Sunday, September 9, 2012
សម្តេច ហេង សំរិន នឹងចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត AIPA នៅថ្ងៃទី១៦កញ្ញា
ភ្នំពេញ: ប្រធានសភាឥណ្ឌូនេស៊ី និងជាប្រធានអន្តរសភាអាស៊ាន អាយប៉ា AIPA ( Asean Inter-Parliamentary Assembly ) ដែលមានសមាជិក ១០ ប្រទេស ក្នុងសមាគមអាស៊ាន បានមកអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត លើកទី៣៣ របស់សភាអាស៊ាន អាយប៉ា ដែលនឹងប្រព្រឹត្តទៅ នៅខេត្តលំបុក ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៦ ខែកញ្ញា ខាងមុខនេះ។ នេះយោងតាមប្រសាសន៍លោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានសភាកម្ពុជា និងឥណ្ឌូនេស៊ី នៅវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ លោក ជាម យៀប បានមានប្រសាសន៍បន្តថា “នៅក្នុងដំណើរមកអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត លើកទី៣៣ របស់សភាអាស៊ាន អាយប៉ា (IPA) នោះដែរ លោកម៉ាហ្ស៊ូគីអាលី ប្រធានសភាឥណ្ឌូនេស៊ី និងជាប្រធានសភាអាស៊ាន អាយប៉ា (IPA) បានសម្តែងការនូវការសំណេះសំណាលនូវបញ្ហាមួយចំនួន ជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា ក្នុងបំណងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសកម្ពុជា ជាមួយសភាប្រទេសឥណ្ឌូនេស៊ី ឲ្យកាន់តែរឹងមាំឡើង”។
លោក ជាម យៀប បានមានប្រសាសន៍ទៀតថា នៅក្នុងជំនួបពិភាក្សានោះដែរ លោកលោក ម៉ាហ្ស៊ូគីអាលី ប្រធានសភាឥណ្ឌូនេស៊ី បានស្នើសុំបទពិសោធ ក៏ដូចជាទេពកោសល្យដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំសភាប្រទេសកម្ពុជា ក៏ដូចជា កាលពីឆ្នាំ២០១១កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំអាយប៉ា (IPA) នៅប្រទេសកម្ពុជា ទទួលបានមហាជោគជ័យជូនដល់ជាតិ។
លោកជាមយៀប ក៏បានបន្ថែមថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងដឹកនាំដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត លើកទី៣៣ របស់សភាអាស៊ានអាយប៉ា (IPA) នៅប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ ហើយបន្ទាប់ពីបញចប់កិច្ចប្រជុំនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំដឹកនាំគណៈប្រតិភូសភាកម្ពុជា និវត្តន៍មកមាតុប្រទេសវិញ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២៕