Monday, August 6, 2012

សម្តេច ជា ស៊ីម មាន​សុខភាព​ល្អ​ធម្មតា កំពុង​បំពេញ​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា បាន​បដិសេធ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែលថា សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ជា​ប្រមុខរដ្ឋស្តីទី បាន​ទទួល​មរណភាព​នោះ គឺជា​ការ​មិន​ពិត​ទេ​។​

​លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២​នេះ បាន​មានប្រសាសន៍ថា ការ​ដែល​លេចឮ​ព័ត៌មាន​ថា សម្តេច​អគ្គ​មហា​​ធម្ម​ពោធិ​សាល ជា ស៊ីម បាន​ទទួល​មរណភាព​នោះ គឺជា​រឿង​មិន​ពិត​។​

​លោក អ៊ុំ សារិទ្ធ បាន​មាន​បញ្ជាក់​ថា “​អាហ្នឹង​ការមិនពិត​ទេ ព័ត៌មាន​បំផ្លើស ព័ត៌មាន​ប្រឌិត​ទេ សម្តេច​ប្រធាន​លោក​សុខ​ភាព​ល្អ​ទេ ហើយ​គាត់​កំពុង​ប្រតិបត្តិ​មុខងារ​គាត់​ជា​ប្រមុខរដ្ឋស្តីទី​”​។​

​លោក អ៊ុំ សារិទ្ធ បានចាត់ទុក​ការ​ប្រឌិត​ដែល​គេ​បង្កើតឡើង គឺ​ដើម្បី​ធ្វើឲ្យ​សាធារណ​មតិ​ច្របូកច្របល់ តាមពិត​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម មាន​សុខភាព​ល្អ​ធម្មតា មិន​មាន​បញ្ហា​នោះ​ទេ​។​

​ការបដិសេធ​ខាងលើ ដែល​ធ្វើឡើង​ពី​សំណាក់​លោក អ៊ុំ សារិទ្ធ នៅពេលនេះ គឺ​ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​មនុស្ស​មួយ​ក្រុម ដែល​ជា​ជន​អគតិ បាន​អង្គុយ​ប្រឌិត​ដំណឹង​ថា សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ស្លាប់ ហើយ​បាន​ផ្សព្វផ្សាយ​ដំណឹង​នេះ ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ក្នុង​គោលបំណង​បង្កើតឲ្យមាន​ការច្របូកច្របល់​៕
ដោយ: រតនា