Monday, August 6, 2012

ក្រុមហ៊ុន​ SANTUI ​ចិន​ចាប់​អារម្មណ៍​វិនិយោគ​លើ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា​

ភ្នំពេញ ​៖​ ក្រៅ​ពី​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ដូចជា​ការផលិត ​និង​ការ​ធ្វើ​អាជីវកម្ម​គ្រឿងចក្រ​នៅ​កម្ពុជា​ ក្រុមហ៊ុន​សាន​ទូ​យ​ខេត្ត​សាន​ទុង​ប្រទេស​ចិន ​មាន​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​កសិកម្ម ​នៅ​តំបន់​អភិវឌ្ឍន៍​អន្លង់​ជ្រៃ ​ស្រុក​ពញាក្រែក ​ខេត្ត​កំពង់ចាម ​ជាទី​ភូមិកំណើត​របស់​សម្តេច​ប្រធានរដ្ឋសភា​ នោះ​បើ​តាម​ប្រសាសន៍ ​លោក ​វ៉ាង ហ្វេ​ង ​អគ្គនាយករង​ក្រុមហ៊ុន ​សាន​ទូ​យ ជំរាប​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ជំនួប​សវនាការ​ព្រឹក​ថ្ងៃទី​០៥​ ខែ​សីហា​ ឆ្នាំ​២០១២​នេះ​នៅ​វិមាន​រដ្ឋសភា​។​
ក្នុងជំនួប​សវនាការ​នោះ លោក វ៉ាង ហ្វេ​ង បាន​ជំរាបជូន​សម្តេច​ប្រធានរដ្ឋសភា​ផងដែរ​ថា​ក្រោយពី​សេដ្ឋកិច្ច​បើកចំហ​ក្រុមហ៊ុន​លោក​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨០​មក​ម្លេះ រហូតមកដល់​ពេលនេះ​មាន​រយៈពេល​៣២​ឆ្នាំ​ហើយ ។ អាស្រ័យ​ដោយមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​ផលិត​គ្រឿងចក្រ ក្រុមហ៊ុន​មានការ​រីកចម្រើន ពិសេស​នៅ​ខេត្ត សាន​ទុង ប្រទេស​ចិន​ដែលជា​ស្រុកកំណើត​របស់លោក ។ លោក​បន្តថា ក្រុមហ៊ុន​សាន​ទូ​យ​ចិន​បាន​បោះទីតាំង​ក្រុមហ៊ុន​នៅ​កម្ពុជា ហើយ​បច្ចុប្បន្នកំពុង​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការលក់ ការធ្វើ​អាជីវកម្ម​គ្រឿងចក្រ ។ ក្រុមហ៊ុន​របស់លោក​មា​ន​ពីរ​ផ្នែក គឺ​ផ្នែក​គ្រឿងចក្រ និង​ផ្នែក​កសិកម្ម ហើយ​បន្ទាប់ពី​ជំនួប​សវនាការ​ជាមួយ​សម្តេច​នេះ​ទៅ ក្រុមហ៊ុន​នឹង​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​តំបន់​អភិវឌ្ឍន៍​អន្លង់​ជ្រៃ​ដែលជា​ភូមិកំណើត​របស់​សម្តេច​។​
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ការបំពេញ​ទស្សនកិច្ច​របស់​ក្រុមហ៊ុន​សាន​ទូ​យ​ចិន​នៅ​កម្ពុជា ដោយបាន​ចាត់ទុកថា​មាន​សារសំខាន់ ជាពិសេស​បានផ្តល់​លទ្ធភាព​ទ្វេ​ឡើង​ថែមទៀត ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​កម្ពុជា ចិន ។ សម្តេច​បាន​បន្តថា ទាក់ទង​លើ​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ជាការ​ងារ​សំខាន់បំផុត​ដើម្បី​បង្កើនល្បឿន​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ ការ​ជម្រុញ​លើកទឹកចិត្ត​វិស័យ​ឯកជន ជា​កម្លាំង​ជំរុញ​ដ៏​ចម្បង​នៃ​កំណើនសេដ្ឋកិច្ច គឺជា​មូលដ្ឋានគ្រឹះ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​ដំណើរការ ហើយ​ត្រូវបាន​លើក​ម្តងទៀត​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​២​សម្រាប់​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​។ សម្តេច​ប្រធានរដ្ឋសភា​បានស្នើ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យមើល​សក្តានុពល​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ដែល​អាចធ្វើ​ទៅបាន​នៅ​ក្នុ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​
ជាការ​ឆ្លើយតប​នឹង​ការអញ្ជើញ​របស់​ក្រុមហ៊ុន​ចិន​សុំ សម្តេច​ប្រធានរដ្ឋសភា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្ត​សាន​ទុង​ប្រទេស​ចិន សម្តេច​បានទទួល​យក​នូវ​ការអញ្ជើញ​នេះ ហើយ​ថា​នៅពេលដែល​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ​សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​សាន​ទុង​ប្រទេស​ចិន​៕
សុង​យោ​