Sunday, September 9, 2012

អាស៊ាន​ត្រូវការ​ថវិកា ៦០០ ពាន់​លាន​ដុល្លារ សំរាប់​ត​ភ្ជាប់ សហគមន៍​អាស៊ាន ឆ្នាំ​២០១៥

ភ្នំពេញ: ការតភ្ជាប់​សហគមន៍​អាស៊ាន ត្រូវការ​ថិ​កា ចំនួន ៦០០ ពាន់​លាន​ដុល្លារ​។ នេះ​ជាការ​លើកឡើង​របស់លោក Lim Chze Cheen តំណាង​អគ្គលេខាធិការ​អាស៊ាន នៅក្នុង​កិច្ចប្រជុំ​ស្តីពី “​កា​រត​ភា្ជ​ប់​អាស៊ាន សំរាប់​កសាង​សហគមន៍​អាស៊ាន​”​។ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១២ ។​

​កិច្ចប្រជុំ​ស្តីពី “​កា​រត​ភា្ជ​ប់​អាស៊ាន សំរាប់​កសាង​សហគមន៍​អាស៊ាន​” រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ និង​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ ធ្វើឡើង ក្នុង​បំណង ដើម្បី​ពង្រឹង​កិច្ចទំនាក់ទំនង និង​ការអភិវឌ្ឍ អាស៊ាន ជា​ពិស​ស​ការតភ្ជាប់​តំបន់​អាស៊ាន​ជា​សហគមន៍​តែមួយ ក្នុង​ឆ្នាំ​២០១៥​។​

​លោក Lim Chze Cheen តំណាង​អគ្គលេខាធិការ​អាស៊ាន លោក ស៊ូ​រិ​ន ពិត​សុវណ្ណ បាន​មានប្រសាសន៍ថា ការតភ្ជាប់​អាស៊ាន គឺជា​កូនសោរ​គន្លឹះ សម្រាប់​ការអភិវឌ្ឍ​យូរអង្វែង ក្នុង​សមាគមន៍​អាស៊ាន​។ 

​លោក​បន្តថា នៅសល់តែ​រយៈពេល​បី​ឆ្នាំ​ទៀត​ប៉ុណ្ណោះ អាស៊ាន​នឹង​ក្លាយទៅជា​សហគមន៍​អាស៊ាន ក្នុង​ឆ្នាំ​២០១៥ ដែល​តម្រូវ​ឲ្យ​ប្រទេស ជា​សមាជិក​អាស៊ាន ត្រូវ​ដោះស្រាយ​រាល់​វិបត្តិ​ផ្សេងៗ ដើម្បី​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន​មួយ​នេះ ឲ្យ​លេចចេញ​ជា​រូបរាង​ឡើង​។​

​លោក Lim Chze Cheen បាន​បញ្ជាក់ថា ខណៈដែល​សមាជិក​អាស៊ាន​ទាំងអស់ មានការ​ប្តេជ្ញា ក្នុង​ការកសាង​សហគមន៍​អាស៊ាន ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​ប៉ាន់ប្រមាណ​ថា អាស៊ាន​នឹងត្រូវ​ការ​ទឹកប្រាក់​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ជាង ៦០០ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ១០​ឆ្នាំ​ទៀត​។​

​នៅក្នុង​សុន្ទរកថា នា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤ នាទី​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា បាន​ថ្លែងថា​៖ “​ថវិកា​ប្រមាណ​ជា ៦០០ លាន​ដុល្លារ​នេះ គឺ​ស្ថិតក្នុង​បរិមាណ​តិចតួច​នៅឡើយ ពុំ​គ្រប់គ្រាន់​ក្នុងការ​ទ្រទ្រង់​តម្រូវការ​យ៉ាង​សម្បើម ចំពោះ​តំណ​ភ្ជាប់​អាស៊ាន​បានទេ​។ ដូច្នេះ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន ត្រូវ​ផ្តោតជាសំខាន់ ក្នុងការ​ទាក់ទាញ​ដៃគូ​ហិរញ្ញវត្ថុ ដើម្បី​បង្កើន​នូវ​ថវិកា ជាពិសេស​ដៃគូ​អាស៊ាន​បូក​បី កិច្ចប្រជុំ​អាស៊ី​បូព៌ា និង​ស្ថាប័ន​ពហុភាគី​”​។​

​តំណាង​អគ្គលេខាធិការ​អាស៊ាន ក៏បាន​លើកឡើងថា ការ​តំណ​ភ្ជាប់ តំបន់​អាស៊ាន នៅសល់តែ​ជាង​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​២០១៥​។ ដូច្នេះ​អ្វីដែល ជា​ចំណុច​អាទិភាព​នៃ​ដំណើរការ​សមាហរណកម្ម ក្នុង​តំបន់ គឺ​សារៈសំខាន់​នៃ​រូបសាស្ត្រ​អាស៊ាន ស្ថាប័ន និង​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស​។ សកម្មភាព​ទាំងនេះ នឹងធ្វើ​ឲ្យ​ដំណើរការ​ផលិតផល​មានដំណើរ ការល្អប្រសើរ​, សេវាកម្ម និង​មនុស្ស​ដោយ​បន្ទាត់ នៃ​ពេលវេលា នឹង​ក្លាយជា​កត្តា ប្រឈម​ពិតប្រាកដ​។​

​ក្នុងពេល​ផ្តើម​សន្និសីទ កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន បាន​លើកឡើងថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ដែលជា​ប្រធាន​នៃ​កិច្ចប្រជុំ បាន​លើកឡើងថា សមាគម​អាស៊ាន មាន​គោលបំណង​ជំរុញ​ការតភ្ជាប់​តំបន់ ខណៈពេលដែល​អាស៊ាន កំពុង​ឆ្ពោះ​ទៅជា​សហគមន៍​អាស៊ាន នា​ឆ្នាំ​២០១៥ ដោយ​ត្រូវការ​ចូលរួម​យ៉ាង​ពេញលេញ​ពី​វិស័យ​ឯកជន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​គូសបញ្ជាក់ថា “​ក្នុង​ការតភ្ជាប់​តំបន់​អាស៊ាន ឲ្យ​បាន​ចប់សព្វគ្រប់ ខ្ញុំ​គិតថា វិស័យ​ឯកជន គួរតែ​ត្រូវ​ចាត់ទុកជា​ដៃគូ​ដ៏​សំខាន់​ពេញលេញ​មួយ​។ អាស៊ាន​ត្រូវតែ​ធ្វើ​សមាហរណកម្ម មាន​ភាពទាក់ទង​គ្នា​ឲ្យ​បាន​ច្រើន ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ជា​កន្លែង ដែល​វិស័យ​ឯកជន​ដើរតួ​ជា​ម៉ាស៊ីន​យ៉ាងសំខាន់ សំរាប់​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​”៕​