Thursday, May 10, 2012

ឯកឧត្តម​បណិ្ឌត​សភាចារ្យ សុខ អាន ប្រគល់​សញ្ញាបត្រ​ ជូន​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​ នៅ​សាខា​សាកល​វិទ្យាល័យ​ បៀលប្រាយ ខេត្ត​តាកែវ


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ នា​ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២​ បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូនដល់​និស្សិត​សរុប ១៣៣៧​នាក់ នារី ៤៦៥​ នាក់ ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ ​សាខា​ខេត្តតាកែវ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​សម្តែង​ការកោត​សរ​សើរ​ចំពោះ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ក្មួយៗ​និស្សិត​ ទាំង ១៣៣៧រូប ដែល​​ទទួល​បាន​សញ្ញា​បត្រ​​​។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន មាន ​ប្រសាសន៍ថា​ លទ្ធផល​នេះមិន​មែន​ត្រឹមតែ​ជាជោគជ័យរបស់​ក្មួយៗ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ជា​ការ​សបញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ជោគជ័យ​ក្នុង​​វិស័យ​ អប់រំជាតិ​ទាំងមូល​ផងដែរ ព្រោះថា ជោគជ័យ​របស់ក្មួយៗ​ពិតជាបាន​រួមចំណែក​ដល់ការ​បង្កើន​នូវ​បរិមាណ និង​គុណភាព​ធនធាន​មនុស្ស។ ​ ខ្ញុំមាន​ជំនឿថា ក្មួយៗ​ជ័យលាភី​ទាំងអស់​គឺជា​បញ្ញាជន​ប្រកប​ដោយ​ជំនាញ ចំណេះ​ដឹង និង​ចំណេះធ្វើ ព្រមទាំង​មាន​ការ​ទទួល​ខុសត្រូវ សីលធម៌​ល្អប្រពៃ និង​វិចារណញ្ញាណ​​ស្នេហាជាតិ​ដ៏ពិតប្រាក​ដ ដែល​ជា​កម្លាំងស្នូល​សម្រាប់​បុព្វហេតុ​អភិវឌ្ឍន៍​សង្គមជាតិ​យើង។ ​  
ឯកឧត្តមបណ្ឌិត​​បានបន្តទៀត​ថា ចាប់តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ​ ៧ មករា ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន​​នេះ​ ហេដ្ឋារចនា​សម្ព័ន្ធ​ សេដ្ឋកិច្ច​និង​សង្គម​កិច្ច ដែល​ទទួល​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង​ ក្នុង​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត ត្រូវ​បាន​​ស្តារ កសាង​ និ​ងអភិវឌ្ឍ​ ​ឲ្យ​មាន​ការ​រីក​ចម្រើន​ជាលំដាប់។ ចំពោះ​​វិស័យអប់រំ​ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ច ​កាល​តែង​យកចិត្តទុក​ដាក់ខ្ពស់ ទាំង​ផ្នែក​បរិមាណ​ និង​ការកែ​លម្អ​គុណភាព​អប់រំ ដើម្បី​ផ្តល់​ឲ្យសិស្ស និស្សិត​ នូវ​ចំណេះ​ដឹង និង​កាលា​នុវត្តភាព​ក្នុង​ការ​ទទួល​បាន​មុខជំនាញ​ផ្សេងៗ សម្រាប់​​​អនាគត​​ដ៏ប្រសើរ​របស់​សិស្ស និស្សិត​ខ្លួន​ឯង​ផង​និង​របស់​ប្រទេស​ជាតិ​ផង​។ រាជរដ្ឋាភិបាល​ខិត​ខំ​បង្ក​លក្ខណៈ​សម្បត្តិ​ និង​បង្កើន​​លទ្ធភាពឲ្យ​ប្រជាពលរដ្ឋ​ទទួលបាននូវ​ការអប់រំ និង​ការបណ្តុះ​បណ្តាល​ប្រកប​ដោយ​​សមធម៌ ​​ទៅតាម​ទិសដៅ ការអប់​រំទាំងអស់​គ្នា (Education for All ) ជា​ពិសេស មាន​ឱកាស​ទទួល​បាននូវ​ការអប់រំ​ជា​មូលដ្ឋាន​រយៈពេល​៩​ឆ្នាំ ដែល​ជាកត្តា​ដ៏មាន​សារៈ​សំខាន់​មួយ​ ជួយ​លើក​ស្ទួយ​ដល់​គ្រួសារ​ក្រី​ក្រឲ្យឆ្លង​ផុតពី​គំនាប​នៃ​ភាពក្រីក្រ និង​រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព​នៅ​ក្នុងសង្គម។​ លើស​ពីនេះ ការចាត់​ទុកវិស័យ​អប់រំជាវិស័យ​អាទិភាព​មួយ​យ៉ាង​សំខាន់ នៅក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី២ ក៏ដូចជា នៅ​ក្នុង​ផែន​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ ២០០៩-២០១៣ គឺជាសក្ខី​ភាព​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​អំពី​ការយក​ចិត្តទុក​ដាក់​ របស់​រាជរដ្ឋាភិ​បាល។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​អំពាវ​នាវថា ក្នុង​នាម​​ជាប្រធាន​គណៈ​កម្មាធិការ​​ទទួល​ស្គាល់​គុណ​ភាព​អប់រំ​នៃ​កម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​​បណ្តុះ​បណ្តាល​ ឯកឧត្តម​សូមអំពាវ​នាវដល់​គ្រប់​សាកល​វិទ្យាល័យ និង​គ្រឹះស្ថានអប់រំ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈទាំង​អស់ ត្រូវគិត​គូរឲ្យ​បានខ្លាំង​ក្លាដល់ការ​បន្តជំរុញ​សកម្ម​ភាព​​​បណ្តុះ​បណ្តាល ​របស់ខ្លួន ឲ្យមាន​លក្ខណៈ​​កាន់តែ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នៅ​លើ​ទីផ្សារ​ ពលកម្ម ជា​ពិសេស ជំរុញ​សកម្មភាព​ស្រាវជ្រាវ​ឲ្យបាន​ស៊ី​ជំរៅ ដោយ​តម្រូវ​ឱ្យ​សិស្ស និស្សិត​គ្រប់​រូប​ចំណាយ​ពេលវេលា​អោយ​បាន​កាន់តែច្រើន​សម្រាប់​រៀន​សូត្រ ហើយ​ត្រូវយក​គុណភាព​ជា​អាទិភាព គោរព​តាម​គោលការណ៍​អប់រំ និង​លិខិត​បទ​ដ្ឋាន​គតិយុត្តិ​​នានា ដូចជា ច្បាប់​ស្តីការអប់រំ ​ក្របខ័ណ្ឌ​គុណ​វុឌ្ឍិជាតិ ស្តង់ដា​គុណភាព​អប្បបរមា​ ស្តង់ដា​ជាតិ​សមត្ថភាព និង​ស្តង់ដា​ជាតិ​មុខរបរ ។ល។
ឯកឧត្តមលើក​ឡើងផង​ដែរថា ការ​សិក្សារ​បស់​និស្សិត​​ត្រូវ​តែផ្សារ​ភ្ជាប់ទៅ​នឹង​ការអនុវត្ត​ជាក់​ ស្តែង រួមផ្សំ​នឹងសិល្បៈ និង​កីឡាផងដែរ។ ឯកឧត្តម​បណ្ឌិត​ សុខ អាន ​ បាន​ណែនាំ​ថា​ គ្រប់​គ្រឹះស្ថាន​ឧត្តមសិក្សា​ទាំង​អស់​ត្រូវ​យក​​ចិត្តទុក​ដាក់ដល់​ ការបង្កើត​ឲ្យ​មាន​ការចុះ​សិក្សាអនុវត្ត​តាមរោង​ចក្រ សហគ្រាស កសិដ្ឋាន ស្រែ​ចំការ រមណីយដ្ឋាន ​អាហារ​ដ្ឋាន ធនាគារ សណ្ឋាគារ និង​មជ្ឈមណ្ឌល​វប្បធម៌ ហើយ​ត្រូវ​បង្កើត​ឲ្យមាន​ជា​ការសម្តែង​សិល្បៈ ឬការ​ប្រកួត​កីឡា​ដើម្បី​ធ្វើ​ឲ្យ​និសិ្សតយល់ដឹង និង​មានស្មារតី​រីករាយ​ក្នុង​ការ​សិក្សា ហើយ​ការអប់រំ​បណ្តុះបណ្តាល​មិនត្រឹមតែ​សំដៅ​ទៅ​លើ​​ចំណេះ​ដឹង និង​សមត្ថភាព​ជំនាញ​បច្ចេក​ទេសប៉ុណ្ណោះទេ ប៉ុន្តែ​ចាំបាច់ត្រូវ​តែផ្សារ​ភ្ជាប់ទៅ​នឹង​សីលធម៌ គុណធម៌ ការ​បញ្ជ្រាប​​​នូវវប្បធម៌ និង​អរិយធម៌ សំដៅ​ថែរក្សា​ឲ្យបាន​នូវអត្ត​សញ្ញាណ​ជាតិ​ផងដែរ។
វិស័យអប់រំ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅ​កម្ពុជា គឺពិត​ជាត្រូវការ​ចាំបាច់​ណាស់នូវ​កិច្ចសហប្រតិ​បត្តិ​ការ និង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពីសហគមន៍​ជាតិ​និង​អន្តរជាតិ ជាពិសេស វិស័យ​ឯកជន និង​ដៃ​គូអភិវឌ្ឍន៍​ទំាងអស់​។
លោក ឌៀប សីហា  សាកល​វិទ្យា​ធិការ​នៃ សាកល​វិទ្យាល័យ​បៀលប្រាយ ​ បាន​ឲ្យដឹងថា គិតចាប់​ពីឆ្នាំសិក្សា​២០០៥-២០០៦ រហូតមក​ទល់​បច្ចុប្បន្ន​មាន​និស្សិត​ចុះឈ្មោះ​ចូលរៀន​សរុប ៣៣៨៨​នាក់ នារី​១៣​២២នាក់ ដែលក្នុ​ង​នោះនិស្សិត​អាហាររូបកណ៍​សរុប​ចំនួន​ ៦៦៥នាក់ និង​មាន​សាស្រ្តា​ចារ្យ​​​​ចំនួន​៨៧នាក់ ដែល​បាន​បណ្តុះ​បណ្តាល​ទៅលើ​មហា​វិទ្យាល័យ​ប្រាំដែល​រួម​មានៈ មហា​​វិទ្យាល័យ​​​គ្រប់គ្រង​ធុរកិច្ច, មហា​វិទ្យាល័យ​សេដ្ឋកិច្ច, មហា​វិទ្យាល័យ​នីតិសាស្រ្ត​និង​វិទ្យា​សាស្រ្ត​សង្គម, មហាវិទ្យា​ល័យវិទ្យា​សាស្រ្ត​អប់រំ​និងភាសា និងមហា​វិទ្យាល័យ​វិទ្យាសាស្រ្ត​និង​បចេ្ចក​វិទ្យា។ តាមការ​ស្ទង់មតិ​បានបង្ហា​ញ​ថា​និស្សិត​ដែល​បាន​បញ្ចប់ការ​សិក្សា​តាម​ សិ្ថតិ​ខាងលើ​ទទួល​បាន​ការងារ​​ធ្វើ ៨៥%-៨៨% ក្នុង​នោះ​ប្រាក់ខែគិតជាមធ្យម​​ ២៣០​ដុល្លារ​​ក្នុង១ខែ​ ចំណែក​និស្សិត​កំពុង​សិក្សា​​បច្ចុប្បន្ន​ទទួល​បាន​ការងារ​ធ្វើ៦០%​៦៤.៣% ប្រាក់ខែ​គិត​ជា​មធ្យម ១៥០ដុល្លារក្នុង១ខែ៕​