Wednesday, August 29, 2012

គ.ជ.ប អំពាវ​នាវ​អោយ​ប្រជា​ពល​រដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

            កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(គជប)​បាន​អំពាវ​នាវ​អោយ​ប្រជាពល​ រដ្ឋ​ទាំង​អស់​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ ត្រូវ​នាំ​គ្នា​ទៅ​ពិនិត្យ​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​នឹង​ត្រូវ​ចាប់​​ផ្តើម​នៅ​ថ្ងៃ​ទី​០១​ខែ​កញ្ញា ​ឆ្នាំ​២០១២​ខាង​មុខ​នេះ​។      ឯក​ឧត្តម​ទេព ​នីថា​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គជប)បាន​ អំពាវ​នាវ​អោយ​ប្រជាពល​រដ្ឋ​ទាំង​អស់ ​ជា​ពិសេស​យុវជន​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ត្រូវ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​ ឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា។​ សម្រាប់​អ្នក​បាន​ចុះ​ឈ្មោះ​ហើយ ត្រូវ​នាំ​គ្នា​ទៅ​ពិនិត្យ​បញ្ជី​រឈ្មោះ ​ដែល​នឹង​ត្រូវ​បិទ​នៅ​តាម​ឃុំ-សង្កាត់ ​ដែល​បាន​ចុះ​ឈ្មោះ​កន្លង​មក​។

 
សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ​ហ៊ុន ​សែន​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ ល័យ​​បៀល​ប្រាយ ​កាល​ពី​ព្រឹក​ថ្ងៃទី១​៥ខែ​សីហា ​ឆ្នាំ​២០១២ ​​បាន​អំពាវ​នាវអោយ​ប្រជាពល​រដ្ឋ​ទាំង​អស់ ​ជា​ពិសេស​យុវ​ជន​ ត្រូវ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់​ៗ​គ្នា ​ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជា​ប្រជាពល​រដ្ឋ​ខ្មែរ​។

ការ​ បោះ​ឆ្នោត​សកល​ខាង​មុខ​នេះ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង​២០​លាន​ដុល្លារ​អាមេរិក សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

គួរ​បញ្ជាក់​ថា ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិ​កាល​ទី​៥ ឆ្នាំ​២០១៣ នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ ចំណែក​ចំនួន​អាសនៈ​រដ្ឋសភា ត្រូវ​បាន​រដ្ឋាភិបាល​ស​ម្រេច​រក្សា​ទុក​ចំនួន ១២៣ រូប ដូចអាណត្តិទី៣ និងទី៤ ដដែល​​៕