Friday, September 7, 2012

សាលាឧទ្ធរណ៍​ប្រកាស​ដីកា​ផ្ដន្ទាទោស​អ្នកគ្រូ​បង្រៀន​ធ្វើ​ទារុណកម្ម​កុមារ​ដាក់គុក​១៨​ឆ្នាំ​ ប្ដី​ដាក់គុក​៥​ឆ្នាំ​

ដោយ​ ៖ បញ្ញា 
​ភ្នំពេញ​ ៖​ កាល​ព្រឹក​ថ្ងៃ​ទី​៧​ ​ខែកញ្ញា​ ឆ្នាំ​២០១២​ សាលាឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា​ផ្ដន្ទាទោស​ទៅ​លើ​ពិរុទ្ធជន​ មាស​ ណា​រី​ អតីត​ជា​គ្រូបង្រៀន​ ប្រើ​អំពើ​ហិង្សា​ និង​ធ្វើ​ទារុណកម្ម​លើ​កុមារ​ដែល​ជា​កូនចិញ្ចឹម​របស់​ខ្លួន​នោះ​ ដាក់​ពន្ធនាគារ​១៨​ឆ្នាំ​ ពី​បទ​អំពើ​ហិង្សា​លើ​អនីតិជន​ និង​លក់ដូរ​មនុស្ស​ ។​ ចំណែក​ប្ដី​របស់​គាត់​ឈ្មោះ​ វ៉ា​ សា​រឿ​ន​ ផ្ដន្ទាទោស​ដាក់​ ពន្ធនាគារ​៥​ឆ្នាំ​ពី​បទ​លក់ដូរ​មនុស្ស​ ដែល​ការ​ប្រកាស​សាលដីកា​នេះ​ធ្វើ​ឡើង​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ ប៉ុ​ល​ សំ​អឿ​ន​ និង​តំណាង​មហាអយ្យការ​លោក​ អ៊ឹម​ ស៊ី​ផា​ ។​
​គួរ​រំលឹក​ថា​ គ្រូបង្រៀន​និង​ប្ដី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​អំឡុង​ចុងខែ​កញ្ញា​ឆ្នាំ​២០០៩​ ខណៈ​ដែល​គាត់​បាន​ប្រើ​ អំពើ​ហិង្សា​ធ្វើ​ទារុណកម្ម​ទៅ​លើ​កុមារី​ម្នាក់​ជា​កូនចិញ្ចឹម​របស់​ខ្លួន​ បណ្ដាល​ឱ្យ​មាន​ស្នាម​របួស​ដំបៅ​គ្រប់កន្លែង​នៅ​លើ​ ដងខ្លួន​ ជើង​ ដៃ​ ជាដើម​ ។​ អ្នក​ភូមិ​បានឃើញ​ពី​សកម្មភាព​ការ​ធ្វើ​ទារុណកម្ម​របស់​ក្រុម​គ្រួសារ​អតីត​គ្រូបង្រៀន​នេះ​មក​ លើ​កុមារី​រង​គ្រោះ​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជ្ញូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​ក៏​បាន​ប្រកាស​សាលក្រម​ផង​ដែរ​ ផ្ដន្ទាទោស​អតីត​គ្រូបង្រៀន​រូប​នេះ​ចំនួន​២០​ឆ្នាំ​ ហើយ​ប្ដី​របស់​គាត់​ផ្ដន្ទាទោស​ ចំនួន​១០​ឆ្នាំ​ពី​បទ​អំពើ​ហិង្សា​លើ​អនីតិជន​ និង​បទ​លក់ដូរ​មនុស្ស​ ។​ ប៉ុន្ដែ​ការ​ប្រកាស​សាលដីកា​នៅ​សាលាឧទ្ធរណ៍​អតីត​ គ្រូបង្រៀន​ត្រូវ​ផ្ដន្ទាទោស​មក​ត្រឹម​១៨​ឆ្នាំ​ ហើយ​ប្ដី​របស់​គាត់​ត្រឹម​៥​ឆ្នាំទៅ​វិញ​ ៕