Monday, August 6, 2012

​រដ្ឋ​មន្ត្រី​​ក្រសួង​អប់រំ​ យុវ​ជន និង​កីឡា​អះ​អាង​ថា មិន​មាន​បែក​ធ្លាយ​​វិញ្ញាសា​ក្នុង​ពេល​ប្រឡង​មធ្យម​សិក្សា​​កម្រិត​២​ទេ​

រាជធានីភ្នំពេញ ៖ លោក​​អឹុម ​សិទ្ធី រដ្ឋ​មន្ត្រី​​​ក្រសួង​អប់រំ យុវជន និង​កីឡា​កាល​ពី​ថ្ងៃទី​៦ សីហា ២០១២ ​បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​ពេល​​​ដែល​លោក​ចុះ​​ពិនិត្យ​​លើ​ការ​ងារ​​ប្រឡង​នៅ​មណ្ឌល​វិទ្យា​​ល័យ​ជាស៊ីម​សន្ធរ​មុខ​ថា «​គ្មាន​វិញ្ញាសា​បែក​ធ្លាយ​ដូច​ការ​អះអាង​របស់​​មនុស្ស​មួយ​ក្រុម​តាំង​ខ្លួន​ជាអ្នក​អប់រំ​នោះ​ទេ» ។ ​ការ​ថ្លែង​របស់​លោក​រដ្ឋ​មន្ត្រី​​បាន​ធ្វើ​ឡើង​​ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​អ្នក​យក​​ព័ត៌​មាន ។
លោក​អឹុម សិទ្ធី បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​​ថា មិន​មាន​វិញ្ញា​សា​ប្រឡង​ណា​មួយ​បែក​​ធ្លាយ​ដូច​ការ​អះអាង​របស់​ក្រុម​អ្នក​រក​ស៊ី​មួយ​ចំនួន​បាន​លើក​ឡើង​ថា មាន​វិញ្ញា​សា​ប្រឡង​ធ្លាយ​វា​មិន​ពិត​ទេ ។ ​ក្រសួងអប់រំ​​បាន​ដាក់​បទ​បញ្ជា​យ៉ាង​តឹង​រឹង​ សូម្បី​​​តែ​កន្លែង​​លក់​សៀវភៅ​ក្បែរ​មណ្ឌល​​ប្រឡង​ក៏​ត្រូវបាន​អាជ្ញា​ធរ​​បញ្ជា​ឱ្យ​បិទ​ដែរ ក្នុង​ថ្ងៃ​ដំណើរ​ការ​ប្រឡង ។ វិញ្ញា​សា​​ប្រឡង​ត្រូវ​បាន​ដាក់​ក្នុង​ហិប​រួច​ចាក់​សោ​គ្មាន​​នរណា​ដឹង​នោះ​ទេ ​ហើយ​ការ​បើក​វិញ្ញា​សា​ធ្វើ​ឡើង​នៅ​តាម​បន្ទប់​ប្រឡង​​ដោយ​ផ្ទាល់​ ។
​លោក​អឹុម សិទ្ធី បន្ត​ថា សូម​ឱ្យ​​​មាតា​បិតា​សិស្ស​កុំ​ជឿ​ការ​ឃោសនា​​របស់​ក្រុម​​មនុស្ស​​ដែល​ដើរ​អះ​អាង​ថា មាន​សំណេរ ឬ​ព្រុយ​យ៉ុង​បែក​ធ្លាយ ព្រោះ​មាន​ការ​ផ្សព្វផ្សាយ​​ពី​ការ​ឆែកឆេរ​ដក​​យក​សំណៅ​​ឯក​សារ​ចំពោះ​សិស្ស​ដែល​បាន​នាំ​ចូល​ក្នុង​បរិ​វេណ​មណ្ឌល​​ប្រឡង ។ ដំណើរ​​ការ​ប្រឡង​ប្រព្រឹត្ត​​ទៅ​បាន​ល្អ​​នៅ​តាម​​មណ្ឌល​នានា​មិន​​មាន​បាតុ​ភាព​អ្វី​កើត​ឡើង​​ទេ ព្រោះ​​ក្រសួង​អប់​រំ​​បាន​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​នៅ​តា​ម​មណ្ឌល​ប្រឡង​​នានា ។
​ក្រុម​អនុ​រក្ស​​បាន​និយាយ​ថា ​សិស្ស​ជាបេក្ខ​ជន​មិន​អនុ​ញ្ញាត​​​ឱ្យ​ប្រើ​ប្រាស់​ទូរស័ព្ទ​​ដៃ​ទំនើបៗ​ទេ ហើយបើ​បេក្ខ​ជន​​ណា​មាន​​ទូរស័ព្ទ​​ត្រូវបាន​ដក​ហូត​នៅពេល​ពួក​គេ​នាំ​យក​ចូល​ក្នុង​​បន្ទប់​​ប្រឡង។ បើ​​ទោះជា​យ៉ាង​ណា​មាន​សិស្ស​ភាគ​ច្រើន​បាន​ដាក់​ទូរស័ព្ទ​​តាម​ខ្លួន​​មែន ក្នុង​គោល​បំណង​បញ្ជូន​សារ ឬ​ទទួល​សារ​ជា​ចម្លើយ​​នានា​ តែ​ត្រូវបាន​ហាម​ឃាត់​ទាន់​ពេល​វេលា ។ ​បម្រាម​​យ៉ាង​តឹង​រឹង​ត្រូវបាន​ដាក់​​ចេញ​ដោយ​​ក្រសួង​អប់រំ​ថា «បេក្ខ​​ជន​ណា​ហ៊ាន​ប្រមូល​​លុយ​ប្រគល់​​​ឱ្យ​​អនុ​រក្ស​​ត្រូវ​ព្រមាន​​ឱ្យ​ធ្លាក់​​ដោយ​ស្វ័យ​ប្រវត្តិ​​ និង​ត្រួត​ថ្នាក់» ។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
kohsantepheapdaily