Saturday, September 15, 2012

អភិបាលខេត្ត​ក្រចេះ​អញ្ជើញ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ក្រចេះ​

​ខេត្តក្រចេះ​​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១២​ លោក​ សរ​ ចំរុង​ អភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ខេត្តក្រចេះ​ បាន​អញ្ជើញ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ក្រចេះ​ ខេត្តក្រចេះ​ ចំនួន​១.៥០០​នាក់​ នៅ​បរិវេណ​សាលា​បឋម​សិក្សា​ក្រគរ​ ។​
​លោក​វរសេនីយ៍ឯក​ ច្រឹង​ ផ​ល្លី​ ស្នងការ​រង​ និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ស្ថិតិ​ និង​អគ្គី​ភ័យ​ខេត្តក្រចេះ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​យកចិត្ត​ទុក្ខ​ដាក់​ពី​រាជរដ្ឋាភិបាល​ លោក​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ក្រោម​ការ​ចង្អុល​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគ​បាល​ជាតិ​ និង​មានការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​ឯកឧត្តម​អភិបាលខេត្ត​ បាន​ដាក់​ឲ្យ​ដំណើរការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ជូន​ប្រជាពលរដ្ឋ​ ចាប់ពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០០០​ ជា​បន្តរ​បន្ទាប់​ ។​ លោក​បាន​បន្ត​ថា​ នៅ​ក្នុង​ខេត្តក្រចេះ​ រួម​មាន​ក្រុង​/​ស្រុក​ចំនួន​០៦​ សង្កាត់​៥​ និង​៤១​ឃុំ​ មាន​ភូមិ​២៥០​ មាន​ប្រជាពលរដ្ឋ​ចំនួន​៦៤.៣៤៣​គ្រួសារ​ មាន​មនុស្ស​ចំនួន​៣១៦.៦០៣​នាក់​ ស្រី​១៥៨.៩៤៨​នាក់​ ។​
លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា​ យោង​អនុ​ក្រិ​ត្យ​លេខ​ ៦០​ អ​.​ន​.​ក្រ​.​ប​.​ក​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០០៧​ របស់​រាជរដ្ឋាភិបាល​ បាន​សម្រេច​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ជូន​ប្រជាពលរដ្ឋ​ ទាំង​ពីរ​ភេទ​ ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើង​ ។​ ដូច្នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចាប់​ដំណើរការ​ផ្តល់​ជូន​អ្នក​ដែល​ មាន​អាយុ​គ្រប់​ ១៥​ឆ្នាំ​ឡើង​ ហើយ​បាន​ធ្វើការ​បោះពុម្ព​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (​ប្រភេទ​រឹង​ គំរូ​ចាស់​)​ បញ្ចប់​នៅ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១២​ ។​
​លោក​វរសេនីយ៍ឯក​ ច្រឹង​ ផ​ល្លី​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ បាន​ដំណើរការ​ផ្តល់​ជូន​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (​គំរូ​ថ្មី​)​ ជូន​អ្នក​ដែល​មាន​អាយុ​គ្រប់​១៥​ឆ្នាំ​ឡើង​ ចាប់ពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១២​ រហូត​មក​ដល់​ពេល​នេះ​ ។​ តួលេខ​គ្រប់គ្រង​សរុប​ មាន​ចំនួន​៣១.៤៨៦​នាក់​ ស្រី​១៤.៧៧៥​នាក់​ តួលេខ​គ្រប់គ្រង​នៅ​សល់​បន្ត​ផ្តល់​មាន​ចំនួន​១៩.១៨៣​នាក់​ ស្រី​៨.៧១៣​នាក់​ និង​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (​គំរូ​ថ្មី​)​ ដែល​បាន​បោះពុម្ព​រួច​ពី​នាយកដ្ឋាន​នគរបាល​ស្ថិតិ​ និង​លិខិតឆ្លងដែន​សរុប​រួម​មាន​ចំនួន​ ១.៥០០​សន្លឹក​ (​របស់​ក្រុង​ក្រចេះ​)​ ក្នុង​នោះ​ប្រុស​មាន​ចំនួន​១០០​នាក់​ ស្រី​ចំនួន​៧២៩​នាក់​ ។​
​លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ធ្វើ​ពិធី​នេះ​ ជា​ច្រើន​លើក​កន្លង​មក​ហើយ​ ចំពោះ​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​(​គំរូ​ចាស់​)​ តែ​ក្នុង​ពិធី​ចែក​នា​ពេល​នោះ​ ជា​លើក​ទី​១​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​ ដែល​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (​គំរូ​ថ្មី​)​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ កែ​លំអរ​ឲ្យ​មានគុណ​ភាព​កាន់តែ​ប្រសើរ​ឡើង​ ។​
​លោកស្នងការ​រង​បញ្ជាក់​ថា​ ក្នុង​ករណី​ដែល​បងប្អូន​ធ្វើ​ឲ្យ​បាត់បង់​នូវ​សន្លឹក​ អត្តសញ្ញាណប័ណ្ណ​នេះ​ នៅ​ប្រការ​ណាមួយ​ ហើយ​ត្រូវ​សុំ​ឲ្យ​ផលិត​ឡើង​វិញ​ គឺ​តាម​ប្រការ​លេខ​.២០៨៧​ ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១០​ របស់​អន្តរក្រសួង​មហាផ្ទៃ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ស្ដី​ពី​ការ​កំណត់​ថ្លៃ​អាករ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ តម្រូវ​ឲ្យ​បងប្អូន​បង់ថ្លៃ​អាករ​ចំនួន​ ១០.០០០​រៀល​ ទើប​ផលិត​ជូន​វិញ​ ។​
​ក្នុង​ឱកាស​នោះ​លោក​ សរ​ ចំរុង​ បាន​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់​គ្នា​ នៅ​ពេល​កូន​កើតមក​ត្រូវ​ទៅ​ធ្វើ​សំបុត្រ​កំណើត​ ពេល​គ្រប់​អាយុ​បោះ​ឆ្នោត​ ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ដើម្បី​បាន​បោះ​ឆ្នោត​ និង​សម្រាប់​ដាក់​តាម​ខ្លួន​ ដែល​បញ្ជាក់​បាន​ពី​ទីកន្លែង​ភូមិ​ឃុំ​កំណើត​ ដែល​ខ្លួន​បាន​រស់នៅ​សព្វថ្ងៃ​ និង​ងាយស្រួល​ពេល​ដែល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​ ។​
​ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏​បាន​ក្រើនរំលឹក​ដល់​យុវជន​ យុវនារី​ ត្រូវ​ធ្វើការ​ផ្ទៀងផ្ទាត់​ ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​បោះ​ឆ្នោត​ ៕