Wednesday, September 19, 2012

លោក ហោ ណាំហុង នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៦៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ក្នុងសម័យ​ប្រជុំ​លើក​ទី​៦៧ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក ចាប់ពី​ថ្ងៃទី​២៥​ខែកញ្ញា ដល់ទី​៤ ខែតុលា ឆ្នាំ​២០១២​។​

​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១២ បាន​បង្ហាញថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ថ្លែង​សុន្ទរកថា ក្នុងសម័យ​ប្រជុំ​លើក​ទី​៦៧ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១២​។ ទន្ទឹមនឹងនេះ លោក​ឧបនាយករដ្ឋមន្ត្រី នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្រៅផ្លូវការ និង​ចូលរួម​កិច្ចប្រជុំតុមូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ជាមួយ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បានលើកឡើង​ទៀតថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់ នៃ​អនុសញ្ញា​អាវុធ​គីមី ស្តីពី “១៥ ឆ្នាំ នៃ​អនុសញ្ញា​អាវុធ​គីមី​: ភាពជោគជ័យ​នៃ​ប្រតិបត្តិការ និង​ការប្តេជ្ញា ចំពោះ​អនាគតកាល​” និង​ចុះហត្ថលេខា​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ចំនួន​៤ ដូចខាងក្រោម​៖

១-​អនុសញ្ញា ស្តីពី ការទទួលខុសត្រូវ​ខាង​រដ្ឋប្បវេណី ចំពោះ​ការខូចខាត​ក្នុងអំឡុងពេល​ដឹកជញ្ជូន​ទំនិញ​គ្រោះថ្នាក់​តាមផ្លូវ​គោក ផ្លូវដែក និង​ផ្លូវទឹក​ក្នុងប្រទេស​។​

២-​អនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពី រូ​បិ​យាណ​ត្តិ​អន្តរជាតិ និង​ប័ណ្ណ​សង​តាម​បញ្ជា​អន្តរជាតិ​។​

៣-​អនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពី​ការចាត់តាំង​តំណាង​សំរាប់​ទូទាត់​បំណុល​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​។​

៤-​អនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពី​ការប្រើប្រាស់​គមនាគមន៍​អេ​ឡិច​ត្រូ​និ​ច ក្នុង​កិច្ចសន្យា អន្តរជាតិ​។​

​សេចក្តី​ជូន​ព័ត៌មាន ក៏បាន​បន្ថែមថា ក្រៅពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​មួយចំនួន​៕​