Saturday, October 20, 2012

សម្តេច ហ៊ុន សែន ជួបលោកស្រី យ៉ីងឡាក់ ក្រោយពីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ

ភ្នំពេញ: លោក អៀង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំពាក្យ​នៃ​កិច្ចប្រជុំ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ ប្រាប់​ក្រុមអ្នកកាសែត​ថា លោកស្រី យ៉ី​ង​ឡាក់ បានមក​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​អញ្ជើញ​ទៅ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះមហាវីរក្សត្រ ហើយក៏​បាន​ចូល​សវនាការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២​។ កិច្ចប្រជុំ​នោះ ធ្វើឡើង​នៅ​វិមាន​សន្តិភាព នា​រសៀល​ម៉ោង ៤ ថ្ងៃនេះ​។​

​លោក អៀង សុផល្លែត បាន​បន្ថែមថា ក្នុងឱកាស​ជួប​សវនាការ​ជាមួយ​សម្តេច ហ៊ុន សែន លោកជំទាវ​ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ នូវ​សារលិខិត​រំលែក​ទុក្ខ​របស់​រាជរដ្ឋាភិបាល​ថៃ ហើយក៏​គោរព​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី នូវ​ការសោកស្តាយ​យ៉ាង​សង្វេគ​នូវ​ការបាត់បង់​របស់​ព្រះបិតា​ជាតិ​របស់​កម្ពុជា​។​

​ជាការ​ឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​លោកជំទាវ យ៉ី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត្រា ដែល​បាន​ដឹកនាំ​ប្រតិភូ តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ថៃ និង​ប្រជាជន​ថៃ មក​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ព្រះករុណា ព្រះមហាវីរក្សត្រ​កម្ពុជា ហើយក៏​សូម​ថ្លែងអំណរគុណ ចំពោះ​ការសម្តែង​នូវ​ការសោកស្តាយ​សង្វេគ និង​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​លោកជំទាវ ស៊ីន​ណា​វ៉ា​ត្រា ដែល​បាន​ទូរស័ព្ទ​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បំភ្លឺ​ចំពោះ​អ្នកព័ត៌មាន ប៉ុស្តិ៍​លេខ ៣ របស់​ថៃ ផងដែរ​៕​