Wednesday, August 29, 2012

តុលាការខេត្ត​កណ្ដាល កោះហៅ លោក រ៉ុង ឈុន សាកសួរ​រឿង​កូដកម្ម​

ភ្នំពេញ: លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល ចេញ​ដីកាកោះ ដើម្បី​សាកសួរ ពីបទញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុសច្បាប់ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ដែល​ប្ដឹង​ដោយ​ដោយ​អគ្គនាយក នៃ​សហគ្រាស តៃយ៉ាង​។​

​ដីកា​កោះ ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២ ឲ្យដឹងថា លោក ទេព មុនិ​ន្ទ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល អញ្ជើញ​លោក រ៉ុង ឈុន ឲ្យចូល​ទៅកាន់​អយ្យការ​អមសាលា​ដំបូង​ខេត្តក​ណ្ដា​ល នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៩​ព្រឹក ដើម្បី​សាកសួរពី​ដំណើរ​រឿង ដែល​ឈ្មោះ JACK LIU អគ្គនាយក នៃ​សហគ្រាស តៃ យ៉ាង ប្ដឹង​លោក​ពី​បទញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុសច្បាប់ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​។​

​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១២ កម្មករ​រោងចក្រ​កាត់ដេរ តៃយ៉ាង ដែល​បាន​ប្តូរ​ឈ្មោះ​មកពី​រោងចក្រ​កាត់ដេរ តៃ​យៀ​នទី​១ តៃ​យៀ​នទី​២ និង​រោងចក្រ ខាំ​វែល រាប់រយ​នាក់ បាន​ផ្ទុះ​កូដកម្ម​តវ៉ា ទាមទារ​នូវ​ប្រាក់​អត្ថប្រយោជន៍​ការងារចំនួន ៥ ចំណុច ដែល​រួមមាន​៖ ប្រាក់​អត្ថប្រយោជន៍​ការងារជាដើម​។ 

​កូដកម្ម​របស់​កម្មក​រ​រោងចក្រ​កាត់ដេរជិត​ផ្សារ​បែក​ចាន ក្នុង​ខេត្ត​កណ្តាល​នោះ ក៏​មាន​លោក រ៉ុង ឈុន និង​មេដឹកនាំ​សហជីព​កម្មករ​ជា​ច្រើន​ទៀតបាន​ចូលរួម​តវ៉ា រួម​ទាំង​ដឹកនាំ​ការដើរ​ហែ​ក្បួន​តាម​ផ្លូវ ផងដែរ​។​

​លោក រ៉ុង ឈុន បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ ដោយ​លោក​ស្វាគមន៍​នូវ​រាល់​ពាក្យបណ្តឹង​ប្រឆាំង​រូបលោក ហើយ​ថា លោក​ហ៊ាន​ទទួលខុសត្រូវ ចំពោះ​ការដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​។ 

​តែ​លោក រ៉ុង​ឈុន បាន​អះអាង​ថា កូដកម្មដែល​លោក​ដឹកនាំ​តវ៉ា​នោះ មិនមែន​ខុសច្បាប់​ទេ គឺ​សហជីព​បាន​ធ្វើ​លិខិត​ស្នើ​សុំ​បទ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​មុន​នឹងធ្វើ​កូដកម្ម ក៏​សហជីព​កម្មករបាន​ជូនដំណឹង​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រួមមាន​៖ អាជ្ញាធរ ក្រសួង​ការងារ ក្រសួង​សង្គមកិច្ច និង​ក្រុមហ៊ុន​រោងចក្រ ជាដើម​។​

​លោក រ៉ុង ឈុន បាន​លើកឡើង​ថា "​យើង​បាន​ជូនដំណឹង​រួចហើយទៅកាន់​និយោជក និង​ស្ថាប័ន​ពាក់ព័ន្ធ មុននឹង​ធ្វើ​កូដកម្ម​។ ដូច្នេះ​អត់​មាន​អ្វីដែលថា ខ្ញុំ​ទៅ​ញុះញង់​កម្មករ​ទេ​។ យើង​មិនមែន​ដើរ​ទៅ​ញុះញង់​កម្មករ ឲ្យធ្វើ​បាតុកម្ម កូដកម្ម​នោះទេ លុះត្រាតែ​កម្មករទទួល​ការរំលោភ​ពី​និយោជក អា​ហ្នឹង​បាន​យើង​ធ្វើ​អន្តរាគមន៍​។ ម្យ៉ាងទៀត អ្វី​ដែល​យើង​ធ្វើ វា​ស្ថិត​នៅក្នុង​ច្បាប់ ទាំង​ច្បាប់​ស្តីពី​ការងារ និង​ទាំង​ច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជា​អនុសញ្ញា​អន្តរជាតិ ILO ក៏​បាន​ធានា​សេរីភាព​សហជីព ក៏ដូចជាកម្មករ ក្នុង​ការទាមទារ តាមរយៈ​បាតុកម្ម ឬ​កូដកម្ម​"​។​

​លោក រ៉ុង​ឈុន ក៏​បាន​បន្តថា ការប្តឹង​ផ្តល់​រូបលោក រួម​ទាំង​តំណាង​សហជីព​កម្មករ ៩ នាក់​ផ្សេង​ទៀត ដែល​រួម​ទាំង​អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ដែល​បាន​ចូល​បំភ្លឺ​តុលាការ​រួច​ហើយ​នោះ គឺ​មិនមែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​និយោជក ជា​ថៅកែ​រោងចក្រ​កាត់ដេរ តែងតែ​ប្រើប្រាស់​ប្រព័ន្ធតុលាការ ធ្វើ​ការគាបសង្កត់ មក​លើកម្មករ និង​មេដឹកនាំ​សហជីព​កម្មករ ដោយ​ថៅកែ​រោងចក្រមិន​បាន​ព្យាយាម​គោរព​សិទ្ធិ​កម្មករ និង​គោរព​ច្បាប់​នោះ​ទេ​។​

​លោក រ៉ុង ឈុន បាន​គូសបញ្ជាក់ថា "​នៅពេល​ដែល​កម្មករធ្វើការ​ទាមទារ​លក្ខណ្ឌ​ការងារ ទាមទារ​អត្ថប្រយោជន៍ និង​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ត្រូវបាន​និយោជក ( ថៅកែ​រោងចក្រ ) ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ប្តឹង​ចោទប្រកាន់​សកម្មជន ឬ​តំណាង​កម្មករ និង​មេដឹកនាំ​សហជីព​កម្មករ​"​។​

​លោក រ៉ុង ឈុន ក៏​បាន​អំពាវនាវ​ដល់​ថៅកែ​រោងចក្រ គួរតែ​ឈប់​ការប្តឹង​ផ្តល់​លើ​មេដឹកនាំ​សហជីព និង​កម្មករ ហើយ​ងាក​មក​ដោះស្រាយ និង​គោរព​ច្បាប់ ដើម្បី​កុំឲ្យ​អ្នក​បញ្ជា​ទិញបញ្ឈប់​ការបញ្ជាទិញនៅ​រោងចក្រ​កាត់ដេរ​នោះ​។ រីឯ​ប្រព័ន្ធតុលាការ ក៏​ត្រូវ​ពិនិត្យ និង​មាន​សេចក្តីក្លាហាន​លើ​ពាក្យបណ្តឹងមិន​សមរម្យប្រឆាំង​នឹង​សហជីព​កម្មករ ដោយ​តុលាការ​មិន​ត្រូវ​ចាត់ការ​បណ្តឹង ហើយ​កោះហៅ​សហជីព​កម្មករ តាមតែ​ពាក្យបណ្តឹង​របស់​ថៅកែ​រោងចក្រ​នោះទេ​។​

​ដោយ​អះអាង​ថា ជាប់រវល់ក្នុង​ការងារ​មមាញឹកនា​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ លោក រ៉ុង​ឈុន បាន​អះអាង​ថា លោក​បាន​ស្នើសុំ​ទៅ​តុលាការ តាមរយៈ​មេធាវី​របស់​លោក ដើម្បី​សុំ​លើក​ពេលចូល​ឆ្លើយបំភ្លឺ​។​

​មកដល់​ថ្ងៃនេះ ក្រុម​កម្មករ​ប្រមាណ ៥០ នាក់ នៅតែ​បន្ត​ការតវ៉ានៅ​មុខ​រោងចក្រ​កាត់ដេរ តៃយ៉ាង ដោយសារ​តែ​ថៅកែ​រោងចក្រ​កាត់ដេរ មិន​បាន​ផ្តល់​ដំណោះស្រាយ តាម​ការស្នើសុំ ៥ ចំណុច បើទោះបីជា​មាន​លិខិត​អន្តរាគមន៍ពី​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ឲ្យ​ថៅកែ​ចិន​តៃវ៉ាន់ នៅ​រោងចក្រ តៃយ៉ាង ទទួលយក​កម្មករ ចូលធ្វើការ​វិញ​ការ​វិញ​ក៏ដោយ​៕​