដើម្បី​ឲ្យ​ការ​អនុវត្ត​ឲ្យ​មាន​ភាព​ស្មើគ្នា​ នេះ​ ហើយ​គឺ​បញ្ហា​ប្រឈម​របស់​ពួក​យើង​ ដែល​វា​ទាមទារ​ឲ្យ​យើង​ត្រូវការ​ធ្វើ​សមាហរណកម្ម​អា​ស៊ា​ន​ ៕​