Sunday, September 9, 2012

រដ្ឋ​សភា​កម្ពុជា បញ្ជាក់ថា ជម្លោះ​ដែន​កោះ នៅ​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​

ភ្នំពេញ: ប្រមុខ​ដឹកនាំ​រដ្ឋ​សភា​កម្ពុជា បានបញ្ជាក់​ជំហរ​របស់​ខ្លួនទៅកាន់​ប្រធានសភា​ឥណ្ឌូណេស៊ី ថា ជម្លោះ​នៅ​ដែន​កោះក្នុង​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ចិននិង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ គឺ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី និង​គោរព​តាម​ក្រម​ប្រតិបត្តិ ដែល​បាន​ព្រមព្រៀង រួម​ទាំង​ច្បាប់​អន្តរជាតិ​នានា​។​

​ជំហរ​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​កម្ពុ​ជា​ដូច្នេះ បាន​បញ្ជាក់​ទៅ​កាន់​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី ដែល​បាន​ជួបប្រជុំគ្នា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​វិមាន​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ​។ ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី លោក ម៉ា​ហ្ស៊ូ​គី អា​លី ( Marzuki Alie ) បាន​សួរ​ពី​យោបល់​របស់​រដ្ឋ​សភា​កម្ពុជា​យ៉ាងណាខ្លះចំពោះ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ដែល​កម្ពុជា ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២​នេះ​។​

​សមាជិកសភា លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម របស់​រដ្ឋសភា បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត ក្រោយ​ពី​កិច្ចប្រជុំ​ថា ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ហើយ​ថា អ្វី​ដែល​មានចែង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​ទោះបីជា​មាន​ការពន្យា​រពេល​ចេញ​សេចក្តីថ្លែងការណ៍​នោះ​បន្តិច​មែន តែ​សេចក្តីថ្លែងការណ៍​រួម​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺ​កម្ពុជាក្នុងនាម​ជា​ប្រធាន​អាស៊ាន ដែល​មិនមែន​ជា​តុលាការ តែ​ជា​អ្នកសម្របសម្រួល គឺ​យើង​គាំទ្រ​នូវ​សេចក្តីថ្លែងការណ៍​ទាំង ៦ ចំណុច ដែល​រួមមាន ការស្នើ​សូម​ឲ្យ​ប្រទេសភាគី​នៃ​ជម្លោះ​នេះអនុវត្ត​ន៍ឲ្យបាន​ពេញទី​នូវ​សេចក្តីថ្លែងការណ៍​សម្រាប់​អនុវត្តន៍ DOC និង​ជំរុញ​ឲ្យបាន​ឆាប់រហ័​ស​នូវ COC ដើម្បី​អនុវត្ត​ន៍ឲ្យបាន​ឆាប់រ​ហ័ស​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក​ជាម​ យៀប ក៏​បាន​បញ្ជាក់ថា "​ថ្នាក់ដឹកនាំ​រដ្ឋសភា​កម្ពុជា ក៏​បាន​អំពាវនាវ ដោយ​ធ្វើយ៉ាងណា សូម​ឲ្យ​ប្រទេស​ដែល​មាន​ការពាក់ព័ន្ធ​ផ្ទាល់​នឹង​បញ្ហា​នេះ អនុវត្ត​ន៍ឲ្យបាន​ល្អ​ប្រសើ​រ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​ច្បាប់​ស្តីអំពី​ការប្រើប្រាស់​សមុទ្រ ដែល​ជា​ច្បាប់​របស់​អង្គការសហប្រជាជាតិ​។ ត្រូវ​អនុវត្ត​ន៍រួម​គ្នា ដើម្បី​អនុវត្ត​ន៍ការងារ​ឲ្យបាន​ល្អ​ប្រសើរ ហើយ​កម្ពុជា ក៏​ដូច​បណ្តា​ប្រទេស​អាស៊ាន គឺ​សំណូមពរធ្វើយ៉ាងណា ក្នុង​ការដោះស្រាយ​បញ្ហា​ជម្លោះ​នេះ កុំឲ្យ​មាន​ការប្រើប្រាស់​អាវុធ​យុទ្ធ​ភណ្ឌ​អ្វី​ទាំងអស់ ដោយ​ធ្វើយ៉ាងណា យក​សន្តិ​សហ​វិជ្ជមាន ធ្វើជា​មូលដ្ឋានសម្រាប់​ដោះស្រាយ​ការងារ​"​។​

​សូម​រម្លឹកថា ឥណ្ឌូណេស៊ី ជា​សហ​ស្ថាបនិក និង​ជា​សមាជិក​អាស៊ាន ដែលមាន ១០ ប្រទេស រួមមាន​៖ ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។ 

​ចំណែក​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​ឧបស័គ្គ​ដ៏​ក្តៅគគុក នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៤ ដែល​បាន​ធ្វើឡើង​កាលពីដើម​ខែ​កក្កដា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ ខណៈ​ដែល​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេនរបស់​អាស៊ាន នៅ​ឆ្នាំ​២០១២​។ ដោយសារតែ​ការ​មិន​ចុះសម្រុង​គ្នា​លើ​បញ្ហា​ជម្លោះ​នោះ នាំ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេ​ស​អា​ស៊ាន មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួមជា​លើកដំបូងនៅក្រោយ​កិច្ចប្រជុំ​។ នោះ​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​ជម្លោះ​ជាមួយនឹង​ចិន ក្នុង​រឿង​ដែន​កោះនៅ​សមុទ្រ​ចិន​ខាងត្បូង បានទាមទារ​ឲ្យ​ចិនដោះ​ស្រាយ​ជម្លោះ ជាមួយនឹង​អាស៊ាន​។ តែ​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន មិន​យល់ស្រប ហើយ​ប្រកាន់​ជំហរ​ដូច​ចិន គឺ​ជម្លោះ​ដែន​កោះ​នោះ ទុក​ឲ្យ​ចិនដោះស្រាយ​ទ្វេភាគី​រវាង​ចិន និង​បណ្តា​ប្រទេស​នីមួយៗ​ ដោយមិនត្រូវដាក់ជាបញ្ហារួមរបស់អាស៊ានឡើយ៕