Saturday, October 20, 2012

ឯកឧត្តម ងី តាយី កោតសរសើរនិស្សិតឆ្នើម នៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម នៃវិទ្យាស្ថានខេមអេដ

នៅក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ កាលពីថ្ងៃទី ១៩ ខែតុលា ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យបានកោតសរសើរនិស្សិតឆ្នើមកម្ពុជា ដែល បានប្រឡងជាប់សម្រាប់ឆមាសទី ១ ឆ្នាំ ២០១២ របស់វិទ្យាស្ថាន ខេមអេដ ដោយមានប្រសាសន៍ថា ជោគជ័យរបស់ ជ័យ​លាភីក្នុងការសិក្សា ថ្នាក់គណនេយ្យករជំនាញ និងអ្នកបច្ចេកទេសគណនេយ្យ គឺជាជោគជ័យរបស់​វិជ្ជាជីវៈ​គណ​នេយ្យ និងសវនកម្ម ជាជោកជ័យ របស់ក្រុមគ្រួសារ និងរបស់សង្គមជាតិទាំងមូលផងដែរ។
ឯកឧត្តម ងី តាយី មានប្រសាសន៍ថា ធនធានមនុស្ស ដែលយើងបានទទួលថ្មីនេះ គឺជាធនធាន ដែលមានសារ​សំ​ខាន់​​​​សម្រាប់សេដ្ឋកិច្ចកម្ពុជានិយាយជារួម និងនិយាយដោយ ឡែកគឺ ជាធាតុចូលដ៏ចាំ បាច់សម្រាប់ជួយ​ពង្រឹង​វិ​ស័យ​គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម តាមរយៈ តម្លាភាព គណនេយ្យភាព និងភាពត្រឹមត្រូវនៃរបាយការណ៏ហិរញ្ញវត្ថុ។
ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងថា ដោយឡែកទីផ្សារមូលបត្រ ត្រូវបានបើកឲ្យដំណើរការដោយជោគជ័យតាម គោលន​យោបាយ របស់រាជរដ្ឋាភិបាល ក៏ត្រូវការចាំ បាច់បំផុតនូវធនធានមនុស្ស ដែលមានចំណេះ ដឹងផ្នែកគណនេយ្យ និង​ហិ​រញ្ញវត្ថុដើម្បីគាំទ្រដល់វិស័យ នេះក៏ដូចជាការចូលរួម ដើម្បីកំណើនខឿនសេដ្ឋកិច្ចកម្ពុជា​ឲ្យកាន់តែរឹងមាំថែម​ទៀត​។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៣ មកវិទ្យា ស្ថានខេមអេដ សហការ​ជា​មួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបណ្តុះបណ្តាលនិស្សិត (ACCA)បាន ១៤ ជំនាន់ និង(CAT)ចំនួន ៤ ជំនាន់​រួច​មកហើយ។ ក្នុងរយៈពេលនេះ វិទ្យាស្ថានខេមអេដបានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាពដល់​សធារណ​ជន​ទូទៅដែល សិក្សានៅវិទ្យាស្ថាននេះ ដោយយកគុណភាពជាចម្បង ជាពិសេសចំពោះគុណភាពគ្រូបង្រៀន និង កម្ម​វិធីសិក្សា ដើម្បីឲ្យស្របទៅនឹងមាត្រដ្ឋានអន្តរជាតិ។លោកនាយកវិទ្យាស្ថានថ្លែងថាជាលទ្ធផល វិទ្យាស្ថានខេម​អេដ ត្រូវបានទទួលស្គាល់ពីសាធារណជនទាំងក្នុង និងក្រៅប្រទេស តួយ៉ាងដូចជា សមាគមគណនេយ្យករជំនាញ ACCA របស់ចក្រភពអង់គ្លេសជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានខេមអេដឲ្យដឹងថា និស្សិតដែលរៀននៅ វិទ្យាស្ថានខេមអេដ តែង​តែ​ទទួលបានចំណាត់ថ្នាក់ល្អបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ នៅលើសកលលោក ហើយគិត​មកដល់​បច្ចុប្បន្ន​នេះ វិទ្យាស្ថានខេមអេដមាននិស្សិតចំនួន ១៤ នាក់ហើយដែល ទទួលបានចំណាត់ថ្នាក់លេខ ២ នៅលើពិភព​លោក​នោះ។
នៅក្នុងពិធីនោះ ឯកឧត្តម ងី តាយី បានសំណូមពរដល់វិទ្យាស្ថានខេមអេដឲ្យបន្តយកចិត្តទុក ដាក់បន្ថែមទៀត​ដល់​ការ​បណ្តុះបណ្តាលអាជីពនេះ ឲ្យកាន់តែបានលទ្ធផលល្អប្រសើរជាងមុនសំដៅ បំពេញឲ្យបាននូវផែន​ការរបស់ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ៕ ដោយលោក ជ័យ ភូមិពល