Monday, August 6, 2012

អាជ្ញាធរខណ្ឌទួលគោកណែនាំ​ការ​ផ្សព្វ​ផ្សាយ​ពីការ​បង់​ពន្ធ​​លើ​អចលន​ទ្រ

រាជ​ធានីភ្នំពេញ​​ ៖ អាជ្ញាធរ​ខណ្ឌទួល​គោក​បាន​ធ្វើការ​ណែនាំដល់​ចៅសង្កាត់​ទាំង១០​ក្នុង​ខណ្ឌឱ្យ​​ធ្វើការផ្សព្វ​ផ្សាយជូន​ដល់ប្រជា​ពល​រដ្ឋ​​​នាំ​គ្នា​​​ទៅបង់ពន្ធ​លើអចលន​ទ្រព្យ ឆ្នាំ​២០១២​​។ ការ​ណែ​នំា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​​លោក​ពេជ្រ កែវ​​មុនី អភិបាល​រងខណ្ឌ​​​តំណាងលោក​សេង រតនៈ អភិបាល​ខណ្ឌ នៅ​​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៩​របស់​ក្រុមប្រឹក្សា​ខណ្ឌទួល​គោក កាលពី​ព្រឹក​ថ្ងៃទី៣  សីហា ឆ្នាំ២០១២ ។
កិច្ច​​ប្រជុំសាមញ្ញ​លើក​ទី៣៩ នេះ ​ប្រារព្ធ​ធ្វើ​​ក្រោម​អធិបតី​ភាពលោក​ស្រី​ញ៉ែម ​មុំ ប្រធាន​ស្តី​ទី​​ក្រុម​ប្រឹក្សាខណ្ឌ​​​ និង​លោកពេជ្រ ​កែវ​មុនី ​និង​​​បានលើក​យករបៀប​វារៈ​ចំនួន​២មក​ធ្វើការពិ​ភាក្សា និងអនុម័ត​​​​។ ​របៀប​វារៈទី១​-​គឺ​​​ពិភាក្សា​ និងអនុម័ត​សេចក្តី​ព្រាង​កំណត់ហេតុ​នៃកិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៣៨​របស់ក្រុម​ប្រឹក្សាខណ្ឌ​អាណត្តិទី១​និង​​របៀបវា​រៈ ទី​២-​​ស្តាប់​របាយការ​ណ៍​​លទ្ធផល​នៃការ​អនុវត្ត​ផែន​ការ​សកម្មភាព​របស់រដ្ឋ​​បាលខណ្ឌ​រយៈ​ពេល​១ខែ គឺខែ​កក្ក​ដា ឆ្នាំ២០១២ និងស្តាប់​របាយការណ៍ស្តី​ពី​កិច្ចការ​បន្ថែមដែល​បាន​អនុវត្ត​និង​បញ្ហា​​ផ្សេងៗ ។
​លោក​ពេជ្រ កែវមុនី អភិបាល​រងខណ្ឌទួល​គោក​បាន​ឱ្យ​ដឹងថា កាល​ពីកិច្ច​ប្រជុំសាមញ្ញ​លើក​ទី​៣៨របស់​ក្រុមប្រឹក្សា​ខណ្ឌ​​លោក​បាន​ណែ​នាំដល់ក្រុម​ប្រឹក្សា​​សង្កាត់​ទាំងអស់​ទាំង​ក្រុម​ប្រឹក្សា​​ដែលទើប​ជាប់ឆ្នោត និងក្រុម​ប្រឹក្សា ​ដែល​ត្រូវ​លាលែង​ ​ត្រូវទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ និងបំណុល​តែរហូតមក​ដល់ពេល​នេះ​ក្រុម​ប្រឹក្សា​មួយចំនួន​ហាក់ដូច​ជាមិន​យកចិត្ត​ទុកដាក់​ឡើយ ។ ដូចនេះ សូមក្រុម​ប្រឹក្សា​ទាំង​អស់​នាំគ្នាទៅ​ប្រកាសទ្រព្យ​សម្បត្តិ​ឱ្យ​បានគ្រប់​គ្នា​តាមច្បាប់​កំណត់ ហើយប្រធាន​ក្រុមប្រឹក្សា​ត្រូវ​រាយ​ការណ៍​មកជន​បង្គោលអង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយអស់សុពល​ភាពត្រឹម​ថ្ងៃច​ន្ទទី៦ សីហា ​ ។
លោកពេជ្រ កែវមុនី បានបន្តទៀត​ថា ការ​ប្រមូល​ពន្ធលើ​អចលន​ទ្រព្យ​ឆ្នាំ២០១២ ​​ចាប់​ផ្តើម ហើយ​​ដូច្នេះ​​សូមចៅសង្កាត់​ណែនាំដល់​ប្រធាន​ភូមិ​ឱ្យ​ផ្សព្វផ្សាយ​ដល់ប្រជា​ពលរដ្ឋ​នាំគ្នា​ទៅបង់​ពន្ធ​ឱ្យ​បានមុន​ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១២ ។ ​ចំពោះ​​ការ​បង់​ពន្ធ​​នេះ​​តម្លៃ​មានការប្រែ​ប្រួលខ្លះៗ​ ​ព្រោះ​មាន​​ការ​សំណូមពរ​ដែលតំបន់​ខ្លះផ្លូវទាល់​ក្រីក្រ​មិនអាច​កំណត់​តម្លៃបាន​​ ឯ​​តំបន់​ខ្លះកើន​ឡើង​ ​និង​ខ្លះ​ទៀតថយ​ចុះ ៕