Sunday, September 9, 2012

គ​.​ជ​.​ប បង្កើត​មជ្ឈមណ្ឌល​ស្វែងរក​ឈ្មោះ​អ្នកបោះឆ្នោត តាម​ប្រព័ន្ធអ៊ីនធឺណិត នៅតាម​ខេត្ត​រាជធានី​

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បាន​ចុះ​ពិនិត្យមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត និង​សម្រេច​ជាគោលការណ៍ បង្កើត​មជ្ឈមណ្ឌល​ស្វែងរក​ឈ្មោះ​អ្នកបោះឆ្នោត តាម​ប្រព័ន្ធអ៊ីនធឺណិត នៅ​លេខាធិការដ្ឋាន​រាជធានី​ខេត្តរៀបចំ​ការបោះឆ្នោត​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ពី គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២ បានបង្ហាញ​ថា ចាប់តាំងពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែកញ្ញា​មក ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចុះ​ពិនិត្យមើល​ដំណើរការ​នេះ នៅតាម​បណ្ដា​ឃុំ-សង្កាត់ នៃ​រាជធានី-ខេត្ត​មួយចំនួន​ រួមមាន​ ខេត្ត​ស្វាយរៀង ព្រៃវែង តាកែវ កំពត និង​កែប​។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​មានប្រសាសន៍ថា នៅ​សប្ដាហ៍​ទី​២ នៃ​ខែ​កញ្ញា​នេះ ថ្នាក់ដឹកនាំ គ​.​ជ​.​ប នឹង​ត្រៀម​ចុះទៅពិនិត្យ​មើល​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅ​ខេត្ត​មួយចំនួនទៀត​។ លោក​បន្តថា ជា​ទូទៅ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ដំណើរការ​នេះបាន​ប្រព្រឹត្តទៅ​ល្អ​ទាំង​សណ្ដាប់ធ្នាប់ និ​ងសុវត្ថិភាព និង​ទទួលលទ្ធផល​គួរកត់សម្គាល់​។ នៅ​រាជធានី​ភ្នំពេញ អភិបាល​រាជធានី និង​អភិបាល​ខណ្ឌ​ទាំង​ ៩ បាន​ជួយ​ជំរុញ​ឲ្យ​គ្រប់​សង្កាត់​ទាំងអស់ ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត ស្វែងរក​ឈ្មោះ​អ្នកបោះឆ្នោត ដើម្បី​ជា​ជំនួយ​ក្នុង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្ថែមថា នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា គ​.​ជ​.​ប បាន​សម្រេច​ជា​គោលការណ៍ ​ឲ្យ​លេខាធិការដ្ឋា​ន​រាជធានី-ខេត្ត​រៀបចំ​ការបោះឆ្នោត​ (​ល​ធ​/​ខ​ប​) រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ស្វែងរក​ឈ្មោះ​អ្នកបោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត តាម​គេ​ទំព័រ www.voterlist.org.kh ដើម្បី​ផ្ដល់ព័ត៌មាន​ជូន​អ្នក​បោះឆ្នោត​។ បន្ថែម​លើ​នេះ គ​.​ជ​.​ប ក៏​បាន​ធ្វើលិខិត​មួយ ​កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ផ្ញើ​ជូន​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ដល់​អភិបាល នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​សាលាឃុំ-សង្កាត់ នៃ​រាជធានី-ខេត្ត​ណា​ ដែល​មាន​លទ្ធភាព និង​សមត្ថភាព​អាច​ប្រើប្រាស់​កុំព្យូទ័រ ​ជាមួយនឹងអ៊ីនធឺណិត សំដៅ​ពង្រឹង​គុណភាព​បញ្ជី​បោះឆ្នោត និង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ក្នុង​ការស្វែងរក​ឈ្មោះ និង​ទិន្នន័យ​ក្នុង​ពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​គួររម្លឹកថា កន្លងមក គ​.​ជ​.​ប តែង​បើក​មណ្ឌល​ស្វែងរក​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធអ៊ីនធឺណិត តាមរយៈ​ទូរស័ព្ទ​របស់​អ្នកបោះឆ្នោត តែ​ក្នុង​រយៈពេល​មុន​ថ្ងៃ​បោះឆ្នោត​ប៉ុណ្ណោះ​៕​ .