Thursday, May 10, 2012

កាកបាទក្រហមកម្ពុជា ទទួល​បាន​ថវិកា ចំនួន ១០.៥២៨.៩១៩ ដុល្លារ​អាមេរិក​ពី សប្បុរស​ជនក្នុង​ទិ​វាពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១២


ទិវា ​ពិភពលោក​ កាក​បាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ​ឧសភា ​ឆ្នាំ ២០១២​ ក្រោម​ប្រធាន​បទ​ (​យុវជន​កំពុង​នាំគ្នា​ធ្វើ​សកម្មភាព ) ​បាន​ប្រព្រឹត្តទៅ​នា​ព្រឹក​​ថ្ងៃទី ​៨​ ខែ​ឧសភា​ឆ្នាំ ​២០១២​ នាទី​ស្នាក់​ការ កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា​ នៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​ ។

  ​ ​ថ្លែង​សុន្ទរកថា​នៅ​ក្នុ​ង​ទិវា​មនុស្ស​ធម៌​ពិភព​លោក​នេះ​ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា កន្លងមក កាកបាទក្រហមកម្ពុជា​សម្រេចបាន​សមិទ្ធផល​នានា​ជា​បន្តបន្ទាប់​ទូទាំងប្រទេស តាមរយៈ​កិច្ច​សហ ប្រតិបត្តិការ​និង​ការចូលរួម​យ៉ា់ងសកម្ម​ពី​កម្លាំង​យុវជន​ទូទាំងប្រទេស​ ជួយសង្គ្រោះ​ដល់​គ្រួសារ​ភៀស​សឹក​នៅ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​សរុប​ជា ៤ ម៉ឺន​គ្រួសារ​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​រាជធានី​-​ខេត្ត ទាំង ១៨ បាន​ចំនួន ២៧៧.៧១២ គ្រួសារ លើ​ចំនួន​គ្រួសារ​រងគ្រោះ​សរុប​ចំនួន ៣៥៤.១២៧ គ្រួសារ ។ លើសពីនេះទៅទៀត ក្នុងតំណាក់កាល​ស្តារ និង​កសាង​ឡើងវិញ​ក្រោយ​ទឹកជំនន់ ហើយ​ដែល​កាកបាទក្រហម កម្ពុ​ជាមាន​ភារកិច្ច​ផ្តល់​ការជួយឧបត្ថម្ភ​ជុំ​ទី ៣ នោះ កាកបាទក្រហមកម្ពុជា​បានសម្រេច​នូវ​ការ​ផ្តល់ជំនួយ សង្គ្រោះ​ដល់​គ្រួសារ​ចាស់ជរា ស្ត្រី​មេម៉ាយ អ្នករស់នៅ​ជាមួយ​បេ​រោគ​អេដស៍ បាន​ចំនួន ៣៣.២៥២ គ្រួសារ នៅតាម​ខេត្ត​ចំនួន ៦ និង​ជួយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​បាន​រាប់ពាន់​គ្រួសារ​ទៀត ។ សមិទ្ធផល ដែល​យើង​រួមគ្នា​សម្រេចបាន​កន្លងមកនេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ ផ្លែផ្កា​នៃ​កម្លាំង​មហា​សាមគ្គីភាព​ប្រកប ដោយ​ទឹកចិត្ត​មនុស្សធម៌​និង​ស្មារតី​នៃ​វប្បធម៌​ចែករំលែក​របស់​ប្រជាជន​យើង​ ដែល​តែងតែបាន​ជួយ​យកអាសារ និង​ជួយ​ដោះ​ទុក្ខ​ធុរៈ​គ្នា​ទៅវិញទៅមក នៅពេល​ជួបប្រទះ​នូវ​ទុក្ខលំបាក​ជាយថាហេតុ​នានា​។

​ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​បន្តថា សម្រាប់​ឆ្នាំ ២០១២ នេះ  ​យើង​នៅ ប្រឈម​បញ្ហា​ជា​សកល​មួយចំនួនទៀត​ដែល​ចាំបាច់​ត្រូវ​ប្តេជ្ញាចិត្ត​ខិតខំ​ ប្រឹងប្រែង​រួបរួម​កម្លាំង​មនុស្សធម៌​ពី គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ទាំង​ក្នុង និង​ក្រៅប្រទេស នាំគ្នា​បន្ត​អនុវត្ត​សកម្មភាព​មនុស្សធម៌​នេះ​ឱ្យ​កាន់តែ​សកម្ម​ផុលផុស ទ្វេ​ឡើង ។ ក្នុងនោះ យើង​នឹង​បន្ត​យកចិត្តទុកដាក់​លើ​ការ​កៀរគរ​យុវជន​ឱ្យចូល​រួម​ជា​កម្លាំង​ស្ម ​គ្រ័​ចិត្ត​នៅក្នុង សកម្មភាព​ទាំងអស់នេះ ។ រហូតមកដល់​ពេលនេះ យើង​មាន​យុវជន​កាកបាទក្រហម​កម្ពុជា​ទូទាំងប្រទេស ចំនួន​ជិត ៣ ម៉ឺន​នាក់​ហើយ ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​ចម្រុះ​វិស័យ ក្នុង​ភារកិច្ច​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ ប្តូរ​ឥរិយាបថ​ក្នុង​សហគមន៍ និង​ជា​មិត្ត​អប់រំ​មិត្ត នៅតាម​គ្រឹះស្ថានសិក្សា និង​កន្លែង​បំពេញការងារ​របស់ខ្លួន ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ និង​តម្លៃ​របស់ខ្លួន​ជា​កូន​ល្អ សិស្ស​-​និស្សិត​ល្អ មិត្ត​ល្អ និង​ជា​ពលរដ្ឋ​ល្អ សម្រាប់ ជា​ឧ​ត្ត​ម​ប្រយោជន៍​ចំពោះ​សង្គមជាតិ ។​

​ លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​បន្តថា ជាមួយនឹង​ការពង្រីក​កម្លាំង​យុវជន សមាគមជាតិ​កាកបាទក្រហមកម្ពុជា​ក៏បាន​យកចិត្តទុកដាក់​ផងដែរ​លើ​កា​រព​ង្រឹ​ យន្តការ​គ្រប់គ្រង​ចលនា យុវជន​កាកបាទក្រហម​នៅ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ធានា​ឱ្យបាន​នូវ​វឌ្ឍនភាព​ ប្រកបដោយ​ចីរភាព​នៃ​កម្លាំង មនុស្សធម៌​វ័យក្មេង​ទាំងអស់នោះ ។ ក្នុងនោះ កាកបាទក្រហមកម្ពុជា​ក៏បាន​យកចិត្តទុកដាក់​ផងដែរ​លើ​ការ កែលម្អ​ការអនុវត្ត​សកម្មភាព​មនុស្សធម៌រ​បស់​យុវជន ដោយបាន​ធ្វើ​សមាហរណកម្ម​ជំនាញ បំ​ណិ​ន ចំណេះដឹង និង​ចំណេះ​ធ្វើជា​ក់ល​ស្តែង​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​និង​ ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​សង្គមជាតិ និង​ឆន្ទៈ​មោះមុត​ឥត​រាថយ​ក្នុង​បុព្វហេតុ​មនុស្សធម៌​របស់​សង្គមជាតិ​យើង ។

​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​កត់​សម្គាល់​​ថា ការ​ប្រារព្វ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើក​ទី ១៤៩ នាពេលនេះ​បានបង្ហាញ ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​បាន​យល់ និង​ជ្រួត​ជ្រាប កាន់តែច្បាស់​ថែមទៀត​អំពី​សកម្មភាព​មនុស្សធម៌ និង បញ្ហា​ប្រឈម​ជា​សកល​នានា​ដែល​បាន​ក្លាយជា​ក្តីកង្វល់​រួម​នៃ​ចលនា​ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ហើយ ចាំបាច់​ត្រូវ​រួមគ្នា​កិត​គូរ និង​រក​ដំណោះស្រាយ​សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា និង មាន​ប្រសិទ្ធភាព ។ កិច្ចការ​ទាំងនេះ​គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងការ​កាត់បន្ថយ នូវ​អត្រា​នៃ​ភាពក្រីក្រ និង​ដោះស្រាយបាន​នូវ​ទុក្ខលំបាក​របស់​ប្រជាជន និង​ជន​ងាយ​រងគ្រោះ ។

​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គ្រប់​កម្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ដែលជា​និច្ចកាល​តែងតែ​ចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុងការ​ផ្តល់ នូវ​ការគាំទ្រ ផ្តល់នូវ​ក្តីសង្ឃឹម និង​ភាពកក់ក្តៅ​ដល់​ជនរងគ្រោះ គ្រួសារ​ងាយ​រងគ្រោះ​ទាំងឡាយ ជាពិសេស ជន​ចាស់ជរា ជន​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​-​ជំងឺអេដស៍​ជាដើម ។​

​ សម្តេច​តេ​ជោ​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ជាពិសេស​ជូន​ចំពោះ​លោកជំទាវ​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលមាន​ទឹកចិត្ត​មោះមុត​ធ្វើការ​​ដោយ​ឥត ខ្លាច​នឿយហត់​ក្នុង​ដំណើរ​សកម្មភាព​មនុស្ស​ធម៌ រួមជាមួយ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មន្ត្រី បុគ្គលិក បណ្តាញ​អ្នក​ស្ម​គ្រ័​ចិត្ត​និង​ក្រុមយុវជន​ស្ម​គ្រ័​ចិត្ត​ទាំង​អស់នៃ​ កាកបាទក្រហមកម្ពុជា​ដែល​ផ្តល់នូវ​ការគាំទ្រ​ដ៏​មុតមាំ​និង​សហការ​យ៉ាង​ជិត​ ស្និ​ត្ធ​ដើម្បី​អនុវត្ត​សកម្មភាព​មនុស្សធម៌​ក្នុង​ក្របខណ្ឌ​នៃ​ផែនការ​ យុទ្ធសាស្ត្រ​ទាំងអស់ របស់​កាកបាទក្រហម​ក​ម្ពុជារហូត​សម្រេចបាន​នូសមិទ្ធផល​ជាច្រើន​ជូនជាតិនិង​ ប្រជាជន។​

​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បន្ត​ប្រសាសន៍ថា ទោះបី​យើង​ទទួលជោគជ័យ​បែប នេះ​ក្តី ក៏​នៅមាន​តម្រូវការ​ច្រើន​ថែមទៀត ជាពិសេស​តម្រូវការ​ពី​ការចូលរួម​របស់​អ្នក​ស្ម​គ្រ័​ចិត្ត និង​យុវជន កាកបាទក្រហម ។ យើង​បានដឹង​ច្បាស់​ថា នៅ​គ្រប់​សម័យកាល គ្រប់​សង្គម យុវជន មិន​ត្រឹមតែ​ជា​កម្លាំង​ដ៏ ស្រួចស្រាល់ មាន​កម្លាំងកាយ​កម្លាំង​ចិត្ត និង​ស្មារតី​ភ្លឺស្វាង មាន​ទឹកចិត្ត​ក្លាហាន​ពុះពារ​គ្រប់​ឧ​បស​គ្គ័ ហ៊ាន ប្រឈម​នឹង​ការលំបាក​ឥត​រារែក​ប៉ុណ្ណោះ​ទេ យុវជន​គឺជា​សរសរ​ទ្រូង និង​ជា​អនាគត​នៃ​ប្រទេសជាតិ ។ ដោយ យុវជន​មាន​លក្ខណៈពិសេស​ខាងលើ​នេះហើយ បានធ្វើ​ឱ្យួ​យុវជន​ក្លាយទៅជា​ធនធាន​ដ៏​មានតម្លៃ ហើយ​កាន់ តែ​សំខាន់​កឺ​នៅក្នុង​ចលនា​មនុស្សធម៌​របស់​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ។

​ សម្តេច​តេ​ជោ​បាន​អំពាវនាវ​ដល់​ប្រជាជន មហាជន​គ្រប់​ស្រទាប់ ក្រសួង​ស្ថាប័ន អាជ្ញាធរ​ដែនដី​អង្គភាព មន្ទីរ​ពាក់​ព​ន្ធ័ សូម​បន្ត​យកចិត្តទុកដាក់​សហកា​រ​ឱ្យ​កាន់តែ​សកម្ម និង​រស់​រវើក ជាមួយ កាកបាទក្រហមកម្ពុជា​ដើម្បី​ធ្វើឱ្យ​ប្រធានបទ យុវជន​កំពុង​នាំគ្នា​ធ្វើ​សកម្មភាព ក្លាយ​ទៅ​ជា​សកម្មភាព​សម្រា​ប់ អនុវត្ត​ការងារ​ជាក់ស្តែង​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម  ​។ បន្ត​ជំរុញ​ចលនា​យុវជន​កាកបាទក្រហម​កម្ពុជា ឱ្យក្លាយ​ទៅជា​កម្លាំង​ដ៏​ស្រួចស្រាល់  ​មាន​ឆនៈ​មុតមាំ​ក្នុង​ការងារ​មនុស្សធម៌ ឈានទៅ​សម្រេចបាន​នូវ​ស្មារតី ដែល​បាន​កំណត់ឡើង គឺ​ធ្វើឱ្យ​កាន់តែ​ច្រើនជាង​មុន ធ្វើឱ្យ​កាន់តែ​ល្អ​ជាង​មុន ធ្វើឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ជាង មុន និង​ទៅឱ្យ​បាន​កាន់តែ​ឆ្ងាយ​ជាង​មុន ។​

​ គួរ​បញ្ជាក់ថា នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្វ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០១២ ក្រោម​ប្រធាន បទ (​យុវជន​កំពុង​នាំគ្នា​ធ្វើ​សកម្មភាព ) កាក​បាទ​ក្រហម​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​​ជា​ថវិកា​ពី​សប្បុរសជន​ទាំ​ ងក្នុង​ និង​ក្រៅ ប្រទេស​សរុប​​ចំនួន ​១០.៥២៨.៩១៩ ដុល្លារ​អាមេរិក ។​ក្នុងនោះ​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ អង្គ​ទ្រង់​ព្រះ​រាជូបត្ថម្ភ​ព្រះរាជ​ទ្រព្យ​ចំនួន ១ ម៉ឺន​ដុល្លារ​អាមេរិក ។ ព្រះករុណា​ព្រះមហាវីរៈក្សត្រ​ព្រះ​វរ រាជបិតា​ជាតិខ្មែរ និង​សម្តេចព្រះ​មហាក្សត្រី​យ៍​ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម កម្ពុជា ព្រះអង្គ​ទ្រង់​ព្រះ​រាជូបត្ថម្ភ​ព្រះរាជ​ទ្រព្យ​ចំនួន ២ ម៉ឺន​ដុល្លារ​អាមេរិក។

​ ការ​ប្រារព្ធ​ពិធី​ ទិវា​ពិភពលោក​ កាក​បាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ​ឧសភា ​ឆ្នាំ ២០១២​ នេះ​​​កាក​បាត​ក្រហម​កម្ពុជា​ទទួល​បានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរ​ដ្ឋាភិ​បាល ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ប្រតិភូ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ប្រចាំ ភូមិភាគ ប្រតិភូ​សហ​ព​ន្ធ័​អន្តរជាតិ​ប្រចាំ​ភូមិភាគ ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា គណៈ​ក​ម្មា​ធិ ការ​កណ្តាល​កាកបាទក្រហមកម្ពុជា តំណាង​អង្គទូត​នានា​ប្រចាំ​កម្ពុជា ឯកឧត្តម លោកជំទាវ លោក​ឧក​ញ្ញ៉ា អ្នកឧកញ៉ា អស់លោក លោកស្រី​ជា​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស អស់លោក លោកស្រី​តំណាង​អង្គ ការ​ក្រៅ​រដ្ឋាភិបាល សមាជិក​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា យុវជន​កាកបាទក្រហម​កម្ពុជា យុវជន កាយ​រិ​ទ្ធ មន្ត្រី​បុគ្គលិក ស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ព្រមទាំង​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ ។