Sunday, September 9, 2012

វិស័យឯកជន មានភាពចាំបាច់ សម្រាប់ការតភ្ជាប់អាស៊ាន


ភ្នំពេញ​: ប្រមុខការទូតកម្ពុជា បានប្រកាស​ថា សមាគម​អាស៊ាន ​មាន​គោលបំណង​ជំរុញ​ការ​តភ្ជាប់​​តំបន់ ខ​ណៈពេលដែល​អាស៊ាន កំពុង​ឆ្ពោះទៅ​ជា​សហគមន៍​អាស៊ាន​ នាឆ្នាំ​២០១៥ ដោយ​ត្រូវការ​ចូលរួម​យ៉ាង​ពេញលេញ​ពី​វិស័យ​ឯកជន​។​

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក​ ហោ ណាំហុង បាន​មាន​ប្រសា​សន៍ថា “​ក្នុង​ការ​តភ្ជាប់​តំបន់​អាស៊ាន ​ឲ្យបាន​ចប់សព្វគ្រប់ ខ្ញុំ​គិតថា វិស័យ​ឯកជន គួរតែ​ត្រូវ​ចាត់ទុកជា​ដៃគូដ៏សំខាន់​ពេញលេញ​មួយ​។ ​អាស៊ាន​ត្រូវតែ​ធ្វើ​សមាហរណកម្ម មាន​ភាពទាក់ទង​គ្នា​ឲ្យ​បាន​ច្រើន ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ជា​កន្លែងដែល​វិស័យ​ឯកជន​ដើរតួ​ជា​ម៉ាស៊ីន​យ៉ាងសំខាន់ សម្រាប់​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​”​។​

ចំណែក​អគ្គលេខាធិការ​អាស៊ាន លោក​ សុ​រិ​ន ពិត​សុ​វ៉ាន់ (Surin Pitsuwan) បាន​ផ្ញើ​សេចក្តីថ្លែងការណ៍ ដែលត្រូវបានចែកចាយនៅក្នុង​ស​ន្និ​សីទ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ ​ថា “​សកម្មភាព​ក្រុមក្នុង​តំបន់ បាន​បង្កើត​ឲ្យ​មានកិច្ចខិតខំ​ប្រឹងប្រែងដ៏​អស្ចារ្យ​​មួយ ក្នុងការ​ធានា​ដល់​ធន​ធាន​ហិរញ្ញវត្ថុ​ សម្រាប់​គម្រោង​ត​ភ្ជាប់​អាស៊ាន។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ការតភ្ជាប់​អាស៊ាន​ នឹង​មិនអាច​សម្រេច​ទៅបាន​ឡើយ ប្រសិន​ពួកយើងពឹង​ផ្អែក​​តែ​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ រប​ស់​រដ្ឋាភិបាល​តែម្នាក់ឯង​។ វិស័យ​ឯកជន​ មាន​តួ​នាទី​​ដ៏មហិមា​មួយ ​ក្នុង​ការតភ្ជាប់​នេះ​”​។​

លោក​អគ្គលេខាធិការអាស៊ាន បាន​បន្តទៀតថា ​“​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​ការ​លើសពី​មួយ​ទសវត្សរ៍ទៀត ដើម្បី​ផ្តល់ឱកាស​ដល់អ្នក​វិនិយោគទុន ដែលមាន​ចំណាប់​អារម្មណ៍ ក្នុង​ការធ្វើ​វិនិយោគទុន​ក្នុង​តំបន់​អាស៊ាន​​។ ​ពួកយើង​ក៏​ជឿជាក់​ដែរ​ថា ការ​វិនិយោគ​​ទុន ​នឹង​អាច​នាំទៅដល់​ការផ្លាស់ប្តូរ​ដ៏​ល្អ​បំផុត និង​ផ្តល់​ផល់​ប្រយោជន៍​ដល់​ទាំង​សាធារណៈ ទាំងវិស័យ​ឯកជន ហើយ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវការ​ទំនាក់​ទំនង​ក្នុង​តំបន់​អាស៊ាន នឹង​អាចជួយ​សម្រួល​ដល់​ការ​ប្រតិបត្តិការ​ជំនួញក្នុង​តំបន់​”​។​

​លោក ​សុ​រិ​ន បាន​បន្ថែម​ទៅ​ថា “​ទីផ្សារ​ប្រជាជន​ចំនួន ៦០០​ លាន​នាក់ ​កំពុង​រង់ចាំ​រាល់​ក្រុមហ៊ុន​ទាំង​តូចទាំង​ធំ​​។ ពួកយើង​សង្ឃឹមថា នឹង​បានឃើញ​ដៃគូ​ឯកជន​សាធារណៈ​ កាន់តែ​ច្រើនឡើង ដែលមាន​វិស័យ​ឯកជន​ ធ្វើការ​ជាមួយ​រដ្ឋាភិបាល ​តាម​រយៈស្ថានភាព​ថ្មីៗផ្សេងៗ ដែល​គួរតែ​អំពាវនាវ​ទៅដល់​ទីផ្សារ និង​ត្រូវ​បានបង្ហាញ​នៅ​ក្នុង​​ភាសា​ទីផ្សារ (language of the market)”៕​