Saturday, October 20, 2012

នាយករដ្ឋមន្ត្រី​ថៃ មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ​

ភ្នំពេញ: លោកស្រី យ៉ីង​ឡាក់ ស៊ីណា​វ៉ាត់ នាយករដ្ឋមន្ត្រី​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល តាម​ជើង​យន្តហោះ​ពិសេស មក​ដល់​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ២ និង ៣៥ នាទី នា​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២​។​

​ក្រៅពី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ ក្នុង​ព្រះបរមរាជវាំង លោកស្រី យ៉ីង​ឡាក់ ក៏​នឹង​ត្រូវ​ជួបពិភាក្សា​ការងារ ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​នេះ នៅ​វិមាន​សន្តិភាព​ផងដែរ​។​

​សូម​រម្លឹកថា លោក ង្វៀង តាន់ យុង ( NGUYEN TAN DUNG) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១ និង ២៥ នាទី រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២​។ ចំណែក​លោក ថង​ស៊ី​ង ថាំ​ម៉ា​វង់ ( Thongsing Thammavong ) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ ឡាវ ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ១២ និង ៥៨ នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៩​តុលា​នេះ​ផងដែរ​។ 

​ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម និង​ឡាវ ដែល​បាន​ធ្វើដំណើរ​តាម​យន្តហោះ មក​កាន់​កម្ពុជា​ជា​បន្តបន្ទាប់​នេះ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេច នរោត្តម សីហនុ នៅ​ព្រះបរមរាជវាំង​។ ក្រៅពីនោះ ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា ក៏​នឹង​ត្រូវ​ជួបពិភាក្សា​ការងារ​ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។​

​តាម​កម្មវិធី លោកនាយក​រដ្ឋមន្ត្រី​វៀតណាម និង​លោក​នាយករដ្ឋមន្ត្រី​ឡាវ នឹង​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅក្នុង​ព្រះបរមរាជវាំង ជា​បន្តបន្ទាប់ នៅវេលា​ម៉ោង ៣ រសៀល ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២៕​