Sunday, September 9, 2012

គណបក្ស​សង្គ្រោះ​ជាតិ សម្ពោធ​ទីស្នាក់ការ​ថ្មី នៅ​ថ្ងៃ​ទី​១១​កញ្ញា​

ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ បាន​បើកសម្ពោធ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន នៅ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយ​មាន​ការចូលរួម​ពី​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​លោក​សម រង្ស៊ី តាមរយៈ​វីដេអូ Conference​។ ទី​ស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​១៩៧២ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លោក ប៉ុល ហំ​ម អនុប្រធាន​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​ទីស្នាក់ការ​របស់​គណបក្ស​។ ការសម្ពោធ​ស្នាក់​គណ​គណបក្ស នៅពេលនេះ យោងទៅតាម មាត្រា​៩ នៃ​ច្បាប់​ស្តី ពី​គណបក្ស​នយោបាយ នៅពេល​ដែល​ក្រសួង​មហាផ្ទៃ ទទួលស្គាល់​ស្តីពី​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ បន្ទាប់​មក​គណបក្ស មាន​សិទ្ធិ​លើក​ស្លាក និង​បន្តដំណើរ​បំពេញបែបបទ​តទៅទៀត ដូចជា ការយក​ស្នាម​មេ ៤.០០០ នាក់ ធ្វើ​លក្ខន្តិកៈ និង​កម្មវិធី​នយោបាយ ដើម្បី​យកទៅ​ដាក់​ជូន​នៅ​ក្រសួង​មហាផ្ទៃ នៅក្នុង​សប្តាហ៍​ខាងមុខនេះ​។​

​លោក ប៉ុល ហំ​ម បាន​បន្តថា ចំពោះ​អ្នក​ដែល​ចូលរួម​ក្នុង​ពិធី​បើក​ស្នាក់ការ​គណបក្ស គឺ​មាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី មានដូចជា លោក​កឹម សុខា លោក​គង់ គាំ និង​លោក សម រង្ស៊ី តាមរយៈ​វីដេអី​ខិន​ហ្វ្រើ​រិន​។ 

​លោក ប៉ុល ហំ​ម បាន​បន្ថែមថា ការលើក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លើក​នៅ​តែ​រាជធានី​ភ្នំពេញ ហើយ​នៅ​តាម​បណ្តា​ខេត្ត គឺ​នៅ​មិនទាន់​លើក​ទេ ដោយសារតែ​មិនទាន់​មាន​រចនាសម្ព័ន្ធ​តាម​ខេត្ត​។ 

​ចំពោះ​ស្នាម​មេដៃ​អ្នកគាំទ្រ​ឲ្យ​បង្ក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤.០០០​នាក់ រួម​ទាំង​លក្ខន្តិកៈ ដែល​យក​ទៅ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ត្រូវបាន​អនុប្រធាន​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម បានបញ្ជាក់​ថា "​គណបក្ស​នឹង​ព្យាយម​យក​ទៅ​ដាក់​ជូន​ក្រសួងមហាផ្ទៃ នៅ​សប្តាហ៍​ក្រោយ តែ​មិន​ទាន់​ដឹងថា ថ្ងៃ​ណា​ទេ ដោយ​រង់ចាំ​លោក​សម រង្ស៊ី ចុះហត្ថលេខា​លើ​លិខិត​នោះ ពីព្រោះ​លោក ជា​ប្រធាន​”​។​

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​គ្នា​បង្កើតឡើង​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ដាក់ពាក្យ​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សុំ​បង្កើត​គណបក្ស កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង​បាន​យល់ព្រម​ឲ្យ​បង្កើតគណ​បក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ដើម្បី​ទទួលបាន​សុពលភាព​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បំពេញ​បែបបទ និង​លក្ខខ័ណ្ឌ ដូច​មានចែង​ក្នុង​មាត្រា​២០ ជំពូក​ទី​៥ នៃ​ច្បាប់​គណបក្សនយោបាយ នោះ​គឺ​ការបញ្ជូន​ស្នាម​មេដៃ​អ្នកគាំទ្រ​ឲ្យបាន​យ៉ាងតិ​ច ៤.០០០ នាក់ លក្ខន្តិកៈ ព្រម​ទាំង​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម ទៅ​កាន់​ក្រសួង​មហាផ្ទៃ​៕​