Saturday, October 20, 2012

លោកសមរង្ស៊ី មិនមែនជាអ្នកទោសនយោបាយ ដែលត្រូវដោះលែង ក្នុងពិធីបុណ្យព្រះសព

ភ្នំពេញ: ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា នៅ​កម្ពុជា​ពុំមាន​អ្នកទោសនយោបាយ ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​ទេ ហើយក៏​គ្មាន​អ្នកទោសនយោបាយ ត្រូវ​ដោះលែង​ដែរ សូម្បីតែ​ម្នាក់​។​

​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ លោក ទិ​ត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ ត្រូវតែ​ចូលរួម​ដោយ​ស្មោះស ជាមួយនឹង​ការគោរព​ព្រះ​បរមសព របស់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ ដោយ​ចៀសវាង​យក​ឱកាស​បុណ្យ​ព្រះ​សព ដើម្បី​កេងចំណេញ​នយោបាយ​។​

​លោក ទិ​ត សុធា បាន​បញ្ជាក់ថា “​សព្វថ្ងៃនេះ​នៅក្នុង​ប្រទេស​កម្ពុជា អត់​មាន​អ្នកទោសនយោបាយ​ទេ គឺ​សុទ្ធតែជា​អ្នកទោស ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​” ដូច្នេះ​អ្វីៗ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។​

​នៅក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​បរទេសមួយ ដែល​ផ្សាយ​ជា​ខេមរភាសា កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៩ ខែតុលា ឆ្នាំ​២០១២ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ បាន​មានបន្ទូលថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​ធ្វើការ​ដោះលែង​អ្នកទោសនយោបាយ ដើម្បី​ការផ្សះផ្សា និង​ការបង្រួបបង្រួម​ជាតិខ្មែរ ក្នុងអំឡុង​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស កំពុងតែ​ចូលរួម​កាន់​មរណទុក្ខ ចំពោះ​ព្រះ​បរមសព​របស់​ព្រះមហាវីរក្សត្រ​។​

​នៅក្នុង​វេទិកា​អ្នក​ស្តាប់​នៃ​វិទ្យុ​នោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មានបន្ទូល​បញ្ជាក់ថា “​បន្ទាប់ពី​សច្ចាប្រណិធាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខ្ញុំ​ជឿជាក់ថា ជា​សច្ចាប្រណិធាន​ចេញពី​ដួងចិត្ត​របស់លោក លោក​នឹង​ការពារ​រាជបល្ល័ង្គ លោក​នឹង​ការពារ​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ហើយនឹង​ការពារ​កេរ​មរតក របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ក្នុងឱកាស​ហ្នឹងហើយ បើសិនជា​យើង​យល់ឃើញថា ព្រះមហាវីរក្សត្រ គឺជា​ព្រះបិតា​ជាតិ ព្រះបិតា​ឯកភាព​ជាតិ ដែល​យើង​ទទួលស្គាល់ថា ព្រះបិតា​សម្រុះសម្រួល ផ្សះផ្សា​ជាតិ គួរណា​តែ​ក្នុងឱកាស​ដ៏​មហោឡារិក​នេះ យើង​ដោះលែង​អ្នក​ជាប់ទោស​នយោបាយ មិនមែន​និយាយ​ទោស​ផ្សេងៗ​ទេ ប៉ុន្តែ​អ្នកទោសនយោបាយ ក្នុង​គោលបំណង​ផ្សះផ្សា​ជាតិ បង្រួបបង្រួម និង​កសាង​ឯកភាព​ជាតិ​”​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មានបន្ទូល​បែបនេះ គឺ​ស្របគ្នា​នឹង​សំណើ​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ បានលើកឡើង​នៅក្នុង​លិខិត​របស់លោក ចេញពី​កន្លែង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ផ្ញើ​ទូលថ្វាយ​ព្រះមហាក្សត្រ និង​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដោយបាន​លើកឡើងថា លោក​មាន​សេចក្តី​រន្ធត់ និង​ក្រៀមក្រំ​យ៉ាងខ្លាំង ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​។ 

​ឆ្លៀត​ក្នុងឱកាស​នោះ លោក សម រង្ស៊ី ក៏បាន​ស្នើសុំ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ថា “​នៅក្នុង​មហា​មរណទុក្ខ​នេះ ខ្ញុំ​សូម​សម្តេច​មេត្តាជួយ​អន្តរាគមន៍ ដោយ​ទឹកចិត្ត​យោគយល់​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​ឲ្យ​រូបខ្ញុំ​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បានឃើញ​ព្រះ​ភក្ត្រ​ព្រះ​អង្គជា​ចុងក្រោយ នៅ​រាជធានី​ភ្នំពេញ​”​។ ជាមួយគ្នានេះ ក្នុងស្ថានភាព​ដែល​កម្ពុជា​រង​នូវ​ព្រះ​អវត្តមាន​ជា​រៀងរហូត នៃ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ក្នុងនាម​លោក​ជា​កូន​ខ្មែរ​មួយរូប លោក​យល់ឃើញថា ចាំបាច់​ត្រូវតែ​លោក​ខិតខំ​ជួយ​ពង្រឹង​ការផ្សះផ្សា​ជាតិ រួបរួម​ជាតិ ឯកភាព​ជាតិ និង​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ​គ្នាឯង ស្របតាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ កាលពី​ព្រះអង្គ​នៅមាន​ព្រះជន្ម​។​

​នៅ​ចុងបញ្ចប់​នៃ​លិខិត​នោះ លោក សម រង្ស៊ី បាន​សម្តែង​នូវ​អំណរគុណ​ទុកជាមុន ចំពោះ​ការជួយ​ធ្វើ​អន្តរាគមន៍​របស់​សម្តេច ហ៊ុន សែន ដើម្បី​ឲ្យ​រូបលោក​បានមក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព និង​បានឃើញ​ព្រះ​ភក្ត្រ​ព្រះអង្គ​ចុងក្រោយ នៅក្នុង​ព្រះបរមរាជវាំង នៅ​រាជធានី​ភ្នំពេញ​។​

​ដូចដែល​ក្រុមមន្ត្រី​រាជរដ្ឋាភិបាល ធ្លាប់បាន​លើកឡើង​កាលពី​ពេលមុន​មក​ថា បញ្ហា​លោក សម រង្ស៊ី គឺជា​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ មិនមែនជា​ទោស​នយោបាយ ដែល​ត្រូវ​សម្របសម្រួល​ទេ ហើយ​មកដល់ពេលនេះ គ្មាន​នរណា​មួយ​បាន​ហាមឃាត់​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ទេ ប៉ុន្តែ​បន្ទាប់ពី​មកដល់​ស្រុក​ខ្មែរ ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​របស់​តុលាការ "​គឺ​ទ្វារ​គុក​នៅតែ​បើកចំហ​ចាំ​ទទួល​លោក សម រង្ស៊ី គ្រប់ពេល​"​។​

​សូមបញ្ជាក់ថា តុលាការខេត្ត​ស្វាយរៀង និង​តុលាការ​កំពូល​ប្រទេស​កម្ពុជា បាន​រក្សា​សាលក្រម​ដែល​បានសម្រេច​ផ្តន្ទាទោស​កំបាំងមុខ លោក សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពីបទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន និង​ធ្វើការ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ កាលពី​ចុងឆ្នាំ​២០០៩ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​៕