Sunday, September 9, 2012

រយៈពេល ៧​ថ្ងៃ គ.ជ.ប ​ចុះ​ឈ្មោះអ្នក​បោះឆ្នោត​ថ្មី បាន​ជាងមួយសែន​នាក់​

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ​.​ជ​.​ប​) បានប្រកាស​ពី​លទ្ធផល​បណ្ដោះ​អាសន្ន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត ចំនួន ១០១.២៦៧ នាក់ ស្មើនឹង ១៦,៣៤ ភាគរយ ដែល​តួលេខ​នេះ បាន​ទទួល​ពី​ឃុំ​-សង្កាត់ ចំនួន ១.៥៧២ ក្នុង​ចំណោម​ឃុំ​-សង្កាត់ ចំនួន ១.៦៣៣ ទូទាំង​ប្រទេស​។​

​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​លើកឡើង​ថា ស្មៀនឃុំ-សង្កាត់ បានកែតម្រូវ​ឈ្មោះ​អ្នក​បោះឆ្នោត​បាន​ចំនួន ៨.៦៦០​ នាក់ និង​លុបឈ្មោះ​បាន​ចំនួន ៣០.៤៧៥ នាក់​។ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត មាន​រយៈពេល ៤២​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២​។ 

​តាម​របាយការណ៍ គិត​ត្រឹម​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២​ មាន​គណបក្សនយោបាយចំនួន​ ៥ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​នរោត្តមរណឫទ្ធិ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បានដាក់​តំណាង​ចូលរួម​សង្កេតមើល​ដំណើរការ​នេះ​។ រីឯ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចំនួន​ ៣ គឺ​ខុមហ្វ្រែល NDI និង IFES ក៏​បាន​ដាក់​អ្នកសង្កេតការណ៍ ចូលរួម​សង្កេតមើល​ការងារ​នេះ​ផងដែរ​។​

​សេចក្ដីប្រកា​សព័ត៌បាន​ឲ្យដឹងថា លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​អ្នក​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ពិសេស​យុវជន យុវនារី​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ (​កើតមុន ឬ​ត្រឹម​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​១៩៩៥) និង​អ្នក​ផ្លាស់​ទីលំនៅ​ចូល​ក្នុង​ឃុំ-សង្កាត់ សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យបាន​គ្រប់ៗ​គ្នា នៅក្នុង​អំឡុង​ពេល​នេះ ព្រោះថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ គឺជា​ការកសាង​បញ្ជី​បោះ​ឆ្នោត​មួយ សម្រាប់​បម្រើឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ហើយ​ដើម្បី​បោះឆ្នោត​បាន ​ប្រជាពលរដ្ឋត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្លូវការ ដែល​មានឈ្មោះ និង​ទិន្នន័យ ​ត្រូវ​គ្នានឹង​ឈ្មោះ និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​។​

​សូមបញ្ជាក់​ថា តាម​តារាង​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន អ្នក​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​នេះ មាន​ចំនួន ៦១៩.៦៣០ នាក់​៕​