ភ្នំពេញ: លោក ង្វៀង តាន់ យុង ( NGUYEN TAN DUNG) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ និង ២៥ នាទី រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២។ ចំណែកលោក ថងស៊ីង ថាំម៉ាវង់ ( Thongsing Thammavong ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យ ឡាវ ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់រាជធានីភ្នំពេញ កាលពីម៉ោង ១២ និង ៥៨ នាទីថ្ងៃត្រង់ ថ្ងៃទី១៩តុលានេះផងដែរ។
ប្រមុខរដ្ឋាភិបាលវៀតណាម និងឡាវ ដែលបានធ្វើដំណើរតាមយន្តហោះ មកកាន់កម្ពុជាជាបន្តបន្ទាប់នេះ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច នរោត្តម សីហនុ នៅព្រះបរមរាជវាំង។ ក្រៅពីនោះ ប្រមុខរដ្ឋាភិបាលប្រទេសជាប់ព្រំដែនកម្ពុជា ក៏នឹងត្រូវជួបពិភាក្សាការងារជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
តាមកម្មវិធី លោកនាយករដ្ឋមន្ត្រីវៀតណាម និងលោកនាយករដ្ឋមន្ត្រីឡាវ នឹងចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅក្នុងព្រះបរមរាជវាំង ជាបន្តបន្ទាប់ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២។
ដោយឡែកលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកកាន់រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រផងដែរ៕