Saturday, September 15, 2012

ឯកឧត្តម​ គាត ​ឈន់​ ពិនិត្យ​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​រូបវន្ត​នៅ​ក្នុង​ខេត្ត​ព្រៃវែង​

ព្រៃវែង​ ៖ ​ដោយ​រួម​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ នៅ​តាម​បណ្ដា​ក្រសួង​ពាក់ព័ន្ធ មួយ​ចំនួន​នោះ​ កាល​ពី​ថ្ងៃទី​១៣ ​ខែ​កញ្ញា ​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​គាត ឈន់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​ នៅក្នុង​ខេត្តព្រៃវែង ​ដែល​មាន​គោលដៅ ​សំខាន់​ក្នុង​ការ​ពិនិត្យមើល​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅ​ទីនោះ។
យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹង​ថា​ នៅក្នុង​ទស្សនកិច្ច ការងារ​នោះ គណៈប្រតិភូ​បាន​ឆ្លៀត​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ ៨ ដែល​ក្រុមហ៊ុន​សៀង​ហៃ ខន់​ស្ត្រា​ក់សិន​(​ហ្គ្រុ​ប​)​ជា​អ្នក​សាងសង់ ដែល​គ្រោង​នឹងដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។ នៅក្នុងពេល​ពិនិត្យ ការដ្ឋាន​សាងសង់​ផ្លូវ​នោះ តំណាង​ក្រុមហ៊ុន​បាន​រាយការណ៍​ពី​លទ្ធផល​នៃ​ការងារ​សាងសង់ និង​ការងារ​ជួសជុល​-​ថែទាំ​ផ្លូវ ដោយបាន​បញ្ជាក់ថា នៅត្រង់​កន្លែង​ដែលមាន​ស្នាម​ប្រេះ ឬ​ខូចខាត​ខ្លាំង​ដោយ សារ​ជំនន់​នាំ​ឲ្យ​មាន​ទឹករលក​ខ្លាំង​នាពេល​កន្លងមក ក្រុមហ៊ុន​នឹងធ្វើ​ការជួសជុល​-​កែលំអ​ឲ្យ​បាន​ហើយ​រួចរាល់​ឡើងវិញ​។​ឯកឧត្តម គាត ឈន់ បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ឲ្យ​ធ្វើ​យ៉ាងណា ពង្រឹងគុណភាព និង ប្រសិទ្ធភាព ដើម្បី​រក្សាបាន​នូវ​ទំនុកចិត្ត​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទាំង​រដ្ឋាភិបាល​ចិន​ផង​ដែរ​។​
​ ​ជា​លទ្ធផល​នៃ​បេសកកម្ម​ការងារ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​នៅ​ខេត្តព្រៃវែង​រួមមាន​បាន ពិនិត្យ និង​ជ្រើស​រើសយក​គម្រោង​អភិវឌ្ឍ​ចំនួន ៨ ដែលជា​អាទិភាព​ខ្ពស់​សម្រាប់​ឆ្នាំ ២០១៣ ដើម្បី​បន្ត ធ្វើការ​សិក្សា​វាយតម្លៃ​គម្រោង​ចំណាយ​ជាក់ស្តែង និង​គោរព​សុំ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​ក្នុងចំណោម​គម្រោង​ទាំងនោះ ក៏មាន​គម្រោង​ស្ថាបនា​ផ្លូវ​លេខ ៣១៣ ពីសា​លា ស្រុក​បាភ្នំ​ទៅ​ដល់ក​អណ្ដើក និង​ផ្លូវជាតិ​លេខ ៣១១ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ១១ ត្រង់​កែង​ស្នេហ៍​ដល់​សាលា​ស្រុក​បាភ្នំ​ ដែល​មាន​ហិរញ្ញប្បទាន​រួចហើយ ដើម្បី​ជួយ​សម្រួល​ចរាចរ​ទិស​មកពី​ខេត្តព្រៃវែង​ឬ​ទៅ កំពង់ចាម សៀមរាប​ជាដើម អាច​ធ្វើ​ដំណើរ​វៀង​តាមផ្លូវ​នេះ​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅតាម​អ្នក លឿង និង​ក៏​មាន​មួយ​គម្រោង​ទៀត​គឺ​គម្រោង​សាងសង់​ផ្លូវ​លេខ ៣១០ ភ្ជាប់​ពី​អ្នក​លឿង​ទៅ​ពាម​ជរ និង​ព្រំដែន​វៀតណាម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​គមនាគមន៍ ជាពិសេស​ការ​ដឹក​ជញ្ជូន​ទំនិញ​កសិផល​គ្រប់​ប្រភេទ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​សាងសង់​ជា​ជំហានៗ​។​
 គណៈប្រតិភូ​ក៏បាន​ពិនិត្យមើល​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុង​ខេត្តព្រៃវែង ពី​ស្ថាន ភាព​ផ្លូវ​ខេត្ត​លេខ ៣៨៧ A ត្រង់ចំណុច​ទីរួមស្រុក​កញ្ជៀច​ប្រវែង ២៥ គីឡូម៉ែត្រ ដែល​ផ្លូវ​នេះ​កំពុង ទទួលរង​ការខូចខាត​យ៉ាងខ្លាំង កំណាត់​ផ្លូវ​ពី​វត្ត​ជា​ខ្លាង ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ទៅដល់​ស្រុក​បាភ្នំ ប្រវែង ២៧,៥​គីឡូម៉ែត្រ ដែល​បច្ចុប្បន្ន​មាន​ស្ថាន​ភាពជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ទទួលរង​ការខូចខាត ខ្លាំង​ដោយ មាន​គ្រលុក​ធំៗ​បង្ក​ការលំបាក​ដល់​ចរាចរ​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​។​កំណាត់​ផ្លូវ​នេះ បាន​បំរើ​ឲ្យ​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​រប​ស់​ប្រជាពលរដ្ឋ​ឃុំ​ទឹកថ្លា ឃុំ​ដំរី​ពួន ឃុំ​អង្គរ​ទ្រេត និង​ឃុំ ជា​ខ្លាង​ទៅកាន់​ផ្សារ​ស្វាយ​អ​ន្ទ​រ និង​ឆ្ពោះទៅកាន់​ទី​រួម​ខេត្តព្រៃវែង​។​
 ឆ្លើយតប​នឹង​សំណូមពរ​របស់​អាជ្ញាធ​រ​ដែនដី​នៅក្នុង​គ្រានោះ ឯកឧត្តម គាត ឈន់ បានស្នើ​ឲ្យ ក្រសួង​ពាក់ព័ន្ធ​ពិចារណា​លើ​សំណូមពរ​ការសាងសង់​ផ្លូវ​ចូល​តាម​ភូមិ​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ ៨ ប្រវែង សរុប​ជាង ២៣ គីឡូម៉ែត្រ ផ្លូវ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៨ ទៅ​ស្រុក​ស៊ីធរ​កណ្តាល ផ្លូវ​ភ្ជាប់​ពី​ក្រុង​ព្រៃវែង​ទៅ ស្រុក​ពោ​រៀង និង​ផ្លូវ​ភ្ជាប់​ទៅ​ស្រុក​ពាម​ជរ ដើម្បី​ចំណាត់​អាទិភាព និង​ពិនិត្យ​លទ្ធ​ភាពជា​ជំហានៗ​។​
​ ​នៅក្នុង​ឆ្នាំ ២០១២ រាជរដ្ឋាភិបាល​បានផ្តល់​ជូន​នូវ​គម្រោង​អភិវឌ្ឍ​ចំនួន ៤៧ ដល់​ខេត្តព្រៃវែង ដែលមាន​ថវិកា​សរុប​ប្រមាណ ១៦៣ ៧៩៣ លាន​រៀល​ស្មើនឹង ៤១ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដោយ មិនទាន់បាន​រាប់បញ្ចូល​នូវ​គម្រោង​អភិវឌ្ឍ​ខ្នាត​ធំ ដែល​ហិរញ្ញប្បទាន​ឥណទាន​ពី​ដៃគូ​អភិវឌ្ឍ​នោះ ឡើយ​។​
​ ​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​ព្រៃវែង ឯកឧត្តម គាត ឈន់ បាន​មានប្រសាសន៍ថា ជារួម តម្រូវការ​ក្នុងការ​អភិវឌ្ឍន៍​មាន​ទំហំធំធេង​ណាស់ បើ​គិត​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​មាន​តម្រូវការ សព្វ​យ៉ាង​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ព្រោះ​កម្ពុជា​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ស្តារ និង​កសាង​។​ទោះ ជាមាន​ការផ្តល់ជូន​គ​ម្រោ​ង​អភិវឌ្ឍ​យ៉ាងណា​ក៏​នៅតែ​មិន​គ្រប់ ដោយសារតែ​ថវិកាជាតិ​នៅមានកម្រិត​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ថ្លែង​ថា ដើម្បី​សម្រេច​បាន​ការ​អភិវឌ្ឍ​ន៍​ទូទាំង​ប្រទេស រាជរដ្ឋាភិបាល​បាន ធ្វើការ​ផ្តល់​ជូន​ការអភិវឌ្ឍន៍​ជា​ជំហាន​គីង្គក់ ដូចជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រមុខ​រាជ​រដ្ឋាភិបាល​នោះ​ឯង​៕