Wednesday, August 29, 2012

គណបក្ស​ជាតិ​និយម បដិសេធថា ស៊ីសុវត្ថិ ចក្រី​នុព​ល និង​ឈ្មោះ ទី​ម ទិ​ដ្ឋកា មិនមែន​ជា​សមាជិក​បក្ស​

ភ្នំពេញ: គណបក្ស​ជាតិ​និយម បានប្រកាស បដិសេធថា បុគ្គល​ឈ្មោះ ស៊ីសុវត្ថិ ចក្រី​នុព​ល និង​ឈ្មោះ ទី​ម ទិ​ដ្ឋកា គឺ​មិនមែន​ជា​ថ្នាក់​ដឹកនាំ​នៅក្នុង​គណបក្ស នរោត្តម រណឫទ្ធិ នោះទេ និង​មិន​មាន​ឈ្មោះ នៅក្នុង​បញ្ជី​គណបក្ស​ឡើយ​។ 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋានគ​ណ​បក្ស​ជាតិនិយម នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២ បាន​លើកឡើង​ថា ក្រោយពី​បាន​ឃើញ​អត្ថបទ ស្តីពី “​ព្រះអង្គម្ចាស់​ម្នាក់ និង​សមាជិក​បក្ស​រណឫទ្ធិ ចូលរួម​បក្ស​សង្គ្រោះ​ជាតិ​” នៅក្នុង​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២ អគ្គលេខាធិការ​គណបក្ស​ជាតិនិយម អតីត​គណបក្ស នរោត្តម រណឫទ្ធិ បាន​ធ្វើ​ការបដិសេធ ចំពោះ​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​ថា បុគ្គល​ឈ្មោះ ស៊ីសុវត្ថិ ចក្រី​នុព​ល ជា​អតីត​សមាជិក​គណបក្ស នរោត្តម រណឫទ្ធិ និង​ឈ្មោះ ទឹម ទិ​ដ្ឋកា ជា​អនុប្រធាន​ប្រតិបត្តិ​គណបក្ស នរោត្តម រណឫទ្ធិ ខេត្ត​ស្វាយរៀង​។ 

​សេចក្ដីប្រកាស​ព័ត៌មាន បានបញ្ជាក់​ថា “​បុគ្គល​ទាំងពីរ​នេះ ពុំ​មាន​ឈ្មោះ នៅក្នុង​បញ្ជី​ថ្នាក់ដឹកនាំ នៃ​គណបក្ស នរោត្តម រណឫទ្ធិ ខេត្ត​ស្វាយរៀង​នោះ​ទេ ហើយ​ក៏​គ្មាន​សកម្មជន​អតីត នរោត្តម រណឫទ្ធិ ណា​ម្នាក់​ទៅ​ចុះចូល​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​នោះដែរ​”​។​
​    ​
​សេចក្ដីប្រកាស​ព័ត៌មាន បាន​បន្ថែមថា អតីត​គណបក្ស នរោត្តម រណឫទ្ធិ បានប្រកាសថា ចំពោះ​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​គឺជា​ព័ត៌មាន​ក្លែងបន្លំ កេងចំណេញ​នយោបាយ និង​បោកប្រាស់​ប្រជាពលរដ្ឋ​៕​