Wednesday, September 19, 2012

អាយប៉ា​មាន​តួនាទី​ជា​ស្ពាន​ដ៏​សំខាន់​សម្រាប់​ត​ភ្ជាប់​អាស៊ាន​ទៅ​នឹង​ប្រជាជន​របស់​ខ្លួន

ភ្នំពេញ ៖ នៅ​ឯ​ពិធី​បើក​មហា​សន្និបាត​លើក​ទី​៣៣​ នៃ​សន្និបាត​អន្តរសភា​អាស៊ាន​(អាយប៉ា)​កាល​ពី​ថ្ងៃទី​១៧ កញ្ញា​នៅ​លំបុក ខេត្តនូសា  តេងហ្គារ៉ាខាងលិច នៃ​​​ប្រទេស​​ឥណ្ឌូ​ណេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា យើង​ទាំង​អស់​គ្នា​យល់​ដឹង​យ៉ាង​ច្បាស់​ថា អាយប៉ា មាន​តួនាទី​ជា​ស្ពាន​ដ៏​សំខាន់​សម្រាប់​ត​ភ្ជាប់​អាស៊ាន​ទៅ​នឹង​ប្រជាជន​របស់​ខ្លួន ដូច្នេះ ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​ជាមួយ អាយប៉ា ដែល​ជា​តំណាង​ឲ្យ​ប្រជាជន​អាស៊ា​នោះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អាស៊ាន​អាច​ស្វែង​យល់​បាន​យ៉ាង​ត្រឹមត្រូវ​អំពី​បំណង​ប្រាថ្នា និង​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន ហើយ​និង​អាច​ចាត់​វិធាន​ការ​សមស្រប ដើម្បី​បំពេញ​តាម​បំណង​ប្រាថ្នា ព្រម​ទាំង​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ទាំងអស់​នោះ។
សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ដែល​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​សុវត្ថិភាព​កាល​ពី​ថ្ងៃទី ១៨ កញ្ញា ពី​មហា​សន្និបាត អាយប៉ា នោះ​បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា ថា​ក្រៅ​ពី​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ចាំ​បាច់ ដល់​កិច្ចការ​សំខាន់ៗ​របស់​អាស៊ាន​ក្នុង​នាម​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ ដែល​តំណាង​ឲ្យ​ប្រជាជន អាយប៉ា ក៏​នៅ​អាច​បំពេញ​តួនាទី​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​នាំ​យក​ទៅ​ជំរាប​ជូន​ដល់​ប្រជាជន​អាស៊ាន​វិញ អំពី​អ្វី​ដែល​អាស៊ាន​បាន​ធ្វើ​សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​ប្រជាជាតិ​របស់​យើង ដើម្បី​បណ្តុះ​នូវ​ស្មារតី «អាស៊ាន​សម្រាប់​យើង​ទាំងអស់​គ្នា»។ សម្តេច​តេជោ​ថ្លែង​ថា វា​មិន​មែន​ជា​ការ​ចៃដន្យ​នោះ​ទេ​ដែល​ធម្ម​នុញ្ញ​អាស៊ាន​បាន​ចែង​ច្បាស់​ថា អាយប៉ា គឺជា​ស្ថាប័ន​ដ៏​សំខាន់​បំផុត​មួយ ដែល​មាន​ការ​ពាក់​ព័ន្ធ​ជិតស្និទ្ធ ជាមួយ​នឹង​អាស៊ាន ដែល​ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ការ​វាយ​តម្លៃ​យ៉ាង​ខ្ពស់​របស់​អាស៊ាន​ចំពោះ​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​​របស់​អាយប៉ា។
សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ ២០១២ ខ្ញុំ​សូម​គូស​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត អំពី​ការ​ពេញ​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​អាស៊ាន​ទាំងអស់​គ្នា​ចំពោះ​លទ្ធផល ប្រកប​ដោយ​ផ្លែផ្កា​នៃ​កិច្ច​ប្រជុំ​រវាង​អាស៊ាន និង​អាយប៉ា ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២០ នៅ​ភ្នំពេញ កាល​ពី​ខែ​មេសា​កន្លង​ទៅ ដែល​ក្នុង​ពេល​នោះ​យើង​បាន​ពិភាក្សា​លើ​បញ្ហា​ជា​យុទ្ធ​សាស្រ្ត​ជាច្រើន ដែល​ពាក់ព័ន្ធ​ដល់​ផល​ប្រយោជន៍​របស់​អាស៊ាន។ សម្តេច​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា ខ្ញុំ​សូម ​អនុញ្ញាត​គូស​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​អំពី​ការ​រំពឹង​ដ៏​មុតមាំ​របស់ អាស៊ាន ទៅ​លើ​ភាព​ជា​ដៃ​គូ​ដ៏​ជិតស្និទ្ធ​ ជាមួយ​នឹង​ អាយប៉ា ព្រម​ទាំង​លើ​ការ​គាំទ្រ​យ៉ាង​ពេញ​លេញ​ពី​សំណាក់ អាយ​ប៉ា ដើម្បី​គោលដៅ​រួម​គ្នា​នៃ​ការ​កសាង សហគមន៍​អាស៊ាន មួយ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​សន្តិភាព ភាព​សុខដុមរមនា និង​វិបុល​ភាព​ដ៏​រុងរឿង។
មហា​សន្និបាត​អន្តរសភា​អាស៊ាន​លើក​ទី ៣៣ បាន​ធ្វើ​ការ​ពិភាក្សា​ទៅ​លើ​របៀបវារៈ​ជាច្រើន ដែល​ទាក់​ទិន​ទៅ​និង​បញ្ហា​នយោបាយ​ក្នុង​នោះ​ទី ១ ជំរុញ​រដ្ឋ​ជា​សមាជិក​អាស៊ាន ក្នុង​ការ​បង្កើត​គំនិត ផ្តួច​ផ្តើម​ស្តីពី​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ និង​ផ្សព្វផ្សាយ​អំពី​ការ​ចូល​រួម​របស់​សង្គម​ស៊ីវិល​ក្នុង ការ​កសាង​សហគមន៍​អាស៊ាន​ទី ២ ដំណោះ​ស្រាយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ បញ្ហា​សេដ្ឋកិច្ច​ទី ១ ​ជំរុញ​ឲ្យ​មាន​ការ​ប្រឹងប្រែង និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ប្រាក់​ខុស​ច្បាប់​ ទី ២ ការ​បង្កើត​សេដ្ឋកិច្ច​បៃតង​ក្នុង​បរិបទ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ទី ៣ ការ​អនុម័ត​ផែន​ការ​យុទ្ធសាស្រ្ត​សំរាប់​ការ​លុប​បំបាត់​ភាព​ក្រីក្រ និង​រចនា​សម័្ពន្ធ​សំរាប់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរ​ភាព​ ទី ៤ ធា​នា​ថា​ភាព​កាន់​តែ​ប្រសើរ​ឡើង នៃ​ការ​ចូល​មក​ដល់​នៃ​បច្ចេកវិទ្យា​ទីផ្សារ និង​ហិរញ្ញ​ប្ប​ទាន រួម​មាន​កម្មវិធី​មូល​និធិ​អន្តរជាតិ តាម​រយៈ​កម្មវិធី​ថ្នាក់​ជាតិ​សំរាប់​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច និង មធ្យម។ បញ្ហា​សង្គម​ទី ១ បង្កើន​ភាព​យល់​ដឹង និង​លើក​កំពស់​ការ​ចូល​រួម​ជា​សាធារណៈ​ក្នុង​កម្មវិធី​ ដែល​ទាក់​ទិន​ទៅ​នឹង​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ និង​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ជំរុញ​សហគមន៍​ឲ្យ​មាន​ភាព​រឹង​មាំ​ទៅ​នឹ​ងគ្រោះ​មហន្តរាយ ទី ២ បង្កើន​ការ​អភិវឌ្ឍន៍ និង​កាត់​បន្ថយ​សារ​ធាតុ កាបូន​ឲ្យ​មាន​កំរិត​ទាប និង​ស្រាវជ្រាវ​រក​បច្ចេក​វិទ្យា​ផ្សេងៗ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ អំពី​សមាជិក​សភា​ស្រ្តី​របស់​អន្តរសភា​អាស៊ាន (WAIPA) បណ្តា​មេដឹកនាំ​ទាំង អស់​បាន​ឯកភាព​ទី ១ គាំ​ទ្រ​រដ្ឋ ជាស​មាជិក​អាស៊ាន​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ នៃ​ការ​អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវ​គោល​ដៅ​អភិវឌ្ឍន៍​សហវត្សរ៍ ដើម្បី​បង្រួម​គម្លាត​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន ទី ២ តួនាទី​តំណាង​រាស្រ្ត ជា​ស្រ្តី​ក្នុង​ការ​ជំរុញ​នូវ​គោល​នយោបាយ​ស្តីពី​ស្រ្តី​និយម ក្នុង​វិស័យ​សេដ្ឋកិច្ច សុខ​ភាព និង​វិស័យ​អប់រំ និង​ទី ៣ ជំរុញ និងលើក​កម្ពស់​សមត្ថភាព ព្រម​ទាំង​បណ្តុះ​បណ្តាល​ជំនាញ​ជាក់​លាក់​ដល់​ស្រ្តី​នៅ​តាម​តំបន់​ជនបទ។
សម្តេច​តេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ក្នុង​ពេល​កន្លង​មក អាស៊ាន​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​ក៏​ដោយ ក៏​យើង​ទាំងអស់​គ្នា​ត្រូវ​ទទួល​ស្គាល់​ដែរ​ថា អាស៊ាន​នៅ​តែ​បន្ត​ជួប​ប្រទះ​នឹង​បញ្ហា​ជាច្រើន​ទៀត ទាំង​ក្នុង​កំរិត​សកល ទាំង​ក្នុង​កំរិត​តំបន់ ដែល​បញ្ហា​ប្រឈម​ក្នុង​កំរិត​សកល​រួម​មាន ដូចជា ភាព​​ផុយ​ស្រួយ​នៃ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​អភិវឌ្ឍ គួប​ផ្សំ​នឹង​ការ​អូស​បន្លាយ នៃ​វិបត្តិ​បំណុល​នៅ​តំបន់​អឺរ៉ុប វិបត្តិ​នយោបាយ និង​សង្គម ដែល​កំពុង​បន្ត​កើត​មាន​នៅ​មជ្ឈឹម​បូព៌ា និង អាហ្រ្វិកខាងជើង បញ្ហា​តម្លៃ​ប្រេង​កើន​ខ្ពស់ បញ្ហា​សន្តិសុខ​ស្បៀង និង​ថាមពល ការ​ប្រែប្រួល​អាកាស​ធាតុ គ្រោះ​មហន្ត​រាយ​ធម្មជាតិ ភេរវ​កម្ម និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ជាដើម។ ទន្ទឹម​នឹង​នេះ​នៅ​ក្នុង​កំរិត​តំបន់ ​វិញ​ ទោះ​បី​គម្លាត​នៃ​ការ​អភិវឌ្ឍន៍ ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់ សម្គាល់​ក៏​ពិត​មែន ក៏​ប៉ុន្តែ​គម្លាត​នេះ​នៅ​តែ​មាន​ទំហំ​ធំ​នៅ​ឡើយ ដូច្នេះ​អាស៊ាន​នៅ​មាន​ការ​ងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ សម្តេច​តេជោ​ថ្លែង​ថា កិច្ចការ​ចម្បង​ចំពោះ​មុខ​របស់​យើង​គឺ​ការ​ឈាន​ទៅ​សម្រេច ​ឲ្យ​បាន​នូវ​ការ​កសាង​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ ២០១៥ ដែល​នៅ​សល់​រយៈ​ពេល​តែ​ជាង​ ២ ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ។
ប្រការ​នេះ​តម្រូវ​ឲ្យ​អាស៊ាន​បង្កើន​ល្បឿន​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង​ថែម ទៀត ដោយ​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​សំណាក់​អង្គការ​នីតិប្បញ្ញត្តិ​របស់​ប្រទេស​សមាជិក ដើម្បី​អនុ វត្ត​ឲ្យ​បាន​ពេញ​លេញ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​គ្រប់​ផែន​ការ​ការងារ​សំខាន់ៗ​របស់​ខ្លួន ក្នុង​នោះ ​រួម​មាន ផែន​ទី​ចង្អុល​ផ្លូវ​សម្រាប់​សហគមន៍​អាស៊ាន​ឆ្នាំ ២០០៩-២០១៥ ផែន​ការ​ការងារ​នៃ​គំនិត​ផ្តួច​ផ្តើម​សម្រាប់​សមាហរណកម្ម​អាស៊ាន​ដំណាក់​កាល​ពី​ ២ ឆ្នាំ ២០០៩-២០១៥ ផែន​ការ​មេ​ស្តីពី​ការ​ត​ភ្ជាប់ អាស៊ាន ​កិច្ច​ព្រមព្រៀង​បាលី​លើក​ទី ៣ ជា​ពិសេស​សេចក្តី​ថ្លែង​ការណ៍​ភ្នំពេញ​ស្តីពី​«អាស៊ាន ៖ សហ​គមន៍​តែមួយ-វាសនា​តែមួយ» និង​របៀបវារៈ​ភ្នំពេញ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ថ្នាក់​ដឹកនាំ​អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២០ កាល​ពី​ខែ​មេសា ឆ្នាំ ២០១២ នៅ​ភ្នំពេញ​នា​ពេល​កន្លង​មក ដែល​ជា​រួម​ឯកសារ​ទាំង​នេះ​គឺ​ជា​ឧបករណ៍​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​ពង្រឹង និង​ជំរុញ​ដំណើរ​ការ​សមា​ហរណ​កម្ម​អាស៊ាន ក៏​ដូច​ជា​សម្រាប់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាង​ក្រៅ​របស់​អាស៊ាន​ ព្រម​ទាំង​សម្រាប់​ជួយ​ធានា​បាន​នូវ​មជ្ឈភាព​របស់​អាស៊ាន​នៅ​ក្នុង​និម្មាបន​កម្ម​តំបន់​ដែល​កំពុង​តែ​វិវត្ត​ទៅ​មុខ​ឥត​ឈប់ឈរ។
សម្តេច​តេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ខ្ញុំ​សូម​សំដែង​នូវ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ អាយប៉ា ដែល​ចាប់​តាំង​ពី​ថ្ងៃ​កំណើត​របស់​ខ្លួន​នៅ​ឆ្នាំ ១៩៧៧ មក​បាន​រួម​សហការ​ជា​ដៃ​គូ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ អាស៊ាន ដើម្បី​ឧត្តម​ប្រយោជន៍​នៃ​ការ​កសាង​សហគមន៍​តំបន់​របស់​យើង។ យើង​ទទួល​ស្គាល់​ថា អាស៊ាន​ពិត​ជា​មិន​អាច​សម្រេច​បាន​នូវ​សមិទ្ធផល​ធំធេង​ទាំង​ឡាយ ដូច​ដែល​ខ្ញុំ​បាន​រៀប​រាប់​ពី​ខាង​លើ​នោះទេ​ ប្រសិន​បើ​គ្មាន​ការ​ជួយ​គាំទ្រ​យ៉ាង​សកម្ម និង​ជាប់​មិន​ដាច់​ពី​សំណាក់ សភា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក។ ក្នុង​នាម​ជា​អង្គការ​នីតិ​ប្បញ្ញត្តិ​របស់​អាស៊ាន អាយប៉ា បាន​បំពេញ តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀប​ចំ​ក្រប​ខ័ណ្ឌ​ច្បាប់ និង​ផ្តល់​សច្ចាប័ន​លើ​លិខិតូបករណ៍​នានា​របស់​អា ស៊ាន។ សម្តេច​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ជំនះ​នូវ​គ្រប់​ឧបសគ្គ និង​បញ្ហា​ប្រឈម​នានា ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ការ​កសាង​សហគមន៍​តំបន់​នៅ​ឆ្នាំ ២០១៥ ខាងមុខ អាស៊ាន​នឹង​រិត​តែ​ត្រូវ​ការ​ខ្លាំង​ថែម​ទៀត​នូវ​ភាព​ជា​ដៃ​គូ​ដ៏​ជិតស្និទ្ធ​ជាមួយ​នឹង អាយ ប៉ា នោះ៕ 
ស្នាយពល