Wednesday, September 19, 2012

ប្រមុខ​ការទូត​កម្ពុជា បញ្ជាក់​ពី​ទំនាក់ទំនង​ការទូត​ល្អ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​

ភ្នំពេញ: ​ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​បុណ្យ​ឯករាជ្យ លើក​ទី ៥៥​ឆ្នាំ កាលពី​យប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ ណាហ្គា​វើ​ល ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​នោះ លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង បានប្រកាស​បញ្ជាក់​ពី​ទំនាក់ទំនង​ការទូត​ល្អ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​។​

​ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រមុខ​ការទូត​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ឯកអគ្គរដ្ឋទូត អគ្គរាជទូត និង​តំណាង​ស្ថានទូត​ប្រចាំ​កម្ពុជា​។​
​    ​
​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី គឺជា​ទំនាក់ទំនង​ដ៏​ល្អ និង​មាន​ជា​យូរ​ឆ្នាំ​មកហើយ​។ 

​លោក​បាន​រម្លឹកថា ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក គឺ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ម៉ាឡេស៊ី មានការ​រីកចម្រើន​ជា​លំដាប់​។​
​    ​
​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍​បន្តថា កម្ពុជា និង​ម៉ាឡេស៊ី មិន​ត្រឹមតែ​ជា​អ្នកជិតខាង នឹង​គ្នា​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជា​ប្រទេស​ស្ថិតក្នុង​គ្រួសារ​តែមួយ គឺ​អាស៊ាន​៕