Saturday, September 15, 2012

ខុមហ្វ្រែល បន្តរិះគន់ គ.ជ.ប. ថា ធ្វើបញ្ជីឈ្មោះបោះឆ្នោត គ្មានគុណភាព

ភ្នំពេញ: ក្នុង​ទិវា​ប្រជាធិបតេយ្យអន្តរជាតិ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០១២ អង្គការ​ឃ្លាំមើល​ការបោះឆ្នោតនៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល បានលើកឡើង​ក្នុងន័យរិះគន់​លើ គ​.​ជ​.​ប​. ថា ការធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោតកន្លងមក គ្មាន​គុណភាព ដែល​នាំ​ឲ្យ​ពលរដ្ឋ​ប្រមាណ ៤៩ ​ភាគរយ នៃ​អ្នកបោះឆ្នោត មិនបាន​បោះឆ្នោត ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ខែមិថុនា​ ឆ្នាំ២០១២។​

​សេចក្តីប្រកាស​ព័ត៌មានរបស់ខុមហ្វ្រែល បាន​លើកឡើងថា ធាតុ​ស្នូលនៃ​ប្រជាធិបតេយ្យ “​សេរី​” និង “​ពហុបក្ស​” គឺ​ការបោះឆ្នោត​។ ការបោះឆ្នោតមិនទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​គឺ​ត្រូវការ​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដោយ “​សេរី​” និង​ “​យុត្តិធម៌​” ស្របតាម​ស្ដង់ដារ និង​និយាម​អន្តរជាតិ ជាពិសេស​កតិកាសញ្ញា និង​សន្ធិសញ្ញា​អន្តរជាតិ ស្ដីពី​ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​គោលការណ៍​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។​

​សេចក្ដីប្រកាស​របស់​ខុមហ្វ្រែល បានលើកឡើង​ទៀតថា នៅ​កម្ពុជា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​កន្លងមក និង​ការឆ្ពោះទៅរក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នៅមាន​បញ្ហា​បន្សល់ទុក និង​មិនទាន់បាន​បំពេញ​ត្រឹមត្រូវ​។ ការចាត់ចែង​ការបោះឆ្នោត​កន្លងមក មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នកប្រកួតប្រជែង​គណបក្ស​នយោបាយ​នានា (​មិនមែន​គណបក្ស​ប្រជាជន​កម្ពុជា​) មិនទាន់​អស់ចិត្ត​ទេ ប៉ុន្តែ​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បាត់​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ ពិសេស​យុវជន​។ ការយល់ដឹង និង​ការចូលរួម​របស់​យុវជន​ ក្នុងការ​បោះឆ្នោត​ដោយ​សកម្ម និង​ប្រសិទ្ធភាព ពិត​ជាមាន​សារៈសំខាន់​។​

​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​ខុមហ្វ្រែល បានផ្ដល់​យោបល់​ថា “​ការអប់រំ​សម្រាប់​ប្រជាធិបតេយ្យ ពិសេស​ការបោះឆ្នោត គួរ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​កម្មវិធី​អប់រំ​ជាតិ ទៅតាម​សាលា ​បន្ថែម​លើ​កម្មវិធី​អប់រំ​ពលរដ្ឋ​វិជ្ជា ដែលមាន​នាពេល​បច្ចុប្បន្ន​។ កម្មវិធី​នេះ មិន​ត្រឹម​ផ្ដល់​ការយល់ដឹង​អំពី​សិទ្ធិ ប៉ុន្តែ​ផ្ដល់​ការអនុវត្តន៍​ជាក់ស្ដែង​បន្ថែម ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ និង​នីតិវិធីនៃ​ការបោះឆ្នោត​”​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បានបង្ហាញ​ថា ក្នុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ កន្លងមក គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុមហ្វ្រែល​) បាន​រកឃើញថា ពលរដ្ឋ​ប្រមាណ ៤៩ ​ភាគរយ នៃ​អ្នកបោះឆ្នោត មិនបាន​បោះឆ្នោត (​អត់​មាន​ទឹកខ្មៅ នៅ​ដៃ ក្នុង​ថ្ងៃ​បោះឆ្នោត​) បាន​បាត់បង់​សិទ្ធិ​បោះឆ្នោត ​ដោយសារ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ ដែល​គ្មាន​គុណភាព​គ្រប់គ្រាន់​។​

​មិនទាន់មាន​ប្រតិកម្ម​បែបណាពី គ​.​ជ​.​ប​. ជុំវិញ​ការលើកឡើង​ខាងលើ ​របស់​អង្គការ ខុមហ្វ្រែល នៅឡើយ​ទេ​។​

​ជាការ​កត់សម្គាល់ សារ​របស់លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ផ្ញើជូន​ប្រជាជាតិ​លើ​ពិភពលោក សម្រាប់​អបអរ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១២ ក៏ត្រូវ​បាន ខុមហ្វ្រែល ដកស្រង់​មក​ចុះផ្សាយ​ផងដែរ​។ 

​លោក​ បាន ​គី​មូ​ន បាន​លើកឡើងថា "​ប្រជាធិបតេយ្យ​ មិនមែន​កើត​ត្រឹម​តែមួយ​យប់ ឬ​កសាង​ក្នុង​មួយឆ្នាំ ឬ​ដោយ​ការបោះឆ្នោត​ម្ដង ឬ​ពីរដង​ឡើយ​។ ប្រជាធិបតេយ្យ ត្រូវការ​ការគាំទ្រ និង​ស៊ូទ្រាំ​លំបាក​នឹង​ការងារ​។ តែបើ​បានចាប់ផ្ដើម​ហើយ ប្រជាធិបតេយ្យ​មិនអាច​ត្រឡប់ក្រោយ​ឡើយ​"៕​