Saturday, September 15, 2012

ក្រសួង​សុខាភិបាល​បន្ថែម​អនុរដ្ឋលេខាធិការ​២​រូប​និង​ទីប្រឹក្សា​៣​រូប​ទៀត​

ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បន្ថែម​អនុរដ្ឋលេខាធិការ​ចំនួន​០២​រូប​និង​ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល​០៣​រូប​ទៀត​ដើម្បី​បំរើ​ការងារ​ក្នុង​ក្រសួង​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត។
​ ​ពិធី​ប្រកាស​តែងតាំង​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១២​នៅ​ទីស្តី​ការ​ក្រសួង​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។
​ ​សមាសភាព​ដែល​ត្រូវ​ទទួល​មុខតំណែង​នេះ​រួមមាន​លោក​សាស្ត្រាចារ្យ​ឈួ​អ៊ី​ម៉េង​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​ត្រូវ​ដំ​ឡើងជា​អនុរដ្ឋលេខាធិការ លោកស្រី​អ៊ុំ​សា​ម៉ុ​ល​បំរើ​ការងារ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​អនុរដ្ឋលេខាធិការ លោក​សាស្ត្រាចារ្យ​យក់​សូ​ផាន់​ណា​អតីត​សកលវិទ្យាធិការ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ជាទី​ប្រឹក្សា​អម​ក្រសួង​លោក​សាស្ត្រាចារ្យ​សាន់​ចាន់​សឿន​អគ្គនាយករង​បច្ចេកទេស​ក្រសួងសុខាភិបាល​និង​ជ​ប្រធាន​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​ជាទី​ប្រឹក្សា​និង​លោក​វេជ្ជបណ្ឌិត​សាយ​សេង​លី​អ​តី​ត​នាយក​មន្ទីរពេទ្យ​ខ្មែរ​មិត្តភាព សូ​វៀត​ជាទី​ប្រឹក្សា​។​
​ ​ការប្រកាស​តែងតាំង​មន្ត្រីជាន់ខ្ពស់​នេះ​បាន​ធ្វើ​ឲ្យ​ក្រសួងសុខាភិបាល​បង្កើន​អនុរដ្ឋ​លេខាធិការ​ដល់​១២​រូប​និង​ទីប្រឹក្សា​អម​ក្រសួង​ជិត​២០​រូប​។​
​ ​លោក​សាស្ត្រាចារ្យ​ឈួ​អ៊ី​ម៉េង​តំណាង​ឲ្យ​មន្ត្រី​ទើប​តែងតាំង​ថ្មី​បាន​ឡើង​ប្តេជ្ញា​ចិត្ត​ថា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទំនុកចិត្ត​របស់​ថ្នាក់ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​នៃ​ក្រ​សូង​សុខាភិបាល​និង​រាជរដ្ឋាភិបាល​យើងខ្ញុំ​សូម​ធ្វើ​ការប្តេជ្ញាចិត្ត​ខិតខំ​ធ្វើការ​ដើម្បី​ចូលរួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​និង​ចូលរួម​ចំណែក​ជំរុញ​ការអនុវត្ត​គោលនយោបាយ​សុខាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​សំរេច​បាន​គោលដៅ​សហស្សវត្ស​និង​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ឲ្យ​បាន​ជោគជ័យ​ត្រចះត្រចង់​។​
​ ​នៅក្នុង​ឱ​កាស​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត​ម៉ម ​ប៊ុនហេង ​បាន​មានប្រសាសន៍ថា​ការតែងតាំង​មន្ត្រី​ជន់​ខ្ពស់​នា​ពេល​នេះ​គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ដ៏​ឆ្លាត​វ័យ​ចំពោះ​មន្ត្រី​ដែលមាន​ស្នាដៃ​និង​ចូលនិវត្តន៍​ដើម្បី​បាន​បន្តការងារ​ចូលរួមចំណែក​កសាង​ប្រទេសជាតិ​ពិសេស​ក្នុង​វិស័យ​សុខាភិបាល​។​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ដូច្នេះ​សូមកុំ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​យើង​អស់​សង្ឈឹម​ត្រូវខិតខំ​ធ្វើការ​ដើម្បី​បំរើ​ដល់​សុខភាព​ប្រជាពលរដ្ឋ​យើង​៕