Thursday, May 10, 2012

អង្គការ​ទស្សនៈ​ពិភព​លោក​នឹង​បន្ត​ធ្វើ​ជា​ដៃ​គូ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​


សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​បាន​ស្នើ​តាម​រយៈ​លោក KEVIN JENKINS ដែល​ជា​ប្រធាន​អង្គ​កា​​ទស្សនៈ​ពិភពលោក​ ដែល​ជាអង្គការ​មាន​វត្តមាន​មុនគេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បន្ទា​ប់ ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ​ពត ​បាន​ដួល​រលំ​ទៅ​នោះ​ ឲ្យ​បន្ត​ជួយ​និង​បន្ត​ធ្វើជា​ដៃគូ​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ថែមទៀត ​ព្រោះថា​ កម្ពុជា​នៅ ​តែ​ត្រូវការ​អង្គការ​នេះ ​បើ​ទោះ​បីជា​ស្ថានភាព​បច្ចុប្បន្ន​មាន​សភាព​ធូរស្រាល​ក៏​ដោយ​។​

​​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ ​ដឹងថា នៅពេល​អនុញ្ញាត​ឲ្យ លោក KEVIN JENKINS ប្រធាន​អង្គ​ការ​ទស្សនៈ​ពិភពលោក​ចូលជួប​សំដែង​ការគួរសម នៅ​វិមាន​សន្តិ ភាព កាលពី​ថ្ងៃទី ៧ ឧសភា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ទោះបីជា​ភាពក្រីក្រ​នៅ ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​កាត់បន្ថយ​ក៏ពិតមែន ក៏ប៉ុន្តែ​សុខភាព​របស់​ប្រជាជន​ក៏ដូចជា​កុមារ​កម្ពុជា នៅតែមាន​ភាពផុយស្រួយ​នៅឡើយ ដូច្នេះ​សម្តេច​បានស្នើ​ឲ្យ​អង្គការ​នេះ បន្ត​ជួយ​កម្ពុជា​លើ​វិស័យ​អប់ រំ ក៏ដូចជា​វិស័យ​សុខាភិបាល និង​បន្ត​ជា​ដៃគូ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ដល់​កុមារ និង​ប្រជា ជនកម្ពុជា​នោះ​។​សម្តេចតេជោនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ ចំពោះ​ជំនួយ​ទាំងឡាយ​ដែល​អង្គការ ទស្សនៈ​ពិភពលោក​បាន​ជួយ​ដល់​កម្ពុជា ជួយ​ដល់​ប្រជាជន​ក្រីក្រ និង​កុមារ​កម្ពុជា ដែល​កាយវិការ​នេះ គឺ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​ផង ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ធនធាន មនុស្ស​របស់​កម្ពុជា​ផងដែរ​។​

​លោក KEVIN JENKINS បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ថា អង្គការ​ទស្សនៈ​ពិភពលោក​ជា​អង្គ​ការដែល​ធ្វើការ​ជាមួយ​ប្រជាជន​ក្រីក្រ និង​កុមារ​នៅលើ​ពិភពលោក និង​នៅ​កម្ពុជា​ផងដែរ​។​លោក KEVIN JENKINS បាន​ថ្លែងថា អង្គការ​របស់​លោកមា​ន​សកម្មភាព​យ៉ាង​ល្អ នៅ​កម្ពុជា ដោយ​លោក​បាន​ជួប​ជាមួយ​កុមារ​ក្រីក្រ​កម្ពុជា និង​បាន​ស្វែងយល់​ពី​ការរីកចម្រើន និង​ការ អភិវឌ្ឍ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​កុមារ​ក្រីក្រ ផងដែរ​។​

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ ​ដឹងថា លោក KEVIN JENKINS មានប្រសាសន៍ថា អង្គការ​ទស្សនៈ​ពិភពលោក​មាន​កិត្តិយស​ណាស់ ដែល​បាន​ធ្វើជា​ដៃគូ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​អង្គការ​ទស្សនៈ​ពិភពលោក​នឹង​បន្ត​ធ្វើជា​ដៃគូ​ល្អ របស់​រាជរដ្ឋាភិបាល​ជា​បន្តទៅទៀត​៕​