Thursday, May 10, 2012

សុន្ទរកថា ឯកឧត្តម សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ក្នុងពិធី​ប្រគល់​សញ្ញា ​បត្រ ដល់​និស្សិត​បរិញ្ញាបត្រ​ជំនាន់​ទី១ ទី២ ទី៣​ និងទី៤ និង​និស្សិត​បរិញ្ញា​បត្រ​រង ជំនាន់​ទី១ ទី២ ទី៣ ទី៤ និងទី៥​ នៃ​សាកល​វិទ្យាល័យ​បៀល​ប្រាយ សាខា​ខេត្តតាកែវ


សុន្ទរកថា
ឯកឧត្តម សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ក្នុងពិធី​ប្រគល់​សញ្ញា ​បត្រ ដល់​និស្សិត​បរិញ្ញាបត្រ​ជំនាន់​ទី១ ទី២ ទី៣​ និងទី៤ និង​និស្សិត​បរិញ្ញា​បត្រ​រង ជំនាន់​ទី១ ទី២ ទី៣ ទី៤ និងទី៥​ នៃ​សាកល​វិទ្យាល័យ​បៀល​ប្រាយ សាខា​ខេត្តតាកែវ
ខេត្តតាកែវ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
- គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងក្មួយៗនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយទាំងអស់ជាទីមេត្រី
ថ្ងៃនេះ ខ្ញុំមាន​ក្តី​សោមនស្ស​រីករាយ​ចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ ​អស់​លោក លោកស្រី គណៈ​គ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងក្មួយៗ​និស្សិតទាំង​អស់នៃ​សាកល​វិទ្យាល័យ​បៀលប្រាយ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង ដល់​និស្សិត​ចំនួន ១៣៣៧​រូប ដែល​បាន​បញ្ចប់​ការ​សិក្សា​​ប្រកប​ដោយ​ជោគជ័យ នា​ពេលនេះ។ ឆ្លៀត​ឱកាស​នេះ ខ្ញុំសូម​​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ សាស្រ្តា​ចារ្យ និង​បុគ្គលិក​នៃ​សាកល​វិទ្យាល័យ​បៀលប្រាយ​សាខា​ខេត្តតា​កែវ​ទាំង​អស់ ដែល​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អប់រំ​បណ្តុះបណ្តាល​ដល់​ និស្សិត​គ្រប់កម្រិត រហូត​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ ដូច​ដែល​យើង​បានឃើញ​នៅ​ថ្ងៃនេះ​។
ជាមួយគ្នា​នេះដែរ ខ្ញុំសូម​អបអរ​សាទរ និង​មាន​មោទន​ភាព​ចំពោះ​លទ្ធផល​នៃ​ការសិក្សា​របស់​ក្មួយៗ​និស្សិត​ទាំង ១៣៣៧ រូប ដែល​នឹង​ទទួល​បាន​សញ្ញាបត្រ​ក្នុង​ពេល​បន្តិច​ទៀតនេះ។ លទ្ធផល​នេះ​មិន​មែន​ត្រឹមតែ​ជា​ជោគជ័យ​របស់​ក្មួយៗ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​សបញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ជោគជ័យ​ក្នុង​​វិស័យ​ អប់​រំជាតិ​ទាំង​មូល​ផងដែរ ព្រោះ​ថា ជោគ​ជ័យ​របស់​ក្មួយៗ​ពិត​ជា​បានរួម​ចំណែក​ដល់​ការបង្កើន​នូវ​បរិមាណ និង​គុណភាព​ធនធាន​មនុស្ស។ ខ្ញុំមាន​ជំនឿ​ថា ក្មួយៗ​ជ័យលាភី​ទាំង​អស់​គឺ​ជា​បញ្ញាជន​ប្រកប​ដោយ​ជំនាញ ចំណេះ​ដឹង និង​ចំណេះ​ធ្វើ ព្រម​ទាំង​មាន​ការ​ទទួល​ខុសត្រូវ សីលធម៌​ល្អ​ប្រពៃ និង​វិចារណញ្ញាណ​​ស្នេហា​ជាតិ​ដ៏​ពិតប្រាកដ ដែល​ជា​កម្លាំង​ស្នូល​សម្រាប់​បុព្វហេតុ​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗនិស្សិតទាំងអស់
ចាប់តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ​ ៧ មករា ១៩៧៩ រហូត​មកដល់​បច្ចុប្បន្ន​នេះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ សេដ្ឋកិច្ច​និង​សង្គម​កិច្ច ដែល​ទទួល​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង​ ក្នុង​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត ត្រូវ​បាន​​ស្តារ កសាង​ និ​ងអភិវឌ្ឍ​ ​ឲ្យ​មាន​ការ​រីក​ចម្រើនជាលំដាប់។ ចំពោះ​​វិស័យអប់រំ​ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ជានិច្ច ​កាល​តែង​យកចិត្តទុក​ដាក់ខ្ពស់ ទាំង​ផ្នែក​បរិមាណ​ និង​ការកែលម្អ​គុណភាព​អប់រំ ដើម្បី​ផ្តល់​ឲ្យសិស្ស និស្សិត​ នូវ​ចំណេះ​ដឹង និង​កាលានុវត្ត​ភាពក្នុង​ការ​ទទួល​បាន​មុខជំនាញ​ផ្សេងៗ សម្រាប់​​​អនាគត​​ដ៏ប្រសើរ​របស់​សិស្ស និស្សិត​ខ្លួន​ឯង​ផង​និង​របស់​ប្រទេស​ជាតិ​ផង​។ រាជរដ្ឋាភិបាល​ខិត​ខំ​បង្ក​លក្ខណៈ​សម្បត្តិ​ និង​បង្កើន​​លទ្ធភាពឲ្យ​ប្រជាពលរដ្ឋ​ទទួលបាននូវ​ការអប់រំ និងការ​បណ្តុះ​បណ្តាល​ប្រកប​ដោយ​​សមធម៌ ​​ទៅតាម​ទិសដៅ ការអប់រំ​ទាំង​អស់គ្នា (Education for All ) ជា​ពិសេស មាន​ឱកាស​ទទួល​បាននូវ​ការអប់រំ​ជា​មូលដ្ឋាន​រយៈពេល​៩​ឆ្នាំ ដែល​ជា​កត្តា​ដ៏មាន​សារៈ​សំខាន់​មួយ​ ជួយ​លើក​ស្ទួយ​ដល់​គ្រួសារ​ក្រីក្រ​ឲ្យឆ្លង​ផុត​ពីគំនាប​នៃ​ភាព​ក្រីក្រ និងរស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាពនៅ​ក្នុងសង្គម។​ លើស​ពីនេះ ការ​ចាត់ទុក​វិស័យ​អប់រំ​ជាវិស័យ​អាទិភាព​មួយ​យ៉ាង​សំខាន់ នៅក្នុង​យុទ្ធសាស្រ្ត​ចតុ​កោណ​ដំណាក់​កាល​ទី២ ក៏​ដូចជា នៅ​ក្នុង​ផែន​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ ២០០៩-២០១៣ គឺជា​សក្ខីភាព​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​អំពីការ​យកចិត្ត​ទុកដាក់​ របស់រាជ​រដ្ឋាភិបាល។
ជាមួយគ្នានេះដែរ ការដាក់​ចេញ​នូវ​គោលនយោ​បាយ​សេរីភាវូ​បនីយកម្ម​លើ​វិស័យ​អប់រំ និង​ការលើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល ដល់​គ្រឹះស្ថាន​សិក្សាគ្រប់​កម្រិត​ទាំង​សាធារណៈនិង​ឯកជន​ឱ្យ​ខិតខំ​ ប្រឹងប្រែង​យក​​អស់​លទ្ធភាព និង​សមត្ថភាព​របស់​ខ្លួនក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្សប្រកប​ដោយ​គុណ ​វុឌ្ឍិ និង​សីលធម៌វិជ្ជាជីវៈ សំដៅ​កសាង​មូលធន​បញ្ញា (Intellectual Capital) ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​ទីផ្សារ ការងារ​ កំពុងផ្តល់នូវ​ឥទ្ធិពល​​ជាវិជ្ជមាន​មក​លើ​សង្គម​កម្ពុជា​ តាម​រយៈការ​ជំរុញឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់ តែខ្លាំង​លើ​គុណភាព​នៃការផ្តល់​សេវាអប់រំ​រវាងបណ្តា​គ្រឹះស្ថាន​សិក្សានៅ​ កម្ពុជា។
          ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗនិស្សិតទាំងអស់
តាមរយៈកិច្ច​ខិតខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល ដោយ​មាន​ការចូលរួម​សហការ​ពី​សំណាក់​ដៃ​គូ​អភិវឌ្ឍន៍​នានា និង​វិស័យ​ឯកជន​ វិស័យ​អប់រំ​នា​ពេល​បច្ចុប្បន្ន​ទទួល​បាននូវការ​រីកចម្រើន​ទៅ​មុខ​គួរ​ឲ្យ​ កត់​សម្គាល់​ ជាពិសេស វិស័យ​អប់រំ​ថ្នាក់​ឧត្តមសិក្សា និង​ក្រោយ​ឧត្តម​សិក្សា​​។ ប៉ុន្តែ​ទោះបី​ជាយ៉ាង​នេះក្តី​​​ យើង​កត់​សម្គាល់​ឃើញថា ការកើន​ឡើង​នូវចំនួន​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ក៏នៅតែ​ពុំ​ទាន់ឆ្លើយ​តបទៅ​នឹង​តម្រូវការ​ជាក់ស្តែង​​នៅឡើយ ហើយ​ក៏ពុំទាន់​ធានា​បាននូវ​គុណភាព​អប់រំ​ដូច​បណ្តា​​សា​កលវិទ្យាល័យ​នាំមុខ​ មួយ​ចំនួន​នៅ​ក្នុង​សកលលោក​ដែរ​។ លើស​ពីនេះ​ ស្ថិតក្នុង​ចរន្ត​សកលភា​វូប​នីយកម្ម និង​ការ​វិវត្តឥត​ឈប់​ឈរ​របស់​បច្ចេកវិទ្យា និង​វិទ្យា​សាស្រ្ត កម្ពុជា​ត្រូវ​ប្រឈម​នឹងការ​លំបាក​ជាច្រើន​ទៀត​ក្នុង​ការធានា​នូវ​ និរន្តរភាពនៃ​គុណភាព​​អប់រំ ក៏ដូច​ជាធានា​ឱ្យបាន​នូវទីផ្សារ​ការងារ​សម្រាប់​ក្មួយៗ​ដែល​ទើបនឹង​បញ្ចប់​ ការសិក្សា។
ក្រៅពី​នេះ ភាពមិន​ស៊ីចង្វាក់​គ្នារវាង​សកម្មភាព​អប់រំបណ្តុះ​បណ្តាល​ និងតម្រូវ​ការ​ជាក់ស្តែង​របស់​ទីផ្សារ​​ពលកម្ម​ ក៏ជា​ក្តីកង្វល់​មួយទៀត​របស់រាជ​រដ្ឋាភិបាល។ នាពេល​បច្ចុប្បន្ននេះ ខ្ញុំយល់ថា​ការបណ្តុះ​បណ្តាល​​លើ​ជំនាញ​គ្រប់គ្រង នីតិសាស្រ្ត សេដ្ឋកិច្ច គណនេយ្យ ធនាគារ ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ហាក់បី​ដូចជា​មាន​សកម្មភាព​ច្រើនលើស​ពីតម្រូវការ​នៅក្នុង​ទីផ្សារ​ពលកម្ម។ គ្រប់គ្រឹះ​ស្ថានអប់រំ និងបណ្តុះ​បណ្តាល​គួរយក​ចិត្តទុក​ដាក់​បន្ថែម​លើ​ការ​បណ្តុះ​បណ្តាល​ផ្នែក​ បចេ្ចក​ទេសវិទ្យា​សាស្ត្រ ជាអាទិ៍ វិស័យ​កសិកម្ម វិស្វកម្ម យន្តសាស្រ្ត អេឡិច​ត្រូនិច សហគ្រាស​ធុនតូច-មធ្យម ជាដើម ដែល​សុទ្ធតែ​ជាប្រភេទ​ជំនាញ​ដែល​ទីផ្សារ​​ពលកម្ម​កំពុង​ត្រូវការ​នាពេល​ បច្ចុប្បន្ន និង​ទៅ​អនាគត។
ក្នុង​ន័យ​នេះ​ ក្នុង​នាម​ខ្ញុំ​ជាប្រធាន​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​ នៃកម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​​បណ្តុះ​បណ្តាល​ ខ្ញុំ​សូមអំពាវ​នាវដល់​គ្រប់​សាកល​វិទ្យាល័យ និងគ្រឹះ​ស្ថានអប់រំ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈទាំងអស់ ត្រូវ​គិតគូរឲ្យ​បាន​ខ្លាំង​ក្លាដល់​ការបន្ត​ជំរុញ​សកម្មភាព​បណ្តុះបណ្តាល​ របស់ខ្លួន ឲ្យមាន​លក្ខណៈ​​កាន់តែ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នៅលើ​ទីផ្សារ​ ពលកម្ម ជា​ពិសេស ជំរុញ​សកម្មភាព​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជំរៅ ដោយ​តម្រូវ​ឱ្យ​សិស្ស និស្សិត​គ្រប់រូប​ចំណាយ​ពេលវេលា​អោយ​បាន​កាន់​តែ​ច្រើន​សម្រាប់​រៀន​សូត្រ ហើយ​ត្រូវ​យកគុណ​ភាព​ជា​អាទិភាព គោរព​តាម​គោលការណ៍​អប់រំ និង​លិខិត​បទ​ដ្ឋាន​គតិយុត្តិ​​នានា ដូចជា ច្បាប់​ស្តីការ​អប់រំ ​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ ស្តង់ដា​គុណភាព​អប្បបរមា​ ស្តង់ដា​ជាតិ​សមត្ថភាព និង​ស្តង់ដា​ជាតិ​មុខរបរ ។ល។
ទន្ទឹមនេះ​ផង​ដែរ ការសិក្សា​របស់និស្សិត​ទៀតសោត​ត្រូវតែផ្សារ​ភ្ជាប់ទៅ​នឹងការ​អនុវត្ត​ជាក់​ ស្តែង រួមផ្សំ​នឹងសិល្បៈ និងកីឡា​ផងដែរ។ ដូច្នេះ​គ្រប់​គ្រឹះស្ថាន​ឧត្តមសិក្សា​ទាំងអស់​ត្រូវយក​ចិត្តទុក​ដាក់​ដល់​ ការបង្កើត​ឲ្យ​មាន​ការចុះ​សិក្សា​អនុវត្តតាម​រោងចក្រ សហគ្រាស កសិដ្ឋាន ស្រែ​ចំការ រមណីយដ្ឋាន ​អាហារដ្ឋាន ធនាគារ សណ្ឋាគារ និង​មជ្ឈ​មណ្ឌល​វប្បធម៌ ហើយ​ត្រូវបង្កើត​ឲ្យមាន​ជាការ​សម្តែងសិល្បៈ ឬការ​ប្រកួត​កីឡា​ដើម្បី​ធ្វើ​ឲ្យ​និសិ្សត​យល់ដឹង និង​មានស្មារតី​រីករាយ​ក្នុងការ​សិក្សា ហើយ​ការអប់​រំបណ្តុះ​បណ្តាល​មិន​ត្រឹមតែ​សំដៅ​ទៅ​លើ​​ចំណេះដឹង និង​សមត្ថភាព​ជំនាញ​បច្ចេក​ទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចាំបាច់​ត្រូវតែ​ផ្សារ​ភ្ជាប់​ទៅនឹង​សីលធម៌ គុណធម៌ ការ​បញ្ជ្រាប​​​នូវ​វប្បធម៌ និង​អរិយធម៌ សំដៅ​ថែរក្សា​ឲ្យបាន​នូវ​អត្ត​សញ្ញាណ​ជាតិផងដែរ។
        ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និ​​​​​​​​​​​​​​​​​​​​​​ងក្មួយៗនិស្សិតទាំងអស់
វិស័យអប់​រំនិងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅកម្ពុជា គឺ​ពិតជា​ត្រូវការ​ចាំបាច់​ណាស់​នូវ​កិច្ច​សហប្រតិ​បត្តិការ និង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ ជា​ពិសេស វិស័យ​ឯកជន និង​ដៃ​គូអភិវឌ្ឍន៍​ទំាង​អស់​។ ឆ្លៀត​ឱកាសនេះ ខ្ញុំសូម​អំពាវនាវ​ដល់អង្គ​ការ​ជាតិ​និង​អន្តរជាតិ ក៏ដូច​ជាបណ្តា​ប្រទេស​ជា​ដៃ​គូរ​អភិវឌ្ឍន៍​ទាំងអស់ ជាពិសេស វិស័យឯកជន សូម​បន្តការគាំទ្រ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំឲ្យ​កាន់​​តែរីក​ចម្រើន​ឡើង​ និង​ឆ្លើយ​តបទៅ​នឹងតម្រូវ​ការ​ជាក់ស្តែង​របស់​ប្រទេស។​
 មុននឹងបញ្ចប់ ខ្ញុំសូមយក​ឱកាសនេះ​រំលឹកជា​ថ្មីម្តង​ទៀតដល់​គ្រប់​សាកល​វិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ​​បណ្តុះ​បណ្តាល​ទាំងអស់ ទាំង​ផ្នែក​សាធារណៈ និង​ឯកជន ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​នូវ​គុណភាព​នៃ​ការ​អប់​រំ​​បណ្តុះ​បណ្តាល​ របស់ខ្លួន ដើម្បី​ធ្វើឲ្យសិស្ស​និសិ្សត​ទទួល​បាននូវ​ចំណេះ​ដឹង​ពិតប្រាកដ និង​មាន​សមត្ថភាព​​គ្រប់គ្រាន់ ឈាន​ឆ្ពោះ​ទៅរក​ការលើក​តម្លៃ​សញ្ញាបត្រ និងទទួល​បានជា​បណ្តើរៗ​នូវការ​ទទួល​ស្គាល់​ជា អន្តរជាតិ។​ ជាមួយ​គ្នានេះ​ដែរ​ ខ្ញុំសូម​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ​និស្សិត​ជ័យលាភី​ទាំងអស់ ក្នុងនាម​ក្មួយៗ​ជាទំពាំង​ ស្នងឬស្សី ចូរក្មួយៗ​យក​សមត្ថ​ភាព និងចំណេះដឹងដែល​ក្មួយៗមាន ទៅ​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព​ និង​បង្កើន​តម្លៃក្នុង​ការ​រួម​ចំណែក​ការពារ និងកសាង​មាតុភូមិ​ជាទី​ស្នេហា​របស់​យើង។ សូមក្មួយៗ​បន្តការ​សិក្សា​ស្រាវជ្រាវ ហើយ​ត្រូវចាត់​ទុកថា ការ​រៀន​សូត្រ គឺជា​ដំណើរ​ការ​មួយ​ដែល​មិនចេះ​ចប់ ដើម្បី​ដុសខាត់​ចំណេះ​ដឹង និង ចំណេះធ្វើ​របស់ខ្លួន​ម្នាក់ៗឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត។
ខ្ញុំសូមសម្តែង​នូវការ​អបអរសាទរ​ជាថ្មី​ចំពោះ​និស្សិត​ដែលជាជ័យ​លាភីទាំង​ អស់ និង​សូមសម្តែង​នូវ​ការ​កោត​សរសើ​ចំពោះ​សាកល​វិទ្យាល័យ​បៀលប្រាយ ជា​ពិសេស​សាខា​ខេត្ត​តាកែវ​ ដែល​ទទួល​បាន​លទ្ធផល គួរជាទី​មោទនៈ ក្នុង​ការចូលរួម​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅកម្ពុជា ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ស្រប​ទៅ​តាម​ចតុស្តម្ភ​អប់រំ ពោល​គឺ​អប់រំឲ្យមានចំណេះ​ដឹង ចំណេះ​ធ្វើ សីលធម៌ល្អ និងឲ្យ​ចេះរួម​រស់​ជា​មួយគ្នា ប្រកប​ដោយ​សុខ​ដុម​រមនា
          ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិយស សាស្រ្តាចារ្យ ក្មួយៗ​និស្សិត​ទាំងអស់ សូមប្រកប​តែ​នឹង​សុខភាព​ល្អ ជោគជ័យ​ក្នុង​ការងារ និង​មាន​សុភមង្គល​នៅ​ក្នុង​គ្រួសារ។