Wednesday, September 19, 2012

EZECOM សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​លើកកម្ពស់​ការអប់រំ​នៅ​កម្ពុជា​

ភ្នំពេញ: Ezecom ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ធើ​ណិ​ត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្ដល់ សេវា​អ៊ិន​ធើ​ណិ​ត និង​បរិក្ខារ​កុំព្យូទ័រ​ដល់​សាលារៀន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​ចំនួន ៥០ នៅ​ទូទាំងប្រទេស​។​

​កិច្ចព្រមព្រៀង​នេះ​–​ដែល​បាន​ធ្វើឡើង​កាលពី​ខែសីហា​ឆ្នាំ​២០១២ នឹង​ផ្ដល់​ធនធាន​អប់រំ កាន់តែ​ទូលំទូលាយ​ថែមទៀត ដល់​ថ្នាក់រៀន នៅតាម​បណ្ដា ខេត្ត​នានា នៅ​ទូទាំងប្រទេស​។ នេះ​ក៏​នឹង​មានន័យ​ផងដែរ​ថា ការសិក្សា​ពី​ចម្ងាយ​អាច​ក្លាយជា​ការពិត​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ សម្រាប់​សិស្សានុសិស្ស​រាប់សែន​នាក់​នៅ​ទូទាំងប្រទេស​។ 

​យោងតាម​សេចក្ដីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រុមហ៊ុន Ezecom រួមគ្នា​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា Ezecom នឹង​ផ្ដល់​សេវា​អ៊ិន​ធើ​ណិ​ត​ដោយ​ឥតគិតថ្លៃ​ដល់​សាលារៀន គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​ចំនួន ៥០ នៅ​ទូទាំងប្រទេស​។ ក្រសួង​អប់រំ ត្រូវបាន​គេ រំពឹងថា នឹង​ផ្ដល់​វគ្គ​បណ្តុះបណ្តាល​តាម​រយៈ​អ៊ិន​ធើ​ណិ​ត និង​ឯកសារ​បង្រៀន​-​រៀន ដែល​នឹង​ជួយ​ដល់​លោកគ្រូ អ្នកគ្រូ នៅតាម​ខេត្ត បំប៉នបន្ថែម នូវ​ជំនាញ របស់ខ្លួន​។​

​ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មានប្រសាសន៍ថា​៖ “​នេះ​គឺជា​គំរូ​មួយទៀត​នៃ​របៀប​ដែល​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​អាចធ្វើ​ការរួម​គ្នា​ដើម្បី​ការអភិវឌ្ឍ ប្រទេស​កម្ពុជា​។ 

​ក្រុមហ៊ុន Ezecom នឹង​ផ្ដល់​ការដំឡើង​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​កដោយ​ឥតគិតថ្លៃ ព្រមទាំង​ការប្រើ​អ៊ិន​ធើ​ណិ​ត​ដោយ​ឥតគិតថ្លៃ​ដល់​សាលារៀន និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​ចំនួន ៥០ នៅ​ទូទាំងប្រទេស​។ យោងតាម​ក្រុមហ៊ុន Ezecom ការដំឡើង​នេះ​ត្រូវបានធ្វើ​រួចរាល់​ហើយ ហើយ​សេវា​អ៊ិន​ធើ​ណិ​ត​ក៏ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​រួចរាល់​ហើយ​ដែរ​។​

​លោក Paul Blanche-Horgan ប្រធាន​ក្រុមហ៊ុន Ezecom មានប្រសាសន៍ថា “​ជានិច្ចកាល Ezecom មានបំណង​ប្រើប្រាស់​សមត្ថភាព IT របស់ខ្លួន​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ គម្រោង​នេះ​នឹង​អនុញ្ញាត​ឲ្យ​យើង​ប្រើប្រាស់​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក​ប្រវែង ៩០០០​គីឡូម៉ែត្រ​របស់​យើង ដើម្បី​ផ្ដល់​កាលានុវត្តភាព​អប់រំ​ដល់​យុវ​សិស្ស​នៅ​ទូទាំងប្រទេស​”​។​

​យោងតាម​លោក Blanche-Horgan អំណោយ​ជា​អ៊ិន​ធើ​ណិ​ត និង​ការដំឡើង​បណ្ដាញ ដោយ​ឥតគិតថ្លៃ មានតម្លៃ​ជា​ទឹកប្រាក់ រាប់ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក​។ សិស្សានុសិស្ស​ប្រមាណ ១​សែន​នាក់ នឹង​ទទួលបាន​ផលប្រយោជន៍​ពី​សេវា​អ៊ិន​ធើ​ណិ​ត​ដោយ​ឥតគិតថ្លៃ​នេះ​។​

​ក្រុមហ៊ុន Ezecom ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ហើយ​ចាប់តាំងពី​ពេល​នោះមក បាន​ក្លាយជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ិន​ធើ​ណិ​ត ឈានមុខ​គេ​មួយ ក្នុងចំណោម ក្រុមហ៊ុន សេវា​អ៊ិន​ធើ​ណិ​ត ឈានមុខ​គេ​ជាច្រើន​នៅ​កម្ពុជា​។ Ezecom ផ្ដល់​សេវា​ខ្សែកាប​អុ​ប​ទិ​ក WIMAX និង​ដំណោះស្រាយ​តាម​អ៊ិន​ធើ​ណិ​ត ដល់​ក្រុមហ៊ុន​និង​អតិថិជន​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ថ្មីៗ​នេះ ក្រុមហ៊ុន Ezecom បាន​ទិញយក ក្រុមហ៊ុន ខ្សែកាប អុ​ប​ទិ​ក Telcotech ដោយបាន​ពង្រីក​សេវា​គ្របដណ្ដប់​ដល់​ទៅ ៩៩% នៅ​ទូទាំងប្រទេស​៕