Monday, August 6, 2012

គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម ថ្កោសទោ​សសកម្មភាព​ញុះ​ញង់​នយោបាយ​

ភ្នំពេញ: គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​រាល់​ទង្វើ​សកម្មភាព​របស់​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​បាន​ប្រើប្រាស់​រូបភាព ជា​ចលនានយោបាយ ញុះញង់ តាមរយៈ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន​។​
​    ​
​លោក គឹម វណ្ណ​ឆេង ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម បានលើកឡើង នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២ ថា លោក​មាន​ការ​រន្ធត់​យ៉ាងខ្លាំង ចំពោះ​ករណី​ដែល​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១២ កន្លងមក​ថ្មីៗ​នេះ ដែល​មាន​ព្រះ​ភិក្ខុ​នាម ថាច់ ធឿន គង់នៅ​វត្ត​សេរី​តាសេក ស្រុក​ត្រាំ​ង ប្រទេស​វៀតណាម ព្រះអង្គ​បាន​រងគ្រោះ ដោយសារ​ចលនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក បណ្តាល​ឲ្យ​ព្រះអង្គ​លាចាក​សិក្ខាបទ ក្នុងករណី​ទាក់ទិន ជាមួយនឹង​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​ព្រះអង្គ មិន​អាច​ប្រកែក​បាន​។ 

​លោក គឹម វណ្ណ​ឆេង បានចាត់ទុក​ព្រឹត្តិការណ៍​ថ្មី ដែល​បាន​កើតឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ គឺ​ចាប់ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០០៧ រហូត​ដល់​ថ្ងៃ​១ ខែ​សីហា ឆ្នាំ​២០១២ ថា ជា​សកម្មភាព​ចលនា នយោបាយ​បែប​ស្រមោល របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដោយ​កំពុងតែ​ជះឥទ្ធិពល​យ៉ាង​អាក្រក់​ជា​ទីបំផុត បាន​ធ្វើឲ្យ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ជិត ១០​អង្គ​ហើយ ត្រូវបាន​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​កម្ពុជា​ក្រោម បាន​ធ្វើការ​ចាប់​ផ្សឹក​ចោល​ទី​វត្ត​អារាម នេះ​ហើយ​ជា​សញ្ញា​មួយ​បាន​បញ្ជាក់​ឲ្យឃើញថា “​អស់លោក​ជា​មេដឹកនាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​មាន​ចេតនា​ចូលរួម​បំផ្លាញ​ខឿន​វប្បធម៌ ប្រពៃណី វត្ត​អារាម​កេរដំណែល​ដូនតា ដែល​មាន​ពូជសាសន៍រ​បស់​ខ្លួន ដោយ​ខ្លួនឯង​ហើយ​។ ពួកយើង​ទាំងអស់គ្នា សូម​ធ្វើ​ការប្រឆាំង​ដាច់ ខាត​រាល់​ទង្វើ​បែប ផែន​ញុះញង់​ណាមួយ​ឲ្យមាន​រូបភាព​ចលនា​បះបោរ​នៅក្នុង​រដ្ឋ​មួយ ក៍​ដូចជា​បណ្តាលឲ្យ​មាន​អាជ្ញាធរ​ចាប់ខ្លួន ដល់​ព្រះសង្ឃ​ព្រះពុទ្ធសាសនា និង​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាក់​ក្នុង​ពន្ធនាគារ​បែប​នេះ​តទៅទៀត​។​

​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម ស្នើសុំ​យ៉ាងទទូច​ចំពោះ​រាល់​សកម្មភាព ទាំងឡាយ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​កន្លង​មក​ពួក​ខ្លួន​តែង​ធ្លាប់បាន​ពឹងផ្អែក​នឹង​កេងចំណេញ ចលនា​នយោបាយ​តាម​ខ្សែបណ្តាញ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នេះ​ជាប​បន្តទៀត ពុំនោះ​ទេ ពួកលោក​នឹង​ត្រូវ​ប្រឈមមុខ ចំពោះ​ទំព័រ​ប្រវត្តិសាស្ត្រ​នេះ ជាក់​ជា​ពុំខាន​ឡើយ​៕​