Monday, August 6, 2012

រដ្ឋសភា​កម្ពុជា វៀតណាម និង​ឡាវ ជួបពិភាក្សា​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​​នៃ​ប្រទេស​ទាំង​បី

ភ្នំពេញ ៖ សន្និសីទ​លើក​ទី៤ របស់​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​ទាំង​បី ស្តីពី​តួនាទី​សភា​ក្នុង​ការ​គាំទ្រ និង​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា វៀតណាម និង​ឡាវ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​ង៉េ អាន (NGHE AN) នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃទី ០១ដល់​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១២ ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក ឈាង វុន ប្រធាន គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា និង​ព័ត៌មាន នៃ​រដ្ឋសភា ព្រះរាជាណាចក្រ កម្ពុជា ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក​បណ្ឌិត ត្រឹ​ន វ៉ាន់​ហាំង ប្រធាន​គណៈ កម្ម​ការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​វៀតណាម និង​ភាគី​ឡាវ ដឹកនាំ​ដោយ​លោក គូ​កែវ អាកា​មន្ត្រី ជា​ប្រធាន​គណៈកម្មការ​បរទេស នៃ​រដ្ឋសភា​ឡាវ​បានបញ្ចប់​ដោយ​ជោគជ័យ​ដោយបាន​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក និង​បានចេញ​នូវ​សេ​ក្តី​ថ្លែង​ការ​មួយ។
លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពេល​មកដល់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​យប់​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១២នេះ។ លោក​បន្ត​ថា សេចក្តី​ប្រកាស​រួម​នោះ​មាន​ចំណុចសំខាន់ៗចំនួន៣ ទី១សន្និសីទ​បាន​ឯកភាព​ស្តីពី​តួនាទី​របស់​រដ្ឋសភា​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ​នូវ​គម្រោង​ទាំងឡាយ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បានសម្រេច​រួចមក​ហើយ ព្រមទាំង​ជម្រុញ​គម្រោង​ទាំងអស់​នេះ​ឲ្យ​ដំណើរ​ការ​ល្អ ទី២ រដ្ឋសភា​នៃ​ប្រទេស​ទាំងបី​នៅ​ពីក្រោយ​រដ្ឋាភិបាល​ប្រទេស​ទាំងបី  ដើម្បី​បញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ​ដឹងថា​​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​នេះ ជាមួយ​ការ​គាំទ្រ​គម្រោង​រដ្ឋសភា​ត្រូវ​ជម្រុញ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី​​ក្នុង​ការ​ព​ន្លឿ​ន​ការរៀប​រៀង​សេចក្តី​ព្រាងច្បាប់ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ច្បាប់​ស្តីពី វិនិយោគ ធុរៈកិច្ច​បណ្តា​គោល​នយោបាយ​​ទាក់ទង​ដល់​សកម្មភាព​ផ្តល់​អាជ្ញាប័ណ​វិនិយោគ​ធុរៈកិច្ច ហើយ​ចាំបាច់​ត្រូវ​ព​ន្លឿ​ន និង​ធានា​នូវ​តម្លាភាព​ព្រមៗគ្នា និង​ឯកភាព​គ្នា​តាំងពី​ថ្នាក់​ជាតិ​រហូតដល់​មូលដ្ឋាន សំដៅ​កាត់បន្ថយ​ពេលវេលា និង​ការ​ចំណាយ​របស់​អ្នក​វិនិយោគ ដើម្បី​លើក​កំពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ និង ទី៣ស្នើ​ឲ្យ​ភាគី​ទាំង៣ប្រទេស​ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន​ទាំង៣ ពិសេស​បញ្ហា​ជនអន្តោប្រវេសន៍​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​យោគយល់​គ្នា។
សន្និសីទ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក អ៊ុង ឈុ​លីវ (Uong Chuluu) អនុប្រធាន​រដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី តំណាង​អាជ្ញាធរ​ដែនដី​ខេត្ត ង៉េ​អាន​ផងដែរ។
លោក អ៊ុង ឈុ មានប្រសាសន៍ថា អង្គ​សន្និសីទ លើក​ទី៤នេះ បាន​ប្រារព្ធ​ធ្វើ ឡើង​ក្នុង​ឆ្នាំ២០១២ គឺជា​ខួប​លើក​ទី៤ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា វៀត ណា​ម និង​ក៏​ជា​ឆ្នាំ​មិត្តភាព វៀតណាម ឡាវ ផងដែរ ហើយ​ដែល​កិច្ចប្រជុំ​មាន​សារសំខាន់​ក្នុង​កិច្ច សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងបី កម្ពុជា វៀតណាម និង​ឡាវ ដែលជា​កម្លាំងចលករ​មិនអាច​ខ្វះ បាន​ក្នុង​ការជំរុញ ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ពី​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ ស្តែង និង ការអភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ត្រីកោណ នៃ​ប្រទេស​ទាំងបី ជាពិសេស ការ​ប្រឈម ទាំងឡាយ​ដែល​ត្រូវ​ដោះស្រាយ​តាមផ្លូវ​ច្បាប់។
លោក ឈាង វុន បាន​មានប្រសាសន៍ថា អស់​រយៈ​កាលបី​ឆ្នាំ​កន្លងមកនេះ គណៈកម្មការ កិច្ចការបរទេស នៃ​រដ្ឋសភា​ប្រទេស​ទាំងបី កម្ពុជា វៀតណាម និង​ឡាវ បានរៀបចំ​ឡើង​នូវ​សន្និសីទ ចំនួន​បី​លើក​រួចមកហើយ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​កម្ពុជា វៀតណាម និង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែលមាន​ស្រាប់​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស ទាំងបី ដោយ​ចាត់ទុកជា​កត្តា​ដ៏​សំខាន់​ចំពោះ​ស្ថិរភាព និង​ការអភិវឌ្ឍ នៃ​ប្រទេស​ទាំងបី៕
សុង​យោ