Saturday, October 20, 2012

៥ប្រទេស នឹងនិយាយពីការចូលរួមរបស់ស្រ្តី ក្នុងវិស័យនយោបាយ

ភ្នំពេញ: សន្និសីទ​ថ្នាក់​តំបន់​លើក​ទី​២ ស្តីពី “​ការចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​” មាន​គោលបំណង​ ដើម្បី​ប្រមូលផ្តុំ​អ្នកដឹកនាំ អ្នកស្វែងរក​ការគាំទ្រ​លើ​យេនឌ័រ អ្នកពាក់ព័ន្ធ និង​ដៃគូកម្មវិធី​ថ្នាក់​តំបន់​ផ្សេងៗ​គ្នា របស់​អង្គការ​សន្តិភាព​ និង​អភិវឌ្ឍន៍ ដើម្បី​លើក​កំពស់​សមភាព​យេនឌ័រ​ ក្នុងការ​ចូលរួម​លើ​វិស័យ​នយោបាយ​។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មាន។

សេចក្តីប្រកាសលើកឡើងថា ​កម្មវិធី​ថ្នាក់​តំបន់​នេះ បាន និងកំពុង​អនុវត្ត​នៅក្នុង ​៥​ប្រទេស (​បង់​ក្លា​ដេ​ស កម្ពុជា ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​វៀតណាម​) ដើម្បី​ចែក​រំ​លេក​បទពិសោធន៍​រវាង​ប្រទេស​ក្នុង​តំបន់​គោលដៅ​ទាំង ៥ ដោយ​ផ្តោត​ជាពិសេស​លើ​ការអនុវត្ត​​ល្អ ដើម្បី​ចូលរួម​គ្នា ​សម្រាប់​អភិវឌ្ឍន៍​ក្នុង​តំបន់​។​

​សន្និសីទ​ថ្នាក់​តំបន់​លើក​ទី​២នេះ​ នឹង​ធ្វើឡើង​នៅ​សណ្ឋាគារ​អ​ប្ស​រា​អង្គរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ (​ផ្លូវ​ព្រលានយន្តហោះ​) ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ​៨ ​និង ​៣០ ​នាទី​ព្រឹក ដល់​ម៉ោង​ ១១​ និង​ ៤៥ ​នាទី​ព្រឹក ក្រោម​អធិបតីភាពលោកស្រី​វេជ្ជបណ្ឌិត ​អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី អ្នកតំណាង​រដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ មកពី ៥ ប្រទេស (​បង់​ក្លា​ដេ​ស កម្ពុជា ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​វៀតណាម​) អង្គការ​អភិវឌ្ឍន៍​​អន្តរជាតិ (​ទីភ្នាក់ងារ​អេ​ស្ប៉ា​ញ ដើម្បី​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​អន្តរជាតិ (AECID)​ និង​ UN Women ជាដើម​)៕