Saturday, September 15, 2012

កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​និង​ជម្រុញ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្តពោធិសាត់​

​ខេត្តពោធិសាត់​​ ៖​ លោក​ឧត្តមសេនីយ៍ឯក​ យុន​ ឈុ​ន្នី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​អ​ញ្ចើ​ញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​កា​ផ្តល់​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​ជម្រុញ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដែល​ប្រព្រឹត្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិសាត់​ នា​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ ដែល​ពី​ធី​ប្រជុំ​នេះ​ មានការ​ចូលរួម​ពី​ប្រតិភូ​អមដំណើរ​ និង​លោកស្នងការ​ ស្នង​ការ​រង​ ព្រមទាំង​ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត​ជា​ច្រើន​រូប​។​
​លោក​ឧត្តមសេនីយ៍ត្រី​ សា​រុន​ ចាន់​ធី​ ស្នងការ​នគរបាល​ខេត្ត​ ក្នុង​ពិធី​នោះ​បាន​ឲ្យ​ដឹង​ថា​ការ​ផ្តល់​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​ ជំ​ហ៊ាន​ដំបូង​ ចាប់ពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ រហូត​មក​ដល់​ពេល​នេះ​ ហើយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ផ្តល់​ជូន​មាន​៦០.១៧៥​នាក់​ បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​រួច​បាន​២១.២៣៣​នាក់​ ទទួល​សន្លឹក​អត្តសញ្ញាណប័ណ្ណ​ ពី​ក្រសួង​បញ្ជូន​មក​វិញ​បាន​៧៨៨២​នាក់​ នៅ​សល់​៣៨៩៤២​នាក់​ទៀត​ ជំនាញ​កំពុង​ដំណើរការ​ធ្វើ​ជូន​បន្ត​ ។​ លោកស្នងការ​បាន​បន្ត​ទៀត​ថា​ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ មានការ​កើនឡើង​ នេះ​បណ្តាល​មក​ ពី​កត្តា​ជា​ច្រើន​ដូច​ជា​ អ្នកបើកបរ​ប្រើប្រាស់​ល្បឿន​លឿន​ មិន​ប្រកាន់​ស្តាំ​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​ បើក​ជែង​គ្នា​ បើកបរ​ក្នុង​ស្ថានភាព​ស្រ​វឺ​ង​ មិន​គោរព​សិទ្ធ​អាទិភាព​ និង​បើកបរ​ក្នុង​ភាព​ងងុយដេក​ ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៦៦៥៧​នាក់​ ស្រី​៧​នាក់​ របួសធ្ងន់​ ស្រាល​៣៣៥២៧៣​នាក់​ ស្រី​ ៨០​នាក់​ និង​ខូចខាត​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​ចំនួន​ធំ​ ។​
​លោក​ឧត្តមសេនីយ៍ឯក​ យុន​ ឈុ​ន្នី​ បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការ​យកចិត្តទុកដាក់​បំពេញការងារ​ របស់​កងកម្លាំង​នគរបាល​ ចាប់ពី​ខេត្ត​រហូត​ដល់​មូលដ្ឋាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ ពុះពារ​ ជំនះ​រាល់​ការ​លំបាក​ទាំងឡាយ​ ទើប​អាច​សម្រេច​បាន​រាល់​ការងារ​ខាងលើ​នេះ​។​ លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ក្នុង​នាម​ លោក​តំណាង​ឲ្យ​លោកនាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ពាំនាំ​ការ​សាកសួរ​សុខទុក្ខ​ផ្តាំផ្ញើរ​ពី​សំណាក់​លោក​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោកនាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ជូន​មន្ត្រី​នគរបាល​គ្រប់​រូប​ ក្នុង​នោះ​ដែរ​ លោក​ឧត្តម​​សេនីយ៍​ឯក​ យុន​ ឈុ​ន្នី​ អគ្គស្នងការ​រង​ នគរបាល​ជាតិ​ ក៍បាន​នាំ​យក​មក​នូវ​ថវិកា​ចំនួន​២​លាន​រៀល​ និង​ម៉ាស៊ីន​វាស់​ ជាតិ​អាកុល​ចំនួន​១​គ្រឿង​ ផ្តល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិសាត់​ សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ជូន​ប្រជាពលរដ្ឋ​ និង​ការងារ​ត្រួតពិនិត្យ​ ជម្រុញ​អនុវត្ត​ច្បាប់​ចរាច​ណ៍​ថែម​ទៀត​ផង​ដែរ​៕