Wednesday, August 29, 2012

សម្តេច​ហ៊ុន​សែន ទៅ​ចូលរួម​សន្និសីទ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ នៅ​អ៊ីរ៉ង់ និង​ពិព័រណ៍ នៅ​ចិន​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន នាព្រឹក​ម៉ោង ៨ ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១២ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មួយ​ក្រុម ចាកចេញពីព្រលាន​យន្ត​ហោះអន្តរជាតិភ្នំពេញ ទៅ​ចូលរួម​សន្និសីទលើក​ទី​១៦ នៃ​ប្រទេសចលនា​មិន​ចូល​បក្សសម្ព័ន្ធ (Non-Aligned Movement NAM) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១២ នៅ​ទីក្រុងតេ​អេ​រ៉ង់ ប្រទេសអ៊ីរ៉ង់។ 

សម្តេចនាយក​រដ្ឋមន្ត្រី ក៏​នឹង​បន្តដំណើរទៅ​ចូលរួម​ពិព័រណ៍​ចិន-​អាស៊ី​អឺរ៉ុប នៅ​ប្រទេស​ចិន ហើយរហូត​ដល់​ថ្ងៃ​ទី​៣​ ខែកញ្ញា ឆ្នាំ​២០១២ ទើប​សម្តេច​វិលត្រឡប់​មក​កម្ពុជា​វិញ​។​

​មុនពេល​ឡើង​យន្តហោះ អមដំណើរ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​​អ៊ីរ៉ង់ លោក ស្រ៊ី ថា​ម​រ៉ុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា កិច្ចប្រជុំ​កំពូលលើក​ទី​១៦ នៃ​ប្រទេសចលនា​មិន​ចូល​បក្សសម្ព័ន្ធ នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ "​សន្តិភាព​យូរអង្វែង រួម​គ្នា​ជា​សកល​"​។ កិច្ចប្រជុំ​នោះ ក៏​នឹង​មាន​ការបោះឆ្នោត​ជ្រើសរើស​ប្រទេស​អ៊ីរ៉ង់ ជា​ប្រធាន​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ក្នុង​រយៈពេល ៣​ឆ្នាំ​។ លោក បាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ​។​

​លោក ស្រ៊ី ថា​ម​រ៉ុង្គ បាន​បន្ថែមថា បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំនៅ​អ៊ីរ៉ង់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​បន្តដំណើរដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​បើកសម្ពោធ​ពិព័រណ៍ចិន-អាស៊ីអឺរ៉ុប នៅ​ប្រទេស​ចិន​ផង​ដែរ​។ រហូត​ដល់​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ ទើប​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន អញ្ជើញ​វិលត្រឡប់មក​ដល់​រាជធានី​ភ្នំពេញ​វិញ​។​

​ក្រសួងការបរទេស​កម្ពុជា បានប្រកាសថា ដំណើរ​ទៅកាន់​តុ​ប្រជុំ នៅ​ទីក្រុងតេ​អេ​រ៉ង់ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ានពេលនេះ គឺ​តប​តាម​ការអញ្ជើញ​របស់​លោក Mahmoud Ahmadinejad ប្រធានាធិបតី នៃ​សាធារណរដ្ឋ​អ៊ីស្លាម អ៊ីរ៉ង់​។ 

​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ របស់​ក្រសួងការបរទេស បង្ហាញថា គណៈប្រតិភូដែល​អមដំណើរ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ទៅកាន់​អង្គ​សន្និសីទ​នៅ​ទី​ក្រុងតេអេ​រ៉ង់ រួមមាន​៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជាច្រើន​រូប​ផ្សេងទៀត​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បាន​លើកឡើង​ថា ក្រៅពី​ចូលរួម​ក្នុង​អង្គ​សន្និសីទ​នោះ នៅ​ប្រទេស​អ៊ីរ៉ង់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន នឹង​ជួបពិភាក្សា​ទ្វេភាគី ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Mahmoud Ahmadinejad ព្រមទាំង​មាន​កិច្ចប្រជុំ​ដាច់ដោយឡែក​មួយ​ទៀត ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ​សែន នឹង​ជួបពិភាក្សា​ត​ទល់​នឹង​លោក Kim Yong Nam ប្រធានសភា​ប្រជាជន​ជាន់ខ្ពស់ ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ក៏​បាន​បង្ហាញថា ក្រៅពី​ចូលរួម​សន្និសីទប្រទេស​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ នៅ​ប្រទេស​អ៊ីរ៉ង់ សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ក៏​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​ពិព័រណ៍ចិន​-​អាស៊ី​អឺរ៉ុប លើក​ទី​២ (China-Eurasia Expo) ដែល​នឹង​ធ្វើឡើងនៅ​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ អ៊ូ​រុំ​ឈី (Urumqi) ក្នុង​តំបន់​ស្វយ័តស៊ីន​ជាំ​ង អ៊ុយ​ហ្គ័​រ ក្នុង​ប្រទេស​ចិន​។ ដំណើរ​ទៅកាន់​ប្រទេស​ចិន​នោះ ធ្វើឡើង​តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ចិន​។​

​សេចក្តី​ជូន​ព័ត៌មាន បាន​លើកឡើង​ថា អំឡុងពេល​ស្នាក់នៅ​អ៊ូ​រុំ​ឈី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ចិន Wen Jiabao​។​

​ដោយឡែក សេចក្តី​ជូន​ព័ត៌មាន​ដដែល ក៏បាន​លើកឡើង​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏​នឹង​ឆ្ពោះ​ដំណើរទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា តប​តាម​ការអញ្ជើញ​របស់​ប្រមុខ​ការទូត​ឥណ្ឌា លោក S.M. Krishna​។ លោក​ប្រមុខ​ការទូត ហោ ណាំហុង ដឹកនាំ​គណៈប្រតិភូចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា លើក​ទី​៦ (Mekong-Ganga Cooperation MGC) ដែល​នឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ទីក្រុង​ញូ​ដេលី ប្រទេស​ឥណ្ឌា​៕