Wednesday, September 19, 2012

ក្រសួងមហាផ្ទៃ ព្រមជួបគណ​បក្សប្រឆាំង ពិភាក្សា​ពីការ​រុះរើក្បាល​ម៉ាស៊ីន គ.ជ.ប.

ភ្នំពេញ: ក្រសួងមហាផ្ទៃ បានទទួល​យល់ព្រម ជួបពិភាក្សា​ជាមួយ​តំណាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា​ឆ្នាំ ២០១២ ដើម្បី​ពិភាក្សា​ស្តីពី​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។ ការសម្រេច​ដូច្នេះ ធ្វើឡើង​តាមរយៈ​លិខិត ចុះ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា​ដោយ​លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​ក្នុង​លិខិត​ផ្ញើជូន​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​លោក គង់ គាំ ប្រធានស្តីទី គណបក្ស​សមរង្ស៊ី បាន​ជំរាបជូន​ប្រធាន​គណបក្សប្រឆាំង​ទាំងពីរ​ថា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានប្រគល់​ភារកិច្ច​ជូន​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ជួបពិភាក្សា ជាមួយ​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ ខែកញ្ញា ឆ្នាំ​២០១២​វេលា​ម៉ោង ៩ ព្រឹក នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ នៅក្នុង​ជំនួប​នោះ ក្រសួង​សុំ​ឲ្យ​គណបក្ស ទាំងពីរចាត់តាំង​តំណាង ២​នាក់ ក្នុង​មួយ​គណបក្ស និង​សុំ​ឲ្យ​ស្នើ​សមាសភាព​អ្នក​ត្រូវ​ចូលរួម​ពិភាក្សា មក​ក្រសួង ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១២​។​

​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​មរ​ង្ស៊ី បាន​ចុះហត្ថលេខា​រួមគ្នា លើ​លិខិត​តែមួយ​ស្នើសុំ​ជួប​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឬ​តំណាង ដើម្បី​ពិភាក្សាគ្នា ស្តីពី សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដោយយោង​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​នៅក្នុង​លិខិត​របស់​មេដឹកនាំ​គណបក្សប្រឆាំង​ទាំងពីរ បានបញ្ជាក់​បន្តថា ការស្នើសុំ​ពិភាក្សា​នោះ ក្នុង​គោលបំណង​ពិគ្រោះ​យោបល់​ពិភាក្សា​រក​ការឯកភាព​ជាតិ ដើម្បី​ឲ្យ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ខាងមុខ ប្រព្រឹត្ត​តៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​ធ្វើ​ឲ្យ​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលបាន​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១២ គណបក្សប្រឆាំង បាន​ជួបពិភាក្សា​សម្ងាត់​បិទទ្វារ នៅ​សណ្ឋាគារ​អឹម​ភើ​រៀល ដើម្បី​ទទួលយក​នូវ​ផែនការ​អនុសាសន៍​ពី​តំណាង​អង្គការក្រៅរដ្ឋាភិបាល សម្រាប់​យកទៅ​ជជែក​ជាមួយ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១២​។​

​ការព្យាយាម​ប្រឹងប្រែង ជួបពិភាក្សា​ជាមួយនឹង​តំណាង​ក្រសួងមហាផ្ទៃ ដែលជា​ស្ថាប័ន​រៀបចំ​សមាសភាព គ​.​ជ​.​ប​. មុននឹង​បញ្ជូន​ទៅកាន់​រដ្ឋសភា ដើម្បី​អនុម័ត​នោះ បាន​ធ្វើឡើង​ក្រោយពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បដិសេធ​នូវ​ការស្នើសុំ និង​រូបមន្ត​ដោះដូរ​សមាសភាព គ​.​ជ​.​ប​. និង​គ​.​ជ​.​ប​. តាម​ខេត្ត​រាជធានី ស្រុក​ខណ្ឌ​ក្រុង និង​គ​.​ជ​.​ប​. តាម​ឃុំ​សង្កាត់ ដែល​គណបក្សប្រឆាំង​ទាំងពីរ បានស្នើ​ឡើង​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១២ ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ ត្រូវបាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លើកឡើងថា សំណើរ​រួមគ្នា​របស់​គណបក្សប្រឆាំង​ទាំងពីរ ក្នុងការ​ដោះដូរ​សមាស​ភាព គ​.​ជ​.​ប​. អាចធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​ទាំងមូល ត្រូវ​ប្រឈម​ជាមួយ​ភាពជាប់គាំង ដែល​នឹង​នាំ​ឲ្យ​ប៉ះពាល់​មកលើ​ស្ថិរភាព​នយោបាយ​របស់​ជាតិ​។​

​សូម​រម្លឹកថា ក្នុង​លិខិត​រួមគ្នា​របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ បានស្នើ​សុំ​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្វើការ​ដោះដូរ​សមាសភាព គ​.​ជ​.​ប​. ទាំង ៧ រូប ដែល​ត្រូវជា​ឥស្សរជន​ឯករាជ្យ និង​ត្រូវ​ជ្រើសរើស​ដោយ​គណៈកម្មការ​ចម្រុះ​មួយ ដែលមាន​សមាសភាព​ចេញពី​តំណាង​គណបក្សនយោបាយ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​។ ក្រៅពីនោះ គណបក្សប្រឆាំង​ទាំងពីរ ក៏បាន​ស្នើ​រូបមន្ត ដើម្បី​ឲ្យ​មានការ​ដោះដូរ​សមាសភាព គ​.​ជ​.​ប​. នៅ​ថ្នាក់ជាតិ និង​តាម​ខេត្ត​រាជធានី ស្រុក​ខណ្ឌ ព្រមទាំង​នៅ​ឃុំ​សង្កាត់ និង​សមាសភាព គ​.​ជ​.​ប​. នៅតាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ផងដែរ​៕