Saturday, September 15, 2012

ត្រួត​ពិនិត្យ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​ជួយ​សង្គ្រោះ​ទឹក​ជំនន់​

កំពង់ធំ ៖ ​កាលពី​ថ្ងៃទី​ ១៥​ខែ ​កញ្ញា​ ឆ្នាំ ​២០១២​ នៅ​វេលា​ម៉ោង ​៨​នាទី​ព្រឹក ​នៅ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា​ ស្រុក​ស្ទោង ​មាន​ពិធី​ប្រជុំ ​ជំរុញ​ក្នុង​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ពនិត្យ​បញ្ជី​ឈ្មោះ​ថ្មី បោះឆ្នោត​ឆ្នាំ​២០១២ ​ក្រោម​អធិបតីភាព ​លោក​ ផាន់ សុ​ផេង​ ទីប្រឹក្សា​លោក​ ងួន ញ៉ិល​អនុប្រធាន​ទី​១ ​នៃ​រដ្ឋសភា​ និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ និង​ជា​អនុប្រធាន​ក្រុមការងារ ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​សំបូរ​ ស្រុក​សណ្ដាន់​ ស្រុក​ស្ទោង​ ដើម្បី​លើក​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ការ​ត្រៀម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​ រាស្ត្រ ​នីតិកាល​ទី​ ៥ ឆ្នាំ​២០១៣ ​ព្រមទាំង​សមាជិក​គណបក្ស​ទូទាំង​ស្រុក​ចូលរួម​ យ៉ាងច្រើន​កុះករ។
លោក ព្រឹម រដ្ឋា ប្រធាន​គណបក្ស​ស្រុក​ស្ទោង បាន​លើក​យក​លទ្ធផល​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ដែល​ត្រូវ​បាន​អនុវត្ត​រួមមាន​ ឃុំ បន្ទាយ​ស្ទោង​មាន​៤៩​នាក់ ឃុំ​ចំណា​ក្រោម ១៦៣​នាក់ ឃុំ ចំណា​លើ ៩២​នាក់ ឃុំ កំពង់​ចិន​ជើង ៦៦​នាក់ ឃុំ​កំពង់ចិនត្បូង ៣៦​នាក់ ឃុំ​ម្សាក្រង ៤០​នាក់ ឃុំ​ពាម​បាង ៥៩​នាក់ ឃុំ​ពពក ៥០​នាក់ ឃុំ ប្រឡាយ ៨៥​នាក់ ឃុំ ព្រះ​ដំរី​មាន ២១​នាក់ ឃុំ រុងរឿង​មាន ៣៧​នាក់ ឃុំ​ស​ព្រោ​ជ​មាន ២៦៨​នាក់ ឃុំ ទ្រា មាន​៧៦​នាក់ ក្នុង​នោះ​គណបក្ស​ស្រុក​និង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ មក​ចុះឈ្មោះ​ឲ្យ​មាន​បរិមាណ​កើនឡើង​តាម​ផែនការ​។​
 លោក ផាន់ សុ​ផេង បាន​មានប្រសាសន៍ កោតសរសើរ​ដល់ ក្រុមប្រឹក្សាឃុំ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង អនុវត្តតាម​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​លើក​ទិសដៅ​អនុវត្ត​ឲ្យ​បាន​សំឡេង​គាំទ្រ​ឲ្យ​មានការ​កើនឡើង​ថែមទៀត​ក្នុង​ការ​បោះឆ្នោត រាល់​ភារកិច្ច​ដែល​បាន​កំណត់​ក្នុង​របាយការណ៍​របស់​គណៈ​អចិន្ត្រៃយ៍​ស្តីពី​សភាពការណ៍​អនុវត្ត​បន្ត​ជំរុញ​ការងារ​ចិញ្ចឹម​ចលនា​មូលដ្ឋាន​ជំរុញ​អនុវត្ត​គំរោង​នានា​នៅ​មូលដ្ឋាន​ឲ្យ​ចេញ​ផ្លែផ្កា ប្រកបដោយ​តម្លាភាព ពិនិត្យ​ការ​កែសម្រួល​ការចាត់តាំង​ក្រុមការងារ ជំរុញ​សមាជិក​គណបក្ស​ជា​យុវជន​ដែល​ដល់​អាយុ​បោះឆ្នោត បង្កើន​ការងារ​កសាង​គណបក្ស​ក្នុង​ជួរ​យុវជន និង​កម្មករ និង​ជំរុញ​សកម្មភាព​យុវជន​របស់​គណបក្ស ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​។​
​ ​លោក បាន​ណែនាំ​ដល់​មន្ត្រី​រាជា​ការ និង​អាជ្ញាធរ​ស្រុក កសាង​ផែនការ​ទី​១ ជំរុញ​ឲ្យ​សកម្ម​ភាពចុះ ឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ទី​២ ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ពេល​មាន​ទឹកជំនន់ ឲ្យ​មាន​លក្ខណៈ​ប្រើប្រាស់​កំលាំង​រួម​ក្នុង​ការ​ជួយ​អន្តរាគមន៍ ទាន់ពេលវេលា នូវ​ឧបករណ៍ ស្បៀងអាហារ កាណូត ប្រេង អាវ​ការពារ​សុ​វត្តិភាព ថ្នាំពេទ្យ និង​ត្រៀម​រៀបចំ​ទីទួល​សុវត្ថិភាព​ដើម្បី​ដឹក ​ជញ្ជូន​ជម្លៀស​ប្រជាពលរដ្ឋ អាជ្ញាធរ​ត្រូវ​ចុះ​សង្កេតការណ៍​ស្ថានភាព​ទឹកជំនន់ និង​រាយការណ៍​មក​ថ្នាក់លើ ជាប្រចាំ​។ ​ចំណុច​ទី​៣ អាជ្ញាធរ​ត្រូវ ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​សុរិយោដី សហការ​ឲ្យ​បាន​ល្អ​ ជាមួយ​ក្រុម​យុវជន​និស្សិត​ស្ម័គ្រចិត្ត​សម្តេច​ ហ៊ុន សែន ​ក្នុង​យុទ្ធនា​ការវាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ​តាម​គោលនយោបាយ​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី ឲ្យ​ប្រជាពលរដ្ឋ ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ស្របច្បាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ ​មានលទ្ធភាព​ក្នុង​ការ​បង្ក​បង្កើន​ផល។ ចំណុច​ទី ៤ ត្រូវ​បញ្ចប់​បញ្ហា​ការ​រុករាន​វាតទី​យក​ដី ព្រៃ​ខុសច្បាប់។​ ​
​ ​ចំណុច​ទី ៥ អាជ្ញាធរ មូលដ្ឋាន ត្រូវ​កសាង​សមិទ្ធផល​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន ដែល​ធ្លាប់បាន​​សន្យា​ជាមួយ​ប្រជាពលរដ្ឋ និង​រឹត​បន្តឹង​ចំណង​សាមគ្គី​ជាមួយ​សមាជិក​បក្ស និង​ប្រមូល​ផ្តុំ​សមាជិក​ថ្មី កុំ​បង្កើន​បញ្ហា​ ជាមួយ​គណបក្ស​ឃុំ និង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជូន​ប្រជាពលរដ្ឋ​៕