Thursday, May 10, 2012

សម្តេចតេជោ បើក​ការ​ដ្ឋានសាង​សង់​ផ្លូវ​និង​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង


នៅ​ទីបំផុតស្ពាន​មិត្តភាព​កម្ពុជា-ចិន ឆ្លងកាត់​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង និង​​ផ្លូវជាតិ​លេខ ២១៤ ដែលត្រូវ​​​ប្តូរ​ឈ្មោះ​ជា​ផ្លូវ​ជាតិ លេខ ៩ ត​ភ្ជាប់​តាម​បណ្តោយ​ព្រំដែន​ប៉ែក​ឥ​សាន្ត និង​ខាងលិច​ប្រទេស​កម្ពុជា​ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នា​ព្រឹក​​ថ្ងៃ​ទី ៥ ឧសភា ឆ្នាំ ២០១២ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​វត្តមាន​តំណាង​ឯកអគ្គរដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​សាក្សី​។

​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​​សាងសង់ ផ្លូវជាតិ​លេខ ៩ និង​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ឆ្លងកាត់​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង  សម្តេច​តេ​ជោ​​នាយក​រដ្ឋ​មន្រ្តី​មានប្រសាសន៍​ថា ខ្ញុំ​ពិតជា​មាន​មោទនភាព ដោយសារតែ​អ្វី​ដែល​បាន និង​កំពុង​កើតឡើង​នេះ​វា​ផ្តើម​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​​រ​វាង​ កម្ពុជា និង ចិន។ ខ្ញុំ​សូម​អរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​ជា​និច្ចកាល​បាន​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ន៍​ប្រទេស​ កម្ពុជា ហើយ​មិត្ត​ចិន​បាន​ជួយ​​កម្ពុជា​ឲ្យ​ត​ភ្ជាប់​ជាមួយ​ប្រទេស​ឡាវ និង​ប្រទេស​វៀត​ណា​ម ដើម្បី​អភិវឌ្ឍ​តំបន់​ត្រី​កោណ។

សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ការសាងសង់​ផ្លូវជាតិ​នេះ ជា ពិសេស​ស្ពាន​ដ៏​វែង​ឆ្លងកាត់​ទន្លេ​មេគង្គ​នេះ មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​ជា​លទ្ធផល ជាក់ស្តែង​នៃ​គម្រោង​អភិវឌ្ឍ​នៅ​គ្រប់ទិសទី​នៃ​ផ្ទៃ​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការ​បង្កើន​ល្បឿន និង​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​សមាហរណ​កម្ម​​ផ្ទៃក្នុង​ប្រទេស​ទៀត​ផង។ សម្តេច​តេជោ​នាយក​​រដ្ឋមន្ត្រី​ថ្លែង​ថា ការ​សាងសង់​ផ្លូវជាតិ និង​ស្ពាន​ដ៏​វែង​ឆ្លងកាត់​ទន្លេ​មេគង្គ​នេះ នឹង​ជួយ​បំ​ព្រួញ​គម្លាត​គោលដៅ​ដាច់​ស្រ​យា​ល និង​តំបន់​តាម​ព្រំដែន ជាមួយ​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ទំនាក់ទំនង ផ្លាស់​ប្តូរ​ផលិតផល​រវាង​ប្រជាជន​នៅ​តំបន់​ដាច់​ស្រយាល​​ទាំង​នេះ ជាមួយ​នឹង​ប្រជាជន​នៅ​គ្រប់​ទិស​តំបន់​នៅ​ក្នុង​ប្រទេស និង​តំបន់​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច ដទៃ​ទៀត និង​ដោយឡែក​ជួយ​ជម្រុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ប្រកបដោយ​ចីរភាព និង​ស្ថិរ ភាព​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ផង​ដែរ។ ដោយ​យោង​​ទៅ​រក​គម្រោង​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០១៥ ជា​ឆ្នាំ​ដែល​អាស៊ាន​បាន​ក្លាយ​ទៅជា«សហគមន៍​អាស៊ាន»នោះ សម្តេចតេជោ​​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ផ្លូវ និង ស្ពាន​នេះ​នឹង​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ការ​ត​ភ្ជាប់​នៅ​ពេល​ដែល​អាស៊ាន​ ក្លាយទៅជា​សហគមន៍​​​​ប្រជាជាតិ​មួយ​។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែងឲ្យ​ដឹង​​ថា ផ្លូវជាតិ​លេខ២១៤ មាន​ប្រវែង​សរុប ១៤៣,៤១ គីឡូម៉ែត្រ​ចាប់ពី​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ទៅ​ដល់​សង្កាត់​ប៉ា​លហាល ក្រុង​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ផ្លូវ​នេះ​គ្រោង​នឹង​ប្រើ​រយៈពេល​សាងសង់ ៤៥ ខែ​ដោយ​ចំណាយ​ថវិកា ១១៦,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​រួម​ទាំង​​ថវិកា​បដិភាគ​របស់​រា​ជរ​ដ្ឋាភិ​បាល​កម្ពុជា។ ស្ពាន​មិត្តភាព​កម្ពុជា-ចិន​មេគង្គ​ស្ទឹងត្រែង​មាន​ប្រវែង ១៧៣១ ម៉ែត្រ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​មាន​ គម្រោង​សាងសង់​ផ្លូវ​ស្ពាន​ចំនួន ៥ ខ្សែ​តាម​បណ្តោយ​ព្រំ ដែន​ប៉ែក​ឥ​សាន្ត និង​ខាងលិច​ប្រទេស​កម្ពុ​ជា​មាន​ប្រវែង​ជាង ៥០០ គីឡូម៉ែត្រ ដែល​បាន​ប្រើប្រាស់ ឥណទាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ និង​បើក​ការ​ដ្ឋាន សាង​សង់ ដែល​ក្នុង​នោះ​រួមមាន​ផ្លូវជាតិ​លេខ ៦២ ពី​ខេត្ត​កំពង់ធំ​ទៅ​ខេត្ត​ព្រះវិហារ​ប្រវែង ១១៦ គីឡូម៉ែត្រ ផ្លូវ​ជាតិ​លេខ ៧៦ ពី​ស្នួល-សែន​មនោ​រម្យ​ប្រវែង ១២៧ គីឡូម៉ែត្រ និង​សែន​មនោ​រម្យ-លំ​ផាត់ ប្រវែង ១៧១,៧៨ គីឡូម៉ែត្រ ផ្លូវជាតិ​លេខ ៥៧បេ ប្រវែង ១៧៦,៣៥ គីឡូ​មែត្រ ផ្លូវជាតិ​លេខ ៦ ប្រវែង ៤០,៥ គីឡូម៉ែត្រ និង​ផ្លូវជាតិ​លេខ ២១៤ មាន​ប្រវែង ១០៣ គីឡូម៉ែត្រ។