Monday, August 6, 2012

«អ្វីដែល​យើង​ឮ​មិន​ដូច​អ្វីដែល​យើង​បានឃើញ​នោះទេ»

ភ្នំពេញ ៖ «ខ្ញុំ​ចង់ដឹង​ពី​ការកាត់ទោស​ហ្នឹង ថា​ចុងក្រោយ​នឹង​ចេញ​លទ្ធផល​យ៉ាងណា។ អ្វី​ជា​ចម្បង​ដែល​ខ្ញុំ​ទទួលបាន​ពី​ការ​មក​ទស្សនា​នេះ​ថា​នៅ​ទីបំផុត​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​ទទួលទោស បើ​យើង​ប្រព្រឹត្ត​ល្អ​គឺ​យើង​មាន​ជំនឿ​ចិត្ត​ថា​ច្បាប់​នឹង​ជួយ​យើង​ឲ្យ​អស់ពី​សមត្ថភាព​របស់​ពួកគេ» នេះ​គឺជា​សម្តី​របស់ គរុ​សិស្ស​ជំនា​ន់ទី៣០ កញ្ញា ពុំ លី​នី អាយុ ២២ឆ្នាំ​មកពី​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ឆ្នាំង ក្នុងឱកាស​នៃ​ការធ្វើ​ទស្សនកិច្ច​សិក្សា និង​ចូលរួម​ស្តាប់​សវនាការ  ក្នុង​សំណុំរឿង ០០២ នៅ​ថ្ងៃទី២ សីហា ឆ្នាំ២០១២។
បន្ថែម​ពីលើ​មតិ​នេះ​ផងដែរ អ្នកគ្រូ​ ប្រាក់ ណារ​ត្ន័ អាយុ ២៦ឆ្នាំ នៃ​សាលា​គរុកោសល្យ​និង​វិ​ក្រឹត​ការ​ខេត្តកំពង់ឆ្នាំង​មាន​ប្រសា​ស​ន៍​​ថា «ការដែល​និស្សិត​បានមក​ចូលរួម​នេះ​វា​សំខាន់​ណាស់​ព្រោះ​វា​ជា​អ្វីដែល​យើង​មិន​ធា្ល​ប់​បានឮ និង​ឃើញ ហើយ​នៅឯ​សាលា​ពូកគេ​រៀន​បានតែ​ទ្រឹស្តី​ប៉ុណ្ណោះ​​មិនបាន​យល់​ពី​ដំណើរការ​ពិតប្រាកដ​ទេ ម្យ៉ាងវិញទៀត​វា​ធ្វើ​ឲ្យ​គាត់​ដឹងថា​ព្រឹត្តិការ​ណ៍ហ្នឹង​វា​មាន​មែន មិនមែនជា​ការនិយាយ​បន្លាច​លេង​របស់ចាស់ៗនោះទេ។ បានជា​ខ្ញុំ​ចង់​ចូលរួម​ស្តាប់​សវនាការ​នេះ​គឺ​ដោយសារតែ​ទោះបីជា​យ៉ាងណាក៏ដោយ​ពួកយើង​សុទ្ធតែជា​អ្នក​ដែល​រងគ្រោះ​បើ​ទោះ​បី​ជា​មិនផ្ទាល់​ក៏ដោយ​ប្រយោល​ដែរ គឺ​យើង​ចង់​មក​ស្តាប់​ចម្លើយ​ដែល​សាក្សី និង​ជនជាប់ចោទ​បាន​ឆ្លើយ​មកពី​អ្វីដែល​គាត់​បានធ្វើ។ វា​ពិតជា​ផ្តល់​ផល​ប្រ​យោ​ជ​ន៏​ដល់​ប្រជាជន​ខ្មែរ​ទាំងមូល ហើយ​ថែមទាំង​ឲ្យ​ជនបរទេស​ដឹងថា​មាន​អ្វីខ្លះ​បានកើត​ឡើង​នៅ​ប្រទេស​កម្ពុជា​និង​ធ្វើ​ឲ្យ​ជនរងគ្រោះ​បានទទួល​យុត្តិធម៌ និង​ការ​ស្ងប់ចិត្ត។ ពេលដែល​ខ្ញុំ​ត្រលប់​ទៅវិញ​ខ្ញុំ​នឹង​ប្រាប់​ទៅ​អ្នក​ដ៏ទៃទៀត​ថា អ្វីដែល​យើង​ឮ​មិន​ដូច​អ្វីដែល​យើង​បានឃើញ​នោះទេ។ ដំបូង​ពេលដែល​មិនទាន់បាន​មកដល់ ខ្ញុំ​ឆ្ងល់​ថា​ម៉េច​បានជា​ការកាត់ក្តី​នេះ​ដំណើរការ​យូរ​ម្ល៉េះ​ តែ​ពេលដែល​ខ្ញុំ​មកដល់​បាន​ខ្ញុំ​ដឹងថា​វា​ពិបាក​មែន ខុសពី​ការគិត​របស់ខ្ញុំ​ដោយសារតែ​ការកាត់ក្តី​មាន​រហូតដល់​ទៅ ៣ភាសា»
គូរ​បញ្ជាក់​ផងដែរ​ថា​កាលពី​ព្រឹក​ថ្ងៃទី២ សីហា ឆ្នាំ២០១២ គរុ​សិស្ស​នៃ​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ឆ្នាំង​ចំនួន៩៨នាក់​បានមក​ចូលរួម ទស្សនា​ដំណើរការ​សវនាការ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​មាន​​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រជា​ពលរ​ដ្ឋ​​ចំនួន ៣២២នាក់​មកពី ខេត្តកំពង់ឆ្នាំង និង​ ខេត្ត​កណ្តាល។
សវនាការ​​នេះ​គឺ​អង្គ​ជំនុំជម្រះ​សាលាដំបូង​បន្ត​ផ្តល់​សក្ខីកម្ម​របស់​សាក្សី​វ័យ៦៤ឆ្នាំ រ​ចឺម ទន់ ដែល​ជា​អតីត​នីរសារ ដែល​ក្រោយមក​បាន​ក្លាយជា​កង​ការពា​រ​របស់​មេដឹកនាំ​រប​ប​ខ្មែរក្រហម​ប៉ុល ពត។
បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​មកកាន់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​គរុ​សិស្ស​នៃ​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​​ដំណើរ​ទស្សនកិច្ច​ ទៅកាន់​សារមន្ទីរ​ទួល​ស្លែង និង​វាល​ពិឃាត​ជើងឯក​ដើម្បី​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ អំពើ​ប្រល័យ​ពូជ​សាសន៍ និង​ការ​ធ្វើ​ទារុណកម្ម​ដ៏​សាហាវ​យង់ឃ្នង​ទៅលើ​ជនរងគ្រោះ​នា​សម័យ​នោះ។
បន្ទាប់ពី​បាន​ចូលរួម ទស្សនា​ដំណើរការ​សវនាការ​នេះ ឈ្មោះ​ហុក ណា​រ៉េត អាយុ ២០ឆ្នាំ​ជា​គរុ​សិស្ស​ជំនា​ន់ទី៣០  នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ឆ្នាំង​បាន​បង្ហើប​ប្រាប់ថា «បន្ទាប់ពី​បាន​ចូលរួម​ស្តាប់ ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ស្ញប់ស្ញែង​ចំពោះ​តុលាការ​នេះ​ដោយមាន​ទាំង​ការចូល​រួមទាំង​ខ្មែរ និង​បរទេស ហើយ​ថែមទាំង​បានដឹង​ពី​ការសាកសួរ និង​ផ្តល់​ចំលើយ​នៅក្នុង​សវនាការ​ផងដែរ។ខ្ញុំ​នឹង​ប្រាប់​ទៅ​អ្នក​ដ៏​ទៃ​ដែល​មិនទាន់​បានដឹងថា​របប​នេះ​ពិតជា​សាហាវ​មែនទែន ដែល​បានសម្លាប់​មនុស្ស​ជាច្រើន ហើយ​អ្នកជំនាន់ក្រោយ​មិនគួរ​យកតម្រាប់​តាម​ទេ។
លោក​សូរ មករា អាយុ ២០ឆ្នាំ​ជា​គរុ​សិស្ស​ជំនា​ន់ទី៣០  នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ឆ្នាំង​បាន​និយាយថា «ខ្ញុំ​ចង់ដឹង និង​ឃើញ​ពី​ដំណើរការ​កាត់ក្តី យល់​ឲ្យ​ច្បាស់​ពី​ទោសទណ្ឌ និង​ការប្រព្រឹត្ត​របស់​ការកាត់ក្តី ហើយ​វា​ផ្តល់​ជា​បទពិសោធ​ន៏ និង​ចំណេះដឹង​ដល់​ខ្ញុំ​ផ្ទាល់​ដើម្បី​ផ្សព្វផ្សាយ​បន្តទៀត។ តាមរយៈ​ការចូលរួម​នេះ​ខ្ញុំ​បាន​យល់​ពី​ដំណើរការ​នៃ​ការកាត់ក្តី និង​ការសួរដេញដោល​ពី​សំណុំរឿង ហើយនឹង​ប្រាប់​ទៅ​អ្នក​ដ៏ទៃទៀត​ដែល​មិនបាន​ដឹងថា ពិតជា​មាន​របប​នេះ​ពិតមែន ហើយ​មានការ​កាត់ទោស​នេះ​មែន ហើយ​ការរង​គ្រោះ​របស់​ពួកគាត់​នៅ​សម័យ​នោះ​ពិតជា​អាច​រកឃើញ​នូវ​យុត្តិធម៌។
សំរាប់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​មិន​ត្រឹមតែ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះទេ គឺ​យើង​បាន​ផ្តោត​សំខាន់់​ទៅលើ​អ្នកជំនាន់ក្រោយ​ដែលជា​ថ្នាល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បន្ត​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ និង​ការស្វែងរក​យុត្តិធម៌​ដ៏​ពិតប្រាកដ​មួយ។  គួរបញ្ជាក់​ផងដែរ​ថា​មិន​ត្រឹមតែ​គរុ​សិស្ស  នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ទេ ក៏មាន​មន្ត្រីនគរបាល​នៃ​រាជបណ្ឌិត្យសភា​នគរបាល​កម្ពុជា មន្ត្រី​អនុរក្ស​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង ព្រឹន្ទបាលទោ. និស្សិត​នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​មក​ចូលរួម​ក្នុងការ​ទស្សនា​នូវ​ដំណើរការ​នៃ​សំណុំរឿង ០០២នេះ​ផងដែរ កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១២ កន្លងទៅ។ ដូច្នេះ​នៅ​រៀងរាល់ថ្ងៃ​សវនាការ សាធារណៈជន​រួមមាន​ប្រជា​ពលរ​ដ្ឌ សិស្ស និស្សិត យុវជន និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចំនួន​ជា​មធ្យម ៤០០នាក់​បានមក​ចូលរួម​ធ្វើជា​សាក្សី​នៃ​ការជំនុំជម្រះ​ក្តី​នៃ​សំណុំរឿង ០០២៕