Sunday, September 9, 2012

អត្ថន័យនៃពលកម្មរឹងមាំ ការបញ្ឈប់ការជួញដូរគ្រឿងញៀន

ភ្នំពេញ​: ​ខ្ញុំ​មាន​សេចក្តី​រីករាយ​ចំពោះ​ការចាប់អារម្មណ៍​ជា​បន្ត​មកលើ​ខ្ទង់​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​របស់ខ្ញុំ​។ សូម​អរគុណ​ប្រជាជន​កម្ពុជា​ជា​អ្នកអាន ចំពោះ​សំនួរ ដែល​បំផុស​អោយមាន​ការផ្លាស់ប្តូ​រម​តិ​គ្នា​របស់​លោកអ្នក​។ សូម​បន្ត​ផ្ញើ​សំនួរ​មក​ខ្ញុំ​តាមរយៈ​អ៊ីម៉េល AskAMBToddPP@state.gov​។​

​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ សហរដ្ឋអាមេរិក​អបអរ​ទិវា​ពលកម្ម (Labor Day) ដើម្បី​សំដែង​ការ ដឹងគុណ​ចំពោះ​ការរួមចំណែក​របស់​ក​ម្មករ​អាមេរិក​ដល់​ភាពខ្លាំង និង​វិបុលភាព​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​។ សំនួរ​មួយ​ដែល​ខ្ញុំ​ចង់​ឆ្លើយ​សួរថា “​តើ​ទិវា​ពលកម្ម​មាន​អត្ថន័យ​សំខាន់​ដូចម្តេច​សំរាប់​ប្រជាជន​អាមេរិក​?”​។ ជនជាតិ​អាមេរិក​អបអរ​ទិវា​ពលកម្ម​ទុក​ជាការ​រម្លឹក​មួយ ពី​តួនាទី​ដ៏​សំខាន់​ចាំបាច់​នៃ​ចលនា​កម្មករ ក្នុង​ការបន្ត​វិបុលភាព​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស កំរិតជីវភាព​រស់នៅ​ខ្ពស់ និង​សក្តានុពល​ច្រើនឡើង​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​។ សហរដ្ឋអាមេរិក​អបអរ​ថ្ងៃបុណ្យ​ទិវា​ពលកម្ម​ជា​លើកដំបូង​នៅ​ឆ្នាំ ១៨៩៤ ដែលជា​ឆ្នាំមាន​កូដកម្ម​ជាទូទៅ មាន​អស្ថេរភាព​សេដ្ឋកិច្ច​និង​សង្គម​យ៉ាង​ជ្រាលជ្រៅ​។ ក្នុង​គោលបំណង​សំដែង​ការដឹងគុណ​ចំពោះ​ការរួមចំណែក​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​របស់​កម្មករ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​បង្កើតអោយមាន​ថ្ងៃ​ពិសេស​មួយ ដើម្បី​ជា​កិត្តិយស​ដល់​កម្ម​ករទាំង​អស់ គឺ​ថ្ងៃ​ចន្ទ​ក្នុង​សប្តាហ៍​ទីមួយ​នៃ​ខែកញ្ញា​។ នៅ​ចុង​សតវត្សរ៍​ទី​១៩ កម្មករ​អាមេរិក​ប្រឈម​នឹង​បញ្ហា​ជាច្រើន ប្រហាក់ប្រហែល​នឹង​បញ្ហា​ដែល​កម្មករ​ខ្មែរ​មាននៅ​ពេលនេះ​ដែរ គឺ​ការចំណាយ​ក្នុងការ​រស់នៅ​កាន់តែ​ខ្ពស់ ការប្រែប្រួល​យ៉ាងច្រើន ផ្នែក​សង្គម និង​បច្ចេកទេស​ក្នុង​កំលាំង​ពលកម្ម និង​ការយល់ឃើញ​របស់​ក្រុម​ថៅកែៗ​ដែល​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​សេចក្តីត្រូវការ​របស់​ក​ម្មករ​។ បច្ចុប្បន្ននេះ ចលនា​កម្មករ​នៅ​ប្រទេស​កម្ពុជា​ផ្តោត​ការយកចិត្ត​ទុក ដាក់​លើ​ការកែលំអ​ស្ថានភាព​ការងារ និង​ការតំឡើង​ប្រាក់​ឈ្នួល​។​

​ចលនា​កម្មករ​បានកំណត់​ការរំពឹងទុក​ថ្មីៗ ស្តីពី​ប្រាក់​ឈ្នូ​ល និង​ស្ថានភាព​ការងារ​នៅ​ប្រទេស​អាមេរិក​។ អ្នកខ្លះ​បាន​និយាយថា ចលនា​នេះ​បាន​បង្កើតអោយមាន​វណ្ណៈ​ថ្នាក់កណ្តាល​យ៉ាងច្រើន ដែល​ផ្តល់​កំលាំង​ដល់​សេដ្ឋកិច្ច​អាមេរិក​នាពេល​បច្ចុប្បន្ន​។ ផ្ទុយទៅវិញ អ្នក​ខ្លះទៀត​និយាយថា ឧស្សាហកម្ម​អាមេរិក បាន​បង្កើតអោយមាន​វ​ណ្ណៈ​កណ្តាល ពីព្រោះថា នៅពេល​ក្រុមហ៊ុន​ស្វែងរក​បច្ចេកទេស​ថ្មីៗ ដើម្បី​កែលំអ​ផលិតភាព ប្រាក់ចំណេញ​ដែល​ទទួលបាន​បន្ទាប់មក ធ្វើអោយ​ក្រុមហ៊ុន​អាច​តំឡើង​ប្រាក់​ឈ្នួល​បាន​។ 
​អំណះអំណាង​ទាំងពីរ​នេះ​សុទ្ធ​តែមាន​ការពិត​។ ដូច​ការដែល​កំណើន​ប្រាក់ចំណេញ​មិនមែន​សុទ្ធតែ​នាំ អោយមាន​កំណើន​ប្រាក់​ឈ្នួល​ជា​ស្វ័យប្រវត្តិ​នោះទេ​។ កំណើន​តំរូវការ​ពលកម្ម​ក៏​មិនមែន​សុទ្ធតែ​បង្កើត អោយមាន​ស្ថេរភាព​សេដ្ឋកិច្ច​ច្រើន​សំរាប់​ក្រុមហ៊ុន​ដែរ​។ វា​ត្រូវតែមាន​ការសំរបសំរួល​គ្នា និង​ការព្រមព្រៀង គ្នា​ពី​ភាគី​ទាំងអស់​ដើម្បី​ឈានដល់​ដំណោះស្រាយ​។ ពលកម្ម​និង​ជំនួញ​មាន​ការពឹង​ផ្អែកលើ​គ្នា​ទៅវិញ ទៅមក ហើយ​ត្រូវការ​គ្នា ដើម្បី​ធ្វើអោយ​ក្រុមហ៊ុន​មានជោគ​ជ័យ ហើយ​មាន​របក​គំ​ហើយ​និង​គំនិត​ថ្មីៗ​។ អតីត​ប្រធាន​នា​ធិបតី​សហរដ្ឋអាមេរិក គឺ​លោក Dwight D. Eisenhower ដែលជា​អ្នកដឹកនាំ​គាំទ្រ​ក្រុមហ៊ុន​រកស៊ី បាន​មានប្រសាសន៍​ក្នុង​ឆ្នាំ​១៩៥៥​ថា​៖

​កម្មករ​ដែលមាន​សហ​ជីព​តំណាង និង​អ្នក​ដែល​បាន​ចាកចេញ​ទៅមុន ក្នុង​ចលនា​សហជីព​បាន​ជួយ​រួមវិភាគទាន​ពិសេស​ដល់​សុខមាលភាព​ទូទៅ​នៅក្នុង​ប្រទេស ពោលគឺ​ការតាក់តែង​
​ទស្សនៈ​របស់​អាមេរិក​ស្តីពី​កំលាំង​ពលកម្ម​។ ទស្សនៈ​នេះ បើ​ត្រូវបាន​ធ្វើតាម​នៅ​ទូទាំង​ពិភពលោក អាចធ្វើអោយ​ពិភពលោក​មាន​វិបុលភាព សន្តិភាព ដោយ​ចែករំលែក​ផ្លែផ្កា​លើ​ភពផែនដី ដោយ​ផ្តល់​យុត្តិធម៌​សំរាប់​មនុស្ស​ទាំងអស់​។​

​ប្រវត្តិសាស្ត្រ​អាមេរិក​បានបង្ហាញ​ថា ចលនា​កម្មករ​មួយ​ដែល​រឹងមាំ​រួមជាមួយ​នឹង​វណ្ណៈ​កណ្តាល ដែលមាន​សិទ្ធិអំណាច មាន​សារៈសំខាន់​ចាំបាច់​ដើម្បី​ធ្វើអោយមាន​ដំណើរការ​ប្រជាធិបតេយ្យ​។ នៅពេល​អ្នកធ្វើការ​ស្ថិតក្នុង​សភាព​ក្រីក្រ ឬ​ជិត​ស្ថិតក្នុង​ភាពក្រីក្រ គេ​គ្មាន​មធ្យោបាយ​ដើម្បី​ចូលរួម​ពេញលេញ​ក្នុង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​បានទេ​។ អ្នក​ទាំងនោះ​គឺជា​ក្រុមមនុស្ស​ដែល​គ្មាន​ពេល កំលាំង ឬ​ថវិកា​សំរាប់​ចូលរួម​ពេញលេញ​ក្នុងការ​ពិភាក្សា​ទាក់ទង​នឹង​បញ្ហា​សង្គម និង​នយោបាយ​ទេ​។ បើ​គ្មាន​ការរួមចំណែក​ពី​កំលាំង​កម្មករ​ដ៏​រឹងមាំ​នោះ ប្រជាជាតិ​មួយ​មិនអាច​សំរេច​សក្តានុពល​សេដ្ឋកិច្ច ប្រកបដោយ​ការស្ថាបនា​របស់ខ្លួន​បាន​នោះទេ​។​
​ដោយ​ធ្វើការ​ដើម្បី​ធ្វើអោយមាន​តុល្យភាព​គ្នា​រវាង​សេចក្តីត្រូវការ​របស់​ក​ម្មករ និង​ក្រុមហ៊ុន សហរដ្ឋអាមេរិក​សំរេចបាន​ភាពស្ងប់ស្ងាត់​ក្នុងសង្គម​បាន​មួយកំរិត ដែល​មនុស្ស​ជាច្រើន​បាន​គិតថា មិន​អាចមាន​ទៅរួច​។ ស្ថេរភាព​នេះ​បាន​ក្លាយជា​គំរូ​មួយ​សំរាប់​ប្រជាជាតិ​ដទៃទៀត នៅ​ជុំវិញ​ពិភពលោក​។ តុល្យ​ភាពមិន​នៅ​នឹង​មួយកន្លែង​ទេ​។ 
​វា​មានការ​ប្រែប្រួល​ជាប្រចាំ​ទៅតាម​តំរូវ​ការដែល​វិ​វត្ត​របស់​ក្រុមហ៊ុន និង​កម្មករ​។ សំខាន់​ជាង​អ្វី​ទាំងអស់នោះ​គឺថា សន្តិភាព​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ត្រូវបាន​រក្សា​តាមរយៈ​ការគោរព​ចំពោះ​សេចក្តីត្រូវការ​របស់​អ្នកដទៃ និង​ជំនឿ​លើ​និតិរដ្ឋ​។​
​នេះ​ជា​សំណួរ​មួយទៀត ដែល​ខ្ញុំ​ចង់​ឆ្លើយ​ក្នុង​សប្តាហ៍​នេះ ៖ តើ​សហរដ្ឋអាមេរិក​គិត​យ៉ាងដូចម្តេច​អំពី​ការជួញដូរ​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា​? ព័ត៌មាន​ថ្មីៗ​ស្តីពី​ការបង្ក្រាប​គ្រឿងញៀន និង​ករណី​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​គ្រឿងញៀន​បានធ្វើអោយ​មានការ​ចាប់​អារម្មណ៍​ជាច្រើន​។ នៅ​ដើម​ឆ្នាំនេះ តុលាការ ខេត្ត​មួយ​នៅ​កម្ពុជា បាន​កាត់ទោស​អតីត​ប្រធាន​គ​របាល​ផ្នែក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង អ្នក​ស្ថិតនៅ​ក្រោមបង្គាប់​គាត់​ពីបទ​ព្រហ្មទណ្ឌ​ជាច្រើន​ទាក់ទង​នឹង​គ្រឿងញៀន​។ កាលពី​ជាង​មួយ​សប្តាហ៍​មុន រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ដ៏​ធំ​មួយ​ក្នុងការ​នាំយកមក​កាត់ទោស នូវ​បុគ្គល​ដែលមាន​ការ ទទួលខុសត្រូវ​ចំពោះ​ការរត់ពន្ធ​គ្រឿងញៀន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​។ ការចាប់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ នូវ​មន្ត្រី​ថ្នាក់ខ្ពស់​ខ្លះ បង្ហាញអោយឃើញ​ការតាំង​ចិត្ត​ដ៏​មុតមាំ​របស់​អាជ្ញាធរ​កម្ពុ​ជា ក្នុងការ​បង្ក្រាប​អង្គការ ចាត់តាំង​ដែលមាន​ចំណែក​ក្នុងការ​ធ្វើអោយមាន​វិបត្តិ​គ្រឿងញៀន ដែល​ប៉ះពាល់​មិន​ត្រឹមតែ​ប្រទេស កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ប៉ះពាល់​ដល់​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។ ស្ថានទូត​សហរដ្ឋអាមេរិក​សូម​សរសើរ​នូវ​ចំណាត់ការ​ទាំងនេះ​ដែល​គោរព​តាម​និតិរដ្ឋ​។​

​កាលពី​ប៉ុន្មាន​ឆ្នាំមុន ក្នុងនាម​ជា​ឧបការី​រង​ជាន់ខ្ពស់​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស ដែល​បំពេញការងារ​ក្នុ្ង​ង​ការិយាល័យ​កិច្ចការ​ពង្រឹង​ច្បាប់ និង​គ្រឿងញៀន​អន្តរជាតិ ខ្ញុំ​បានទទួល​ខុសត្រូវ​ចំពោះ​កម្មវិធី​ជា​សាកល​មួយ​សំរាប់​ការជំរុញ​ការប្រតិបត្តិ​ល្អ​តាម​និតិរដ្ឋ ការហ្វឹកហ្វឺន​នគរបាល និង​ការងារ​ប្រឆាំង​គ្រឿងញៀន នៅតាម​តំបន់​ខ្លះ​នៃ​ពិភពលោក​ដែល​ងាយ​នឹងមាន​បញ្ហា​ផ្ទុះឡើង ដូចជា នៅ​ប្រទេស​អ៊ីរ៉ាក់ អាហ្កានីស្ថាន និង​ប្រទេស​កូ​ឡុំ​ប៊ី​ជាដើម​។ 
​ផលប៉ះពាល់​នៃ​ជំនួញ​គ្រឿងញៀន​ខុសច្បាប់​ដែល​ធ្លាក់​ទៅលើ​សង្គមជាតិ គ្រួសារ និង​បុគ្គល​ម្នាក់ៗ​មាន​ភាព​ជ្រាលជ្រៅ និង​ស្មុគស្មាញ ដោយ​រាប់​ពី​សកម្មភាព​ល្មើស​ព្រហ្មទណ្ឌ​ដោយផ្ទាល់ ការលាង​លុយកខ្វក់ ការប្រើប្រាស់​អាវុធ ដល់​ការប៉ះពាល់​ដល់​គ្រួសារ ហើយ​ចុងក្រោយ​ដល់​បុគ្គល​ខ្លួនឯង​ដែលមាន​ការ​ញៀន​ជាប់ កា​អាម៉ាស់ និង​ការប៉ះពាល់​ដទៃទៀត​លើ​ស្មារតី​និង​រាងកាយ​។ ប្រទេស​កម្ពុជា​អាចមាន​មោទនភាព​ចំពោះ​ការខិតខំ និង​ជោគជ័យ​របស់ខ្លួន​ក្នុងការ​ចាប់ខ្លួន និង​នាំយកមក​កាត់ទោស​នូវ​ជន​ប្រព្រឹត្ត​ការជួញដូរ​គ្រឿងញៀន ពិសេស​អ្នក​ដែល​ឆ្លៀត​យកមុខ​តំណែង​ផ្លូវការ​របស់ខ្លួន​មក​ប្រើ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​វា​ជាការ​គួរអោយ​សោកស្តាយ​ដែល​គ្មាន​ដំណោះស្រាយ​ងាយស្រួល​។ ការប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​ជា​សាកល​នេះ ទាមទារ​អោយមាន​ការខិតខំ មិនមែន​តែ​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ការខិតខំ​របស់​ពលរ​ដ្ឋ​ម្នាក់ៗ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ជួយ​អ្នកញៀន​ថ្នាំ អ្នក​ដែលមាន​ការទទួលខុសត្រូវ​ក្នុងការ​ប្រតិបត្តិ​ច្បាប់​ប្រឆាំង​គ្រឿងញៀន និង​ចាប់​អោយទទួល​ខុសត្រូវ​នូវ​អ្នក​ដែល​ល្មើសច្បាប់​ផងដែរ​។ តាមរយៈ​ការខិតខំ​ដោយមាន​ការសំរបសំរួល​គ្នា​នេះ អ្នកញៀន​ថ្នាំ​អាច​ទទួលបាន​ការលើក​ទឹកចិត្ត អោយ​រក​មធ្យោបាយ ដើម្បី​កែលំអ​ជីវិត​របស់គេ ដែលជា​ការនាំ​អោយមាន​ការថយចុះ​នូវ​តំរូវការ​គ្រឿងញៀន​។ ប្រជាជន​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អាច​ទទូច​អោយ​មន្ត្រី​រដ្ឋាភិបាល​ពង្រឹង​ការអនុវត្ត​ច្បាប់ គាំទ្រ​កម្មវិធី​បន្សាប​អ្នកញៀន​ថ្នាំ ប្រកបដោយ​ភាព​មនុស្សធម៌ នាំយកមក​កាត់ទោស​នូវ​អ្នកប្រព្រឹត្ត​ល្មើសច្បាប់​។ តាមរយៈ​ការងារ​ទាំងនេះ យើងទាំងអស់គ្នា​អាចរួមចំណែក​ក្នុងការ​លុបបំបាត់​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​បាន​។​

​សូម​អរគុណ​ជាថ្មី​ម្តងទៀត ចំពោះ​ការតាមដាន​អាន​ខ្ទង់​សារព័ត៌មាន​របស់ខ្ញុំ និង​ការបង្កើតអោយមាន​ការ​ផ្លាស់ប្តូ​រមតិ​គ្នា​ប្រកបដោយ​ការគិតគូរ​។ សូម​បន្ត​ផ្ញើ​សំនួរ​ជា​ភាសា​អង់គ្លេស​ឬ​ខ្មែរ​មក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov​។ លោកអ្នក​ថែមទាំង​អាច​អាន Blog របស់ខ្ញុំ​ផងដែរ ដែលមាន​អាសយដ្ឋាន http://blogs.usembassy.gov/todd/៕​