Saturday, October 20, 2012

ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​បន្ត ក្នុង​ព្រះបរមរាជវាំង​

ភ្នំពេញ: ​កម្មវិធី​នៃ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ​ន្ធ ព្រះ​បរមសព សម្តេច​ព្រះមហាវីរក្សត្រ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត សម្តេច​តា​លួត ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជា​ផ្លូវការ បាន​បន្ត​ធ្វើក្នុង​ប្រាសាទ​ទេវា​វិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង​។​

​តាម​កម្មវិធី នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១២ មាន ២៦ ស្ថាប័ន​ក្រសួង របស់​រាជរដ្ឋាភិបាល​។ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១២ មាន ៨ គណៈប្រតិភូ ដែល​ក្នុងនោះ មាន​គណៈប្រតិភូពី​បរទេស ៣ ប្រទេស ( សិង្ហ​បុរី ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ) និង​មក​ពី​គណបក្សនយោបាយ​។ នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ មាន​គណៈប្រតិភូ​តំណាង​ស្ថាន​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ និង​គណៈប្រតិភូ​បរទេស ចំនួន ២ ប្រទេស​។ ដោយឡែក កម្មវិធី​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ គឺ​ប្រតិភូ​រាជធានី​-​ខេត្ត ទាំង ២៤ និង​ពី​អង្គភាព​។ កម្មវិធី​ទាំងនេះ ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​លោក គឹម គុណ​វ​ឌ្ឍន៍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​.​ទ​.​ក​.​។​

​សូម​រម្លឹកថា រហូតដល់​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ ដែល​ជា​ថ្ងៃ​ទី​៤ នៃ​ការ​កាន់​ព្រះរាជ​មរណទុក្ខ ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ចំពោះ​ព្រះ​បរម​សព សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅឯ​មុខ​ព្រះបរមរាជវាំង ក៏​មាន​មហាជន មក​ពី​គ្រប់ទិសទី ទាំង​ក្មេង និង​ទាំងចាស់ បាន​បន្ត​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាក្សត្រ​វីរក្សត្រ លាយឡំ​នឹង​សំឡេង​សូត្រធម៌ និង​ការ​យំទួញសោក លាន់​ឮ​កងរំពង​។​

​ទិដ្ឋភាព​អុជ​ធូប ថ្វាយ​ព្រះ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ ត្រូវបាន​មហាជន ប្រារព្ធ​ធ្វើ​នៅ​មុខ​ព្រះបរមរាជវាំង ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ពេល​ព្រះករុណា បាន​យាង​ចូល​ព្រះ​ទិវង្គត កាលពី​យប់​ថ្ងៃ​ទី​១៥​តុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរា​ពាធ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា​។​

​សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ឡាវ និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ បាន​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់ ដាច់ដោយឡែក​ពីគ្នាមក​កាន់​រាជធានី​ភ្នំពេញ និង​បាន​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​

​ក្រៅ​ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យុង លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​ស៊ី​ង ថាំ​ម៉ា​វង្ស និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ីង​ឡាក់ ស៊ីណា​វ៉ាត បាន​ជួបពិភាក្សា​ការងារដាច់ដោយឡែក​ពីគ្នាជា​បន្តបន្ទាប់ ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​នាយករដ្ឋមន្ត្រី​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ទាំងបី បានលើកឡើង​ផ្ទាល់មាត់ ជម្រាបជូន​សម្តេច ហ៊ុន សែន ពី​ការចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ ចំពោះ​កម្ពុជា ដែល​បាន​បាត់បង់​ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នាពេលនេះ​។​

​ក្រសួងការបរទេស ក៏​បាន​ប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ ព្រឹក លោក លី សៀន​លុង ( Lee Hsien Loong ) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ សិង្ហ​បុរី និង​លោកជំទាវ នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វី​ក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ ក្រសួងការបរទេស ក៏​បាន​ប្រកាសថា លោក ហ្វេ​លី​ស៊ី​អា​ណូ រ​. ប៊ែល​ម៉ុន​តេ ( Felliciano R. Belmonte JR. ) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋហ្វីលីពីន និង​ជា​បេសកជន​ពិសេសរបស់លោក ប៊ែ​និក​ណូ ស​. អា​គីណូ ទី​៣ ( Benigno S. Aquino III ) ប្រធានាធិបតី នៃ​សាធារណរដ្ឋហ្វីលីពីន នឹង​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​ដោយឡែក​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១៥ រសៀល លោក​បណ្ឌិត រ​.​ម​. ម៉ា​ទី ម​. ណា​តាឡេ​ហ្គា​វ៉ា ( Dr. R.M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋឥណ្ឌូណេស៊ី នឹង​អញ្ជើញមក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​៕​