Saturday, October 20, 2012

នាយករដ្ឋមន្ត្រី​សឹង្ហ​បូរី ប្រធានរដ្ឋសភា​ហ្វីលីពីន និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី នឹង​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ​

ភ្នំពេញ: ក្រសួងការបរទេស បានប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ ព្រឹក លោក លី សៀន​លុង ( Lee Hsien Loong ) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ សឹង្ហ​បូរី និង​លោកជំទាវ នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វី​ក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ក្រសួងការបរទេស បាន​លើក​ឡើង​ថា បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោក លី សៀន​លុង នឹង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​ដោយឡែក​ក្នុង​សេចក្តី​ជូន​ព័ត៌មាន មួយ​ផ្សេង​ទៀត ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ក្រសួងការបរទេស ក៏​បាន​ប្រកាសថា នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក លោក ហ្វេ​លី​ស៊ី​អា​ណូ រ​. ប៊ែល​ម៉ុន​តេ ( Felliciano R. Belmonte JR. ) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ ហ្វីលីពីន និង​ជា​បេសកជន​ពិសេស របស់​លោក ប៊ែ​និក​ណូ ស​. អា​គីណូ ទី​៣ ( Benigno S. Aquino III ) ប្រធានាធិបតី នៃ​សាធារណរដ្ឋ ហ្វីលីពីន នឹង​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​សេចក្តី​ជូន​ព័ត៌មាន មួយទៀត ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ក៏​ត្រូវបាន​ក្រសួង​ការបរទេស ប្រកាសថា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១៥ រសៀល លោក​បណ្ឌិត រ​.​ម​. ម៉ា​ទី ម​. ណា​តាឡេ​ហ្គា​វ៉ា ( Dr. R.M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ ឥណ្ឌូនេស៊ី នឹង​អញ្ជើញ មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក៏បាន​លើកឡើង​ថា បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត ម៉ា​ទី ណា​តាឡេ​ហ្គា​វ៉ា នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​រម្លឹកថា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ឡាវ និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ បាន​ធ្វើឡើង​ដំណើរ​ជា​បន្តបន្ទាប់ ដាច់ដោយ​ឡែក​ពីគ្នា មក​កាន់​រាជធានី​ភ្នំពេញ និង​បាន​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​

​ក្រៅ​ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យុង លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​ស៊ី​ង ថាំ​ម៉ា​វង្ស និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ីង​ឡាក់ ស៊ីណា​វ៉ាត បាន​ជួបពិភាក្សា​ការងារ ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​នាយករដ្ឋមន្ត្រី​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ទាំងបី បានលើកឡើង​ផ្ទាល់មាត់ ជម្រាបជូន​សម្តេច ហ៊ុន សែន ពី​ការចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ ចំពោះ​កម្ពុជា ដែល​បាន​បាត់បង់​ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នាពេលនេះ​៕​