Wednesday, September 19, 2012

នគរបាល​ខណ្ឌដូនពេញ​ក្របួច​ក្រុម​ចោរឆក់​២​នាក់​ទាំង​ព្រលប់​

​ភ្នំពេញ​ ៖​ បុរស​ជា​ជនសង្ស័យ​២​នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ភ្លាមៗ​ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​២​នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ ហើយ​មិន​បាន​សម្រេច​ បើក​ម៉ូតូ​គេចខ្លួន​មិន​បាន​ប៉ុន្មាន​នាទី​ក្រោយមក​ក៏​ត្រូវ​ចាប់ខ្លួន​តែ​ម្ដង​ ។​
​ហេតុការណ៍​ឆក់​កាបូប​ទៅ​លើ​នារី​រង​គ្រោះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១៨​ខែកញ្ញា​ឆ្នាំ​២០១២​ នៅ​ចំណុច​មុខ​ហាង​កាហ្វេ​ត្រជាក់ចិត្ដ​៦៨​ ផ្លូវ​លេខ​១៥៤​ សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​ ។​
​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​នារី​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ស​១​គ្រឿង​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​ទល់មុខ​ហាង​កាហ្វេ​ត្រជាក់ចិត្ដ​៦៨​ ក៏​ស្រាប់​ តែ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៩​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AK-6031​ ក្នុង​ទិស​ដៅ​ ស្របគ្នា​ជាមួយនឹង​ម៉ូតូ​នារី​រង​គ្រោះ​ រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​បណ្ដាល​ឱ្យ​នារី​រង​គ្រោះ​ដួល​ម៉ូតូ​ ហើយ​ក្រុម​ចោរ​ ដែល​ធ្វើ​សកម្មភាព​មិន​បាន​សម្រេច​ ក៏​ព្យាយាម​បើក​គេច​ពី​កន្លែង​កើតហេតុ​ ប៉ុន្ដែ​ត្រូវ​អ្នក​ធ្វើ​ដំណើរ​នៅ​ជិត​នោះ​ស្រែក​ ថា​ចោរឆក់​កាបូប​ ក៏​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​ប្រដេញ​ផង​ដែរ​ស្ទាក់​ចាប់​រហូត​ដល់​ចំណុច​ផ្លូវ​៦៣​ សង្កាត់​ ផ្សារ​ថ្មី​១​ ទល់មុខ​ហាង​កាហ្វេ​មណ្ឌលគិរី​ ក៏​ក្របួច​បាន​ក្រុម​ចោរឆក់​ទាំង​២​នាក់​ខាងលើ​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរ​ បាល​ខណ្ឌដូនពេញ​ ។​
​សមត្ថកិច្ច​បន្ដ​ថា​ ជនសង្ស័យ​មានឈ្មោះ​ ហ៊ាន​ ហឿ​ង​ អាយុ​១៩​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​លេខ​៧​ៅ​ សង្កាត់​ ជ្រោយចង្វា​ ខណ្ឌឫស្សីកែវ​ និង​ឈ្មោះ​ ជា​ តាំង​ហុង​ អាយុ​១៩​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ ចំណែក​នារី​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ស្គាល់​អត្ដសញ្ញាណ​នោះ​ទេ​ ដោយសារ​ពេល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ឆក់​ ធ្វើ​ឱ្យ​ពួក​គេ​ដួល​ និង​មិន​បាន​បាត់បង់​របស់របរ​ ក៏​មិន​បាន​ប្ដឹង​សមត្ថកិច្ច​ បើក​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​ ។​ ប៉ុន្ដែ​ជនសង្ស័យ​ ទាំង​២​ខាងលើ​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​ ៕