Sunday, September 9, 2012

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចុះហត្ថលេខា សម្រេច​បណ្ថេញ​ជនជាតិ​ស៊ុយអ៊ែត

ភ្នំពេញ: ទី​បំផុត​ទៅ បន្ទាប់​ពី​អ្នកកាសែត​សួរនាំ​រឿង​ជនជាតិ​ស៊ុយ​អ៊ែត កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២ រួចមក គឺនៅល្ងាចថ្ងៃដដែលនោះ ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចុះហត្ថលេខា លើ​លិខិត សម្រេច​បណ្តេញ​បុរស​ជនជាតិ​ស៊ុយ​អ៊ែត​ ដែលពាក់ព័ន្ធនឹងបទល្មើសបង្កើតគេហទំព័រ ចេញពី​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​។​

​តាម​នីតិវិធី បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចុះហត្ថលេខា យល់ព្រម​លើ​លិខិត​បណ្ថេញ​ចេញ​នោះ​រួចរាល់​ហើយ គឺ​យ៉ាងយូរ​រយៈពេល​មួយ​សប្តាហ៍​ក្រោយមក ប៉ូលិស​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ត្រូវ​អនុវត្ត​តាម​សេចក្តីសម្រេច​នោះ​។​

​សូម​រម្លឹកថា នៅក្រៅ​កិច្ចប្រជុំ​លើក​ទី​៧ របស់​គណៈកម្មាធិការ​ជាតិ សម្រាប់​ការ អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ គ​.​ជ​.​អ​.​ប​. នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​មានប្រសាសន៍​ទៅកាន់​អ្នកកាសែត​ថា "​ឯកសារ មិនទាន់​បាន​មកដល់​ដៃ​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ធ្វើ​តាម​ច្បាប់​។ អា​នឹង​វា​អត់​ប្រព្រឹត្ត​បទល្មើស​នៅ​យើង​ទេ​។ ប្រព្រឹត្ត​បទល្មើស​នៅ​ស៊ុយអែត​ឯណោះ​"​។​

​ប៉ូលិស​កម្ពុជា បាន​ចាប់ខ្លួន​ជនជាតិ​ស៊ុយ​អ៊ែត​ម្នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ តាម​សំណើ​របស់​រដ្ឋាភិបាល​ស៊ុយ​អ៊ែត​។ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ថា នឹង​បញ្ជូន​ជនជាតិ​ស៊ុយ​អ៊ែត ឈ្មោះ Gottfrid Svartholm Warg អាយុ ២៧​ឆ្នាំ ចេញពី​កម្ពុជា​។ 

​ជនជាតិ​ស៊ុយ​អ៊ែត​នោះ ជា​សហ​ស្ថាបនិក​គេហទំព័រ The Pirate Bay ដែល​ត្រូវបាន​តុលាការ​ស៊ុយ​អ៊ែត កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ ក្រោម​បទ​ចោទ​រំលោភ​កម្មសិទ្ធិបញ្ញា កាលពី​ឆ្នាំ​២០០៩​។​

​គេហទំព័រ The Pirate Bay បង្កើតឡើង​នៅ​ឆ្នាំ​២០០៣ មាន​សមាជិក​រហូតដល់​៣០ លាន​នាក់​។ គេហទំព័រ​នេះ អនុញ្ញាត​អោយ​សមាជិក អាច​ទាញយក​ឯកសារ បទ​ចម្រៀង និង​កម្មវិធី​ហ្គេម​នានា ដោយ​មិន​គោរព​កម្មសិទ្ធិបញ្ញា​ឡើយ​៕​